Tuesday, November 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក មិនខ្វល់ពីចិនខឹង បន្ដផ្ដល់ជំនួយយោធាបន្ថែមទៅកាន់កោះតៃវ៉ាន់

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលវ៉ាស៊ីតោន និង ក្រុងប៉េកាំង នៅតែមិនត្រូវបានស្ដារឲ្យល្អប្រសើរឡើងវិញផងនោះ សហរដ្ឋអាមេរិក បែរបន្ដផ្ដល់ជំនួយយោធា ដោយផ្ទាល់ ទៅកាន់កោះតៃវ៉ាន់ ហើយសកម្មភាពបែបនេះ កាន់តែអុជបញ្ឆេះកំហឹងរបស់ចិន ឲ្យកាន់តែផ្ទុះខ្លាំងឡើង។

គេហទំព័ររបស់សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ថា ក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី៣០ ខែសីហា) ថា រដ្ឋបាលរបស់លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជំនួយយោធារបស់សហរដ្ឋអាមេរិក ដោយផ្ទាល់ជាលើកដំបូង សម្រាប់កោះតៃវ៉ាន់ ក្រោមកម្មវិធីជំនួយ ដែលមានគោលបំណង ជួយដល់រដ្ឋាភិបាលបរទេស ស្របពេលមានការព្រួយបារម្ភ កំពុងតែកើនឡើង ជុំវិញសកម្មភាពយោធារបស់ចិន។

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងដល់សភា កាលពីថ្ងៃអង្គារ (ទី២៩ ខែសីហា) ថា កញ្ចប់ជំនួយយោធា មានទំហំ៨០លានដុល្លារអាមេរិក គឺជាកញ្ចប់ថវិកាមានទំហំដ៏តូចមួយ បើធៀបនឹងការលក់គ្រឿងសព្វាវុធទៅឲ្យតៃវ៉ាន់ កាលពីពេលកន្លងទៅថ្មីៗនេះ។ ប៉ុន្តែនេះជាជំនួយលើកដំបូង ជួយដល់រដ្ឋាភិបាលក្រុងតៃប៉ិ ក្រោមកម្មវិធីហិរញ្ញប្បទានយោធាបរទេស ដែលជាទូទៅពាក់ព័ន្ធនឹងការផ្តល់ជំនួយ ឬ ប្រាក់កម្ចីដល់ប្រទេស មានអធិបតេយ្យភាព។

ការសម្រេចចិត្ដផ្ដល់ជំនួយរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ប្រាកដណាស់នឹងធ្វើឲ្យក្រុងប៉េកាំង ផ្ទុះកំហឹងកាន់តែខ្លាំងឡើង ព្រោះនៅក្នុងរយៈពេលប្រាំទសវត្សរ៍កន្លងមកនេះ សហរដ្ឋអាមេរិក បានទទួលស្គាល់ជាផ្លូវការតែរដ្ឋាភិបាលក្រុងប៉េកាំង តែមួយប៉ុណ្ណោះ ថ្វីបើក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ សភាបានតម្រូវឱ្យផ្គត់ផ្គង់អាវុធ ជួយដល់ដែនកោះ គ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ សម្រាប់ការពារខ្លួនយ៉ាងណាក៏ដោយ។

បើទោះជាយ៉ាងណា សហរដ្ឋអាមេរិក នៅតែផ្ដោតយ៉ាងសំខាន់ លើបញ្ហាសន្ដិភាព និង ស្ថិរភាព នៅក្នុងច្រកសមុទ្រតៃវ៉ាន់ ព្រោះវាមានសារៈសំខាន់យ៉ាងខ្លាំង លើផ្នែកសន្ដិសុខ និង វិបុលភាព ទាំងនៅក្នុងតំបន់ និង លើពិភពលោក។

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិក បានបញ្ជាក់ ថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ជឿ ថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កំពុងដើរចេញពីស្ថានភាពនាពេលច្ចុប្បន្ន ជុំវិញបញ្ហាកោះតៃវ៉ាន់ ថ្វីបើក្រុមអ្នកវិភាគអាមេរិក បានជជែកវែកញែក អំពីកម្រិតណាមួយ ទាំងការព្រួយបារម្ភខាងសេដ្ឋកិច្ចរបស់ចិន កាលពីពេលថ្មីៗនេះ និង ការតស៊ូរបស់រុស្ស៊ី ឈ្លានពានទៅលើប្រទេសអ៊ុយក្រែន នឹងត្រូវតែរារាំងក្រុងប៉េកាំង លុកលុយទៅលើដែនកោះមួយនេះ។

លោកប្រធានាធិបតី ចូ បៃដិន កាលពីខែកក្កដា ឆ្នាំ២០២៣ បានយល់ព្រមផ្តល់ជំនួយយោធាចំនួន៣៤៥លានដុល្លារ ទៅឲ្យកោះតៃវ៉ាន់ ដោយដកចេញពីឃ្លាំងស្តុកគ្រឿងសព្វាវុធរបស់សហរដ្ឋអាមេរិក ដោយយកតម្រុយតាមមធ្យោបាយមួយ សម្រាប់កិច្ចគាំទ្ររបស់ក្រុងវ៉ាស៊ីនតោន ជួយដល់ដល់អ៊ុយក្រែន ខណៈកំពុងតែប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។

បច្ចុប្បន្ន ប្រទេសអ៊ីស្រាអែល ក្លាយជាអ្នកទទួលហិរញ្ញប្បទានយោធាបរទេសច្រើនជាងគេ រហូតដល់ទៅជាង៣ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែអះអាង អំពីដែនអធិបតេយ្យភាពរបស់ចិន នៅលើកោះតៃវ៉ាន់។ បន្ថែមពីលើនេះ ក្រុងប៉េកាំង តែងតែចិញ្ចឹមចិត្ត អស់រយៈពេលជាយូរមកហើយ ដើម្បីប្រើប្រាស់កម្លាំងយោធា នៅថ្ងៃណាមួយ សម្រាប់ការដណ្ដើមកាន់កាប់ដែនកោះមួយនេះ យកមកដាក់ឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនវិញ ប្រសិនបើចាំបាច់។

ដោយឡែក រដ្ឋាភិបាលក្រុងតៃប៉ិរបស់លោកស្រី សៃ អ៊ីង-វ៉ិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ បានច្រានចោលនូវការអះអាងរបស់ក្រុងប៉េកាំង។ ក្រុងតៃប៉ិ បានអះអាង ថា មានតែប្រជាជនតៃវ៉ាន់ ប៉ុណ្ណោះ ទើបអាចសម្រេចជោគវាសនារបស់ខ្លួនបាន។

ជាមួយនឹងការដាក់សម្ពាធ កាន់តែកើនឡើងយ៉ាងខ្លាំង ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និង យោធា មកពីប្រទេសចិន ប្រឆាំងនឹងកោះតៃវ៉ាន់ នោះ ក្រុងតៃប៉ិ បានបង្កើននូវការទិញគ្រឿងសព្វាវុធ និង បង្កើននូវការផលិតមីស៊ីលទំនើបៗ នៅក្នុងស្រុក សម្រាប់ពង្រឹងដល់សមត្ថភាពការពាររបស់កងទ័ពតៃវ៉ាន់ ត្រូវត្រៀមខ្លួនទុកជាមុន ដើម្បីទប់ទល់ ប្រឆាំងនឹងការលុកលុយណាមួយរបស់កងទ័ពរំដោះប្រជាជនចិន។

លោក តារ៉ូ អាសូ (Taro Aso) អនុប្រធានគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងតែកាន់អំណាច នៅក្នុងប្រទេសជប៉ុន និង ធ្លាប់ធ្វើជានាយករដ្ឋមន្រ្ដីជប៉ុន ចន្លោះពីឆ្នាំ២០០៨ដល់ឆ្នាំ២០០៩ បានបញ្ជាក់ កាលពីដើមខែសីហា ថា បរិយាកាសសន្ដិសុខ កាន់តែតានតឹង នៅច្រកសមុទ្រតៃវ៉ាន់។ បញ្ហានេះ មានន័យ ថា ជប៉ុន សហរដ្ឋអាមេរិក និង បណ្ដាសម្ពន្ធមិត្ដផ្សេងៗទៀត ត្រូវតែបង្ហាញនូវការតាំងចិត្តយ៉ាងមុតមាំ ចូលការពារតៃវ៉ាន់ ប្រសិនបើដែនកោះមួយនេះ ត្រូវរងការវាយប្រហារ មកពីប្រទេសចិន៕រក្សាសិទ្ធដោយ ៖ សារាយSN

×