ភ្នំពេញ ៖ យុវជនដែលជាអតីតនិស្សិតសកលវិទ្យាល័យភូមិន្ទកសិកម្ម និងសហការីស្ថាបនិកផ្សារខ្មែរនៅកម្ពុជា បានចូលជួបសម្តែងការគួរសម ជាមួយលោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងគោលបំណងបង្ហាញ ជូនពីរបកគំហើញ និងស្នើសុំនូវអនុសាសន៍ លើរបក គំហើញថ្មីៗនៃ “ម៉ាស៊ីនតេស្តិ៍រកសារធាតុគីមីផ្ទុកក្នុងបន្លែ សាច់ ផ្លែឈើ ដែលជាបចេ្ចកវិទ្យាទំនើប មានសារប្រយោជន៍ដល់វិស័យកសិកម្មនៅកម្ពុជា។ ជំនួបនេះ នាវេលាម៉ោងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះដែរ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងអំណរគុណ និងកោតសរសើក្រៃលែង ចំពោះការខិតខំប្រឹងប្រែង របស់អតីតក្រុមនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង ដែលបានសហការគ្នាសិក្សាស្រាវជ្រាវ និងរកឃើញនៅម៉ាស៊ីនដ៏មានសារប្រយោជន៍ខាងលើ មានសមត្ថភាពវាស់ដឹង នូវកម្រិតជាតិពុលថ្នាំសត្វល្អិត ជាង១.៧០០ប្រភេទ សារធាតុលោហៈធ្ងន់ភាគច្រើន ប្រើសម្រាប់ព្យាបាលជំងឺរុក្ខជាតិ និងថ្នាំហ្វកម៉ល ជាដើម។ របកគំហើញនេះ គឺជាសមត្ថផលថ្មីដំបូងគេបង្អស់ដែលផ្សារខ្មែរ បានរកឃើញសម្រាប់បម្រើ ជូនប្រជាជនកម្ពុជាទទួលបាននូវផលិតផល ដែលឆ្លងកាត់ការធ្វើតេស្ត ត្រួត ពិនិត្យត្រឹមត្រូវ និងតាមរយៈការតម្លើង នៅឧបករណ៍នៅលើទូរស័ព្ទដៃ (Mobile App) ភ្ជាប់ទៅនឹងប្រព័ន្ធកុំព្យូទ័រ ។
ជាមួយគ្នានេះដែរ ឧបករណ៍ធ្វើតេស្តិ៍នេះ ក៏អាចចូលរួមចំណែកលើកស្ទួយវិស័យកសិកម្មឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដែលជួយកសិករកម្ពុជា ឲ្យមានទីផ្សារកសិផលត្រឹមត្រូវ ព្រមទាំងផ្តល់ជូននូវការប្រឹក្សាលើបច្ចេកទេសដាំដុះតាមបែបទំនើបកម្ម តាមរយៈផ្តល់នូវការសិក្សាដី ការគណនាផ្ទៃដី តម្លើងប្រព័ន្ធស្រោចស្រព និងផ្តល់គ្រាប់ពូជជូនដល់កសិកររួចជាស្រេច និងលើកស្ទួយកសិកម្មប្រទេសកម្ពុជាឲ្យកាន់តែរីកចំរើន និងបង្កើនជីវភាពប្រជាជននៅកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោក ភុន រតនា បានស្នើសុំឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយផ្តល់នូវកិច្ចសហការ និងការលើកទឹកចិត្តលើរបកគំហើញថ្មីរបស់ផ្សារខ្មែរខ្លួន ដើម្បីជាទំនុកចិត្តដល់ផលិតករ អាជីវករ ក៏ដូចជាការជំរុញផលិតផលកសិកម្ម នៅតាមទីផ្សារបន្លែមានសុវត្ថិភាព និងធានាសុខមាលភាពប្រជាពលរដ្ឋ។
ឆ្លើយតបទៅនឹងសំណើរនេះ លោក វេង សាខុន បានបញ្ញាក់ថា នៅគ្រប់ផ្នែកពាក់ព័ន្ធ ដូចជា អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រដ្ឋបាលជលផល ជាពិសេស អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការគ្នាជាមួយសហគ្រិន ផ្សារខ្មែរនេះ ដើម្បីជួយលើកស្ទួយ និងកៀរគររកជំនួយឧបត្ថម្ភតាមរយៈគម្រោងផ្សេងៗតាមលទ្ធភាព ព្រមទាំងបង្កើតឲ្យមានការចេញវិញ្ញាបន បត្រ (Certificate )ទទួលស្គាល់គុណភាពផលិតផល និងការធ្វើតេស្តិ៍ផ្សេងៗទៀត របស់សហគមន៍ សហគ្រាសកសិកម្ម ក្នុងគោល បំណងកសាងសេចក្តីទុកចិត្តដល់អតិថិជនក្នុងការទិញមកបរិភោគ និងជួយគាំទ្រដល់ដំណើរការរបស់ក្រុមហ៊ុនតូចមួយនេះ ប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព៕ ដោយ ៖ បញ្ញាស័ក្តិ