ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងគិតថ្លៃ ១.៦០០រៀល ក្នុង១គីឡូវ៉ាត់ម៉ោង លើសេវាបញ្ចូលថាមពលយានយន្តអគ្គិសនី ដែលអនុវត្តចាប់ពីថ្ងៃទី ១ខែសីហាតទៅ។ គិតត្រឹមខែមីនា ឆ្នាំ ២០២៣ ប្រទេសកម្ពុជា មានស្ថានីយបញ្ចូលថាមពលយានយន្ដអគ្គិសនីចំនួន ១៣កន្លែងនៅទូទាំងប្រទេស។ នៅរាជធានីភ្នំពេញ មានចំនួន ៩កន្លែង (នៅក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤កន្លែង) ខេត្តបាត់ដំបង ១កន្លែង, ខេត្តសៀមរាប ១កន្លែង, ក្រុងព្រះសីហនុ ១កន្លែង និងខេត្តមណ្ឌលគិរី ១កន្លែង។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើឡើងនៅថ្ងៃទី ២១ខែកក្កដា ឆ្នាំ ២០២៣ បានបញ្ជាក់ថា សាធារណជនដែលប្រើប្រាស់សេវាបញ្ចូលថាមពលយានយន្តអគ្គិសនី មេត្តាជ្រាបថា៖ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ តទៅ រាល់ការប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី ស្ថិតក្រោមការ គ្រប់គ្រង និងផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវគិតតម្លៃ ១.៦០០រៀល (មួយពាន់ ប្រាំមួយរយរៀល) ក្នុង១គីឡូវ៉ាត់ម៉ោង។

ក្រសួងសាធារណការ និងដឹកជញ្ជូន សង្ឃឹមយ៉ាងមុតមាំថា សាធារណជននឹងចូលរួមសហការអនុវត្តន៍តាមសេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់គោលនយោបាយ និងផែនការយុទ្ធសាស្រ្តចាំបាច់នានា ដើម្បីឈានទៅសម្រេចបាននូវការប្រើប្រាស់រថយន្តអគ្គិសនី ក្នុងអត្រា ៤០ភាយរយ និងទោចក្រ យានយន្តអគ្គិសនី ក្នុងអត្រា ៧០ភាគរយ នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ចំនួនយានយន្តអគ្គិសនី បានកើនឡើង ៧៣១គ្រឿង គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។ កំណើននៃការចុះបញ្ជីយានយន្តអគ្គិសនី ចំនួន៧៣១គ្រឿង ក្នុងនោះ រថយន្តមានចំនួន ៣៦៩គ្រឿង ត្រីចក្រយានយន្ត (ម៉ូតូកង់បី) មានចំនួន ៣៣៩គ្រឿង និងទោចក្រយានយន្តមានចំនួន ២៣គ្រឿង៕
