Monday, November 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា រំពឹងថា នឹងអាចបើកទីផ្សារស្វាយឱ្យកាន់តែធំទូលំទូលាយទៅកាន់ប្រទេសកូរ៉េ

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានទទួលជួបពិភាក្សាការងារជាមួយលោក Chung Hwang-Keun រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការជនបទនៃសាធារណរដ្ឋកូរ៉េ។ ក្នុងជំនួបនោះឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ លោក ឆុង វ៉ាងគឺន (Chung Hwang-Keun) ដែលជារដ្ឋមន្ដ្រីដំបូងបង្អស់ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ឯកឧត្តម ឌិត ទីណា បានលើកឡើងជម្រាបជូនភាគីកូរ៉េអំពីការវិវត្តរបស់កម្ពុជា ដែលបានប្រែក្លាយពីប្រទេសខ្វះខាតស្បៀងបណ្តាលមកពីសង្គ្រាមស៊ីវិលផ្ទៃក្នុង មកជាប្រទេស ដែលមានសន្តិសុខស្បៀង និងនាំចេញស្បៀងទៅកាន់ទីផ្សារអន្តរជាតិទៀតផង។

ឯកឧត្តម  ក៏បានចូលរួមអបអរសាទរចំពោះការបើកទីផ្សារ K-Beef របស់កូរ៉េ ហើយជាមួយគ្នានេះដែរ កម្ពុជាសង្ឃឹមថា នឹងអាចបើកទីផ្សារស្វាយទៅកាន់ប្រទេសកូរ៉េឱ្យកាន់តែធំទូលំទូលាយបន្ថែមទៀត។

ឯកឧត្តមបានគូសបញ្ជាក់ទៅកាន់សមភាគីកូរ៉េថា ការប្រែប្រួលជាវិជ្ជមាននេះ មិនអាចសម្រេចបានទេ ប្រសិនបើគ្មានការរួបរួមជាតិ និងសន្តិភាព ដែលនាំទៅរកការអភិវឌ្ឍមួយដ៏ពិតប្រាកដ។ រដ្ឋមន្ដ្រីក្រសួងកសិកម្ម​ បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ចំពោះកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ជាពិសេសជំនួយរបស់រដ្ឋាភិបាលកូរ៉េមកដល់កម្ពុជានៅក្នុងវិស័យកសិកម្ម។

គួរបញ្ជាក់ថា សម្រាប់កិច្ចសហប្រតិបត្តិការបន្តនាពេលអនាគត រដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានស្នើដល់ភាគីកូរ៉េឲ្យជួយជំរុញបើកទីផ្សារផលិតផលកសិកម្មកម្ពុជា ទៅកាន់កូរ៉េ សម្រាប់ផលិតផលកសិកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ផងដែរ៕

×