ភ្នំពេញ៖ កម្ពុជា រកចំណូលបានចំនួន ២៣,០៩១,៩៣១ ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ រយៈពេល៨ខែ ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៣ កើនឡើងជាង ៤០០ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ ២០២២ ដោយទទួលបានភ្ញៀវទេសចរបរទេសចំនួនសរុប ៤៩៨,៥១៣នាក់។
នៅខែសីហា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ២,៧៧៤,៥៨៦ដុល្លារអាមេរិក កើនឡើង ១៥៨ភាគរយ ដោយមានចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៥៩,១៤៨នាក់។
គួរបញ្ជាក់ថា បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ បានឲ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជា បានឧបត្ថម្ភមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៩៧,០២៦ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណទស្សនាជូនភ្ញៀវទេសចរបរទេស ចូលរមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារនៅកម្ពុជា៕