កណ្តាល៖ ធ្ងន់ធ្ងរហើយពេលនេះ ថៅកែក្រុមហ៊ុន មហារដ្ឋា ត្រេឌីង ដែលរកឃើញថាធ្វើអាជីវកម្មកាយអាចម៌ដីលក់អស់ជាច្រើនឆ្នាំ ដោយប្រើអាជ្ញាធរហួសសុពលភាព ត្រូវក្រសួងពិន័យជាប្រាក់សុទ្ឋ រហូតជា៣លានដុល្លារឯណោះ។

យោងតាមលិខិតលេខ៨០៤៧ សហវ លស ចុះហត្ថលេខាដោយ ឯកឧត្តម អូន ពន្ធ័មុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី០៨ សីហា ២០២៣កន្លងទៅនេះ បានជម្រាបជូន លោកប្រធានក្រុមហ៊ុន មហារដ្ឋា ត្រេឌីង ឱ្យធ្វើការបង់ប្រាក់ពិន័យចំនួន ៣.២៣៧.៨៥០,៦៦ដុល្លារ (បីលាន ពីររយសាមសិបប្រាំពីរពាន់ ប្រាំបីរយហាសិបដុល្លារ និងហុកសិបប្រាំមួយសេនអាមេរិក) លើបរិមាណអាចម៍ដី ដែលបានធ្វើអាជីវកម្មកាយលក់ ល្មើសច្បាប់ និងពុំបានបង់សួយសារចំនួន ១.០៣១.១៦២,៦៣ម៉ែត្រត្រីគុណ (មួយលាន សាបសិបមួយពាន់មួយរយហុកសិបពីរ ក្បៀស៦៣ម៉ែត្រត្រីគុណ)។ ដែល២.៩១៤.០៦៥,៥៩ដុល្លារ (ពីរលាន ប្រាំបួនរយដប់បួនពាន់ ហុកសិប្រាំដុល្លារ ហាសិបប្រាំបួនសេន អាមេរិកបង់ចូលថវិកាជាតិ និង៣២៣.៧៨៥,០៧ដុល្លារ (បីរយម្ភៃបីពាន់ ប្រាំពីរយប៉ែតសិបប្រាំដុល្លារនិងប្រាំពីរសេនអាមេរិក) បង់ចូលគណនី ក្រុមការងារទារបំណុលអន្តរក្រសួង។

ដោយ ទុកពេលឱ្យ៣០ថ្ងៃ ហើយបើមានការយឺតយ៉ាវត្រូវរងការពិន័យ២%នៃទឹកប្រាក់ដែលជំពាក់ជារៀងរាល់ខែ ប្រសិនបើក្រុមហ៊ុនមិនអនុវត្តតាម នឹងត្រូវបង្កកគណនីក្រុមហ៊ុន នៅគ្រប់ធនាគារទាំងអស់ ហាមឃាត់ការនាំចេញនាំចូល បង្កការផ្ទេរកម្មសិទ្ធិ ការធ្វើអំណោយ ផ្ទេរមរតក ហាមឃាត់ការចូលរួមដេញថ្លៃ ផ្អាកការផ្តល់ការអនុញ្ញាតវិនិយោគ ផ្អាកការសាងសង់ ហើយវិធីចុងក្រោយ គឺប្តឹងទៅតុលាការ។

សូមរម្លឹកថា កាលពីថ្ងៃទី២៦ ឧសភា ២០២៣កន្លងទៅ ក្រុមការងារចម្រុះ គណៈកម្មាធិការបង្រ្កាបបទល្មើស ការធ្វើអាជីវកម្មធនធានរ៉ែ ខេត្តកណ្តាល បានចុះត្រួតពិនិត្យការដ្ឋានរណ្តៅដីរបស់ក្រុមហ៊ុនខាងលើ ដែលមានថៅកែឈ្មោះ អ៊ុក រដ្ឋា ស្ថិតនៅក្នុងភូមិពុកឫស្សីកណ្តាល ឃុំពុកឫស្សី ស្រុកខ្សាច់កណ្តាល និងបានរកឃើញថា ការដ្ឋាននេះ បានធ្វើអាជីវកម្មលើអាជ្ញាបណ្ណ័ដែលហួសសុពលភាព តាំងឆ្នាំ២០១៨មកម្លេះ ហើយកាលណោះ មេការក្រុមហ៊ុនបានប្រើបក្សពួក បើករថយន្តមកពាំងផ្លូវក្រុមការងារថែមទៀតផង។ ក្រោយពីធ្វើការពិនិត្យ វាស់វែងរបស់ក្រុមការងារអន្តរក្រសួង ឃើញថា ក្រុមហ៊ុនបានជីកអាចម៍ដីលក់ ដោយមិនបានបង់សួយសារចូលរដ្ឋជាង ១លានម៉ែត្រត្រីគុណ ទើបក្រុមការងារ ធ្វើការគណនីនិងពិន័យទៅតាមច្បាប់។
ពាក់ព័ន្ឋករណីនេះលោក អ៊ុក រដ្ឋា ប្រធានក្រុមហ៊ុន មហារដ្ឋា ត្រេឌីង បានបញ្ជាក់តាមទូរសព្ទថា មកទល់បច្ចុប្បន្នលោកនៅមិនទាន់បានដឹង និងទទួលលិខិតពិន័យ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាផ្លូវការនៅឡើយទេ៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត









