ភ្នំពេញ៖ ក្នុងឱកាសជួបសំណេះសំណាល់ជាមួយកម្មករ កម្មការិនី នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងឱ្យដឹងថា នាពេលខាងមុខ នឹងមានព្រះរាជក្រឹត្យថ្មីមួយ ស្តីពីការតែងតាំងតួនាទីជាទីប្រឹក្សា និងជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងតាមបណ្តាក្រសួងស្ថាប័ននានា ដោយមន្ត្រីរាជការស៉ីវិល និងកងកម្លាំងប្រដាប់អាវុធ ដែលត្រូវបានតែងតាំងជាទីប្រឹក្សា ឬជំនួយការ បើចង់យកតួនាទីទីប្រឹក្សាដែលមានឋានៈស្មើ ត្រូវដាក់ចុះការងារក្របខ័ណ្ឌដើម តែបើជ្រើសរើសយកការងារក្របខ័ណ្ឌដើម មិនត្រូវបានផ្តល់ឋានៈស្មើទៀតនោះទេ គឺទុកតែតួនាទីជាទីប្រឹក្សា ឬជំនួយការប៉ុណ្ណោះ ចំណែកអ្នកដែលមានគោរមងារ អ្នកឧកញ៉ា និងឧកញ៉ា ហើយត្រូវបានតែងតាំងជាទីប្រឹក្សា មិនអាចមានឋានៈស្មើនោះឡើយ។
នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងថា កន្លងទៅការផ្តល់តួនាទីជាទីប្រឹក្សា ឬជំនួយការធ្វើបានល្អហើយ ដើម្បីជាការលើកទឹកចិត្ត ប៉ុន្តែក៏មានបញ្ហាមួយចំនួន ដែលប៉ះពាល់ដល់ដំណើរការការងារ ដោយសារតែកន្លងមន្ត្រីរាជការខ្លះ មានតួនាទីត្រឹមអភិបាលរងខណ្ឌ តែឋានៈស្មើរដ្ឋមន្ត្រី ឬមន្ត្រីមានតួនាទីត្រឹមអនុការិយាល័យ ប៉ុន្តែមានឋានៈស្មើ អនុរដ្ឋលេខាធិការជាដើម តាមគោលការណ៍ការផ្តល់តួនាទីទីប្រឹក្សា ឬជំនួយការមានឋានៈនេះ មិនឱ្យមានការប៉ះពាល់ការងារក្នុងស្ថានប័ននោះទេ ប៉ុន្តែការអនុវត្តជាក់ស្តែងធ្វើឱ្យប៉ះពាល់អារម្មណ៍ និងការដឹកនាំបញ្ជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ណែត បានសុំការយោគយល់ដល់អ្នក ដែលមានតួនាទីជាទីប្រឹក្សា ឬជំនួយការ ដែលរាជរដ្ឋាភិបាលត្រូវតែការវះកាត់ ដើម្បីធានានូវការលើកទឹកចិត្ត ដោយមិនឱ្យប៉ះពាល់ផលប្រយោជន៍រួម។
ឯកឧត្តមនាយករដ្ឋមន្ត្រីបានថ្លែងថា ចំពោះមន្ត្រីរាជការស៉ីវិល មន្ត្រីនគរបាលជាតិ យោធិន ដែលកំពុងនៅក្នុងក្របខណ្ឌ ដែលកន្លងទៅអាចទទួលជាទីប្រឹក្សា ឬជំនួយការឋានៈស្មើនេះ ស្មើនោះ យើងសុំលុប ខ្ញុំសម្រេចយកជម្រើសឈ្នះឈ្នះ មន្ត្រីការតែងតាំងទីប្រឹក្សា និងជំនួយការរបស់នាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី ឬក្រសួងស្ថាប័ន អាចនៅបន្តធ្វើ ចំពោះមន្ត្រីរាជការស៉ីវិល កងកម្លាំងប្រដាប់អាវុធ ប៉ុន្តែគាត់មានជម្រើសពីរ បើគាត់ចង់បានងារជារដ្ឋលេខាធិការ ឋានៈស្មើ គាត់ត្រូវដាក់ក្រៅក្របខណ្ឌការងាររបស់គាត់ បានន័យថាគាត់លែង ប្រធាននាយករដ្ឋាន ឬតួនាទីក្នុងក្របខណ្ឌទៀតហើយ គាត់ត្រូវឡើងមកធ្វើទីប្រឹក្សាឋានៈស្មើរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការ តែបើគាត់ចង់រក្សាប្រអប់គាត់ សុំឱ្យគាត់យកតែទីប្រឹក្សាបានហើយ ដោយមិនមានឋានៈស្មើ។ អីចឹងនៅតែផ្តល់ឱកាលលើកទឹកចិត្តឱ្យគាត់នៅតែជាទីប្រឹក្សា ប៉ុន្តែសុំអត់មានឋានៈស្មើទៀតទេ។

ឯកឧត្តមបណ្ឌិតបន្ថែមថា ដោយឡែកចំពោះមន្ត្រីនយោបាយ ដែលមានតួនាទីក្នុងស្ថានប័នរួចហើយ ដូចជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អាចទទួលជាទីប្រឹក្សាថ្នាក់ដឹកនាំបន្ថែម ហើយអាចផ្តល់ជូននូវឋានៈស្មើបាន។ សម្រាប់អ្នកនៅក្នុងវិស័យឯកជន ដែលអ្នកខ្លះមានគោរមងារជាអ្នកឧកញ៉ា និងឧកញ៉ា ហើយត្រូវតែងតាំងជាទីប្រឹក្សា ឬជំនួយការ ក៏មិនអាចមានឋានៈស្មើនោះឡើយ។ ចំពោះអ្នកដែលទទួលបានការតែងតាំងរួចហើយ គឺទុករយៈពេល៦ខែជូន ដើម្បីឱ្យមន្ត្រីធ្វើការសម្រេចចិត្តផង និងផ្តល់ឱកាសជូនថ្នាក់ដឹកនាំ តាមក្រសួងស្ថាប័ននានា ធ្វើការវាយតម្លៃ និងសម្រេចចិត្តជូនយោបល់ផងដែរ។ សម្រាប់ដែលតែងតាំងថ្មី ត្រូវអនុវត្តន៍តាមព្រះរាជក្រឹត្យ ដែលនឹងត្រូវចេញនៅពេលខាងមុខនេះ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា បុគ្គលជាសមាជិកក្នុងក្រុមប្រឹក្សា ឬគ្រប់គ្រងក្រុមហ៊ុនឯកជន ឬបុគ្គលដែលទទួលបានគោរមងារ ឧកញ៉ា។ គាត់នៅតែអាចទទួលបានទីប្រឹក្សានាយករដ្ឋមន្ដ្រី ទីប្រឹក្សាក្រសួងការបរទេស ទីប្រឹក្សាក្រសួងមហាផ្ទៃ ទីប្រឹក្សាទេសរដ្ឋមន្ដ្រី ឧបនាយករដ្ឋមន្ដ្រី ប៉ុន្ដែសុំឲ្យគាត់មិនយកងារជារដ្ឋមន្ដ្រី ឬអ្វីនោះទេ ព្រោះគាត់មានគោរមងារឧកញ៉ាហើយ។

បើតាមប្រសាសន៍របស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ដ្រី គោលការណ៍ស្រដៀងគ្នានេះ សម្ដេចតេជោ ហ៊ុន សែន កន្លងទៅធ្លាប់ចេញគោលការណ៍នេះម្ដងហើយ ពាក់ព័ន្ធឧត្តមសេនីយ៍ នៅក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដោយមិនត្រូវឲ្យមានគោរមងារ ឧកញ៉ា ឬអ្នកឧកញ៉ានោះទេ ពោលមិនត្រូវឲ្យមានដាច់ខាតក្នុងករណីនេះ។ ប៉ុន្ដែបានផ្ដល់ជម្រើសឲ្យបុគ្គលអាចរើសយកគោរមងារ ឧកញ៉ា ឬ ឋានន្ដរស័ក្ដិក្នុងស្ថាប័នកងកម្លាំង។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជឿថា អាចនឹងប៉ះពាល់ដល់សតិអារម្មណ៍របស់អ្នកដែលមានគោរមងារ ឧកញ៉ា ហើយត្រូវបានតែងតាំងជាទីប្រឹក្សា ដោយមិនតម្រូវឲ្យមានឋានៈស្មើ ដើម្បីធានាឲ្យមានសុកតភាព ហើយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សុំទោសជាមួយចំពោះការសម្រេចចិត្តលើការងារនេះ ព្រោះដើម្បីឲ្យស្មើភាពគ្នាជាមួយមន្ដ្រីរាជការសាធារណៈ។ បើទោះកំណត់មិនឲ្យមានឋានៈស្មើក៏ពិតមែន ប៉ុន្ដែការតែងតាំងទីប្រឹក្សា នៅតាមស្ថាប័នណាមួយនោះ គឺបន្ដផ្ដល់ជូនដដែលដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងដែលបានចូលរួមចំណែកបម្រើជាតិ និងប្រជាជន ហើយក៏ជាការផ្ដល់កិត្តិយសផងដែរ។អ្នកដែលប្រកបរបរវិជ្ជាជីវៈសេរីផ្សេងទៀត ដូចជា វិស្វករ និងមេធាវីជាដើមនោះ ក៏ត្រូវបានកំណត់បែបនេះដូចគ្នា។ ចំណុចនេះក៏ផ្ដល់ជូននូវលក្ខខណ្ឌដូចគ្នា ប្រសិនបើអ្នកវិជ្ជាជីវៈសេរីប្រកបអាជីវកម្ម ឧទាហរណ៍ថា បើមេធាវី នៅបន្ដទទួលការពារក្ដី គឺសុំមិនឲ្យមានការតែងតាំងទីប្រឹក្សា ហើយមានឋានៈស្មើនោះទេ តែបើអ្នកមិនប្រកបវិជ្ជាជីវៈទេនោះ គឺអាចផ្ដល់ឋានៈស្មើបាន។សម្រាប់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធក៏ត្រូវកំណត់បែបនេះដូចគ្នា ក្នុងករណីទទួលបានការតែងតាំងជាទីប្រឹក្សាហើយនោះ មិនអាចផ្ដល់ឋានៈស្មើបានឡើយ។ លើកលែងតែមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធនោះ ត្រូវបានដាក់ឲ្យស្ថិតនៅក្រៅក្របខ័ណ្ឌប៉ុណ្ណោះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






