Tuesday, July 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធដារ រកចំណូលបានជាង ២ពាន់លានដុល្លារ ចូលថវិកាជាតិ នៅឆមាសទី១ ឆ្នាំនេះ កើនឡើងជាង ៥%

ភ្នំពេញ៖ នៅឆមាសទី ១ឆ្នាំ ២០២៣នេះ ការប្រមូលចំណូលពន្ធ-អាករ របស់អគ្គនាយកដ្ឋានពន្ធដារ បានចំនួន ៨៣៩៣,១៧ពាន់លានរៀល (ប្រមាណជា ២០៧២,៣៩លានដុល្លារ) ស្មើនឹង ៥៨,០២% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

តួលេខនៃការប្រមូលចំណូលពន្ធចូលជាថវិការជាតិនេះ គឺមានការកើនឡើង ៥,១៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈកាលនោះប្រមូលចំណូលបាន ១,៩៧ពាន់លានដុល្លារ។ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានលើកឡើងថា តាមរយៈស្ថានភាពនៃចំណូលពន្ធ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ការអនុវត្តការងារគ្រប់គ្រងប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៤៦៥,៣៩ពាន់លានរៀល (ប្រមាណជា ៣៥៧១,៧០លានដុល្លារ)

ឯកឧត្តមបញ្ជាក់ថា កំណែទម្រង់ និងទំនើបកម្មពន្ធដារចាប់តាំងពីឆ្នាំ ២០១២ រហូតមក បានធ្វើឱ្យប្រព័ន្ធពន្ធដារមានភាពរឹងមាំ ហើយថ្នាក់ដឹកនាំ និងមន្ត្រីរាជការពន្ធដារគ្រប់លំដាប់ថ្នាក់ ខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតី បុរេសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តចូលរួមអនុវត្តការងារ កំណែទម្រង់និងទំនើបកម្មរដ្ឋបាលសារពើពន្ធ។

បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់លើចំណូលតាមសកម្មភាពសំខាន់ៗ មួយចំនួន មានការថយចុះ សម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣នេះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ក្នុងនោះ ផលិតផលភេសជ្ជៈ ថយចុះ ១២,៨៩% វិស័យអចលនវត្ថុ ថយចុះ ៣,៨៨% ហើយទន្ទឹមនឹងគ្នានោះ ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក៏បានថយចុះប្រមាណ ២៦,៨៣%។

ហើយដោយឡែក ការប្រមូលបំណុលពន្ធមានការថយចុះសម្រាប់រយៈពេល ៦ខែ ឆ្នាំ២០២៣ ពោលគឺធ្លាក់ចុះ១៩,០៣% ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២២។

ប៉ុន្តែទោះបីយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកពន្ធដារ បានលើកឡើងថា សម្រាប់ឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជា (GDP) ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើនក្នុងរង្វង់ ៥,៦% ហើយការប្រមូលចំណូលពន្ធដារ ត្រូវបានព្យាករថា នឹងសម្រេចបានក្នុងរង្វង់ ១០៥%៕

×