ភ្នំពេញ៖ កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធីនេះ និងធ្វើឡើងនៅតាមបណ្តារាជធានី-ខេត្ត ដែលរៀបចំឡើងដោយអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនភីធីធី ក្នុងគោលបំណងជួយជ្រោមជ្រែង ដើម្បីលើកកម្ពស់ផលិតផលខ្មែរ ជាផលិតផលលក្ខណៈគ្រួសារតូចៗ ព្រមទាំងលើកកម្ពស់ទីផ្សារក្នុងស្រុក និងផលប្រយោជន៍របស់សហគមន៍។
កិច្ចសហការជំរុញ និងបង្កើនការលក់ផលិតផលខ្មែរ នៅស្ថានីយប្រេងឥន្ធនៈភីធីធី តាមបណ្តារាជធានី-ខេត្ត ក្នុងរាជធានី-ខេត្តចំនួន១១ និងលក់តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១២។ ការដាក់លក់ផលិតផលខ្មែរនេះ គឺមានការដាក់តាំងលក់ផលិតផលដូចជា៖ អាហារសម្រន់ បង្អែម ផ្លែឈើតាមរដូវកាល វត្ថុអនុស្សាវរីយ៍ សម្ភារៈធ្វើដោយដៃ និងបន្លែ ត្រី សាច់ជាដើម។
គម្រោងនេះ នឹងត្រូវបន្តអនុវត្តចាប់ផ្ដើមរៀងរាល់ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខចាប់ពីម៉ោង ៨៖០០ព្រឹក ដល់ម៉ោង ១៧៖០០រសៀល រួមមាន ស្ថានីយប្រេងឥន្ធនៈភីធីធីព្រៃកី រាជធានីភ្នំពេញ, ស្ថានីយប្រេងឥន្ធនៈភីធីធីអូរចា ខេត្តបាត់ដំបង ស្ថានីយប្រេងឥន្ធនៈភីធីធីផ្ដៅជុំ២ (ស្គន់) ខេត្តកំពង់ចាម, ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់, ស្ថានីយប្រេងឥន្ធនៈភីធីធីឧត្ដុ និងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ស្ថានីយប្រេងឥន្ធនៈភីធីធីបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ ស្ថានីយប្រេងឥន្ធនៈភីធីធីក្រុងស្វាយរៀង ខេត្តស្វាយរៀង ស្ថានីយប្រេងឥន្ធនៈភីធីធីស្វាយអន្ទរ ខេត្តព្រៃវែង ស្ថានីយប្រេងឥន្ធនៈភីធីធីក្រចេះក្រុង ខេត្តក្រចេះស្ថានីយប្រេងឥន្ធនៈភីធីធីឃ្លាំងលើ ខេត្តព្រះសីហនុ និងនៅស្ថានីយប្រេងឥន្ធនៈភីធីធី ក្រុងស្ទឹងត្រែងជិតរង្វង់មូលថ្មីខេត្តស្ទឹងត្រែង។
សូមជម្រាបថា គម្រោងនេះ បានអនុវត្តដោយជោគជ័យ ក្នុងឆ្នាំ២០២២កន្លងមក និងដំណាក់កាលទី២ ក្នុងត្រីមាសទី១ ទី២ ឆ្នាំ២០២៣នេះ រួចមកហើយដែរ នៅរាជធានី-ខេត្តចំនួន១៦ តាមបណ្តាស្ថានីយប្រេងឥន្ធនៈភីធីធីចំនួន១៩៕