Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំកំពូលអាស៊ាន នឹងត្រួតពិនិត្យឡើងវិញ លើកិច្ចព្រមព្រៀងរបស់របបយោធាមីយ៉ាន់ម៉ា

រដ្ឋធានីហ្សាការតា៖ បណ្ដាមេដឹកនាំជាច្រើន នៅលើពិភពលោក នឹងអញ្ជើញទៅជួបជុំគ្នា នៅក្នុងឥណ្ឌូណេស៊ី ខណៈប្រទេសអាស៊ានមួយនេះកំពុងតែធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយកិច្ចប្រជុំនេះ អាចនឹងមានពិភាក្សាដ៏តានតឹងបំផុត ពាក់ព័ន្ធនឹងរឿងដ៏រសើបជាច្រើន។

សារព័ត៌មាន The Jakarta Post បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី៤ ខែកញ្ញា ថា ក្រុមរដ្ឋមន្រ្ដីការបរទេសរបស់អាស៊ាន បានជួបប្រជុំគ្នា នៅសប្ដាហ៍នេះ ស្ថិតក្នុងរដ្ឋធានីហ្សាការតា ដើម្បីពិភាក្សា អំពីបញ្ហាមីយ៉ាន់ម៉ា ក្រមសីលធម៌សមុទ្រចិនខាងត្បូង សេដ្ឋកិច្ចក្នុងតំបន់ ឧក្រិដ្ឋកម្មឆ្លងដែន និង បញ្ហាផ្សេងៗជាច្រើនទៀត។

មីយ៉ាន់ម៉ា ជាសមាជិករបស់អាស៊ាន ថ្វីបើមេដឹកនាំយោធារបស់ប្រទេសមួយនេះ ត្រូវបានដកចេញពីកិច្ចប្រជុំកំពូលរបស់អាស៊ាន ចាប់តាំងពីពួកឧត្ដមសេនីយ៍ បានធ្វើរដ្ឋប្រហារបណ្តេញរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ោង សានស៊ូជី (Aung San Suu Kyi) កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ សកម្មភាពរបស់ពួកយោធា បានបង្កឱ្យមានការប្រឆាំង ដោយហិង្សា ចំពោះការគ្រប់គ្រង ដោយពួកយោធា។

បណ្ដាមេដឹកនាំអាស៊ាន បានឯកភាពគ្នាលើផែនការសន្តិភាព ហើយវាជាមតិឯកភាព ចំនួន៥ចំណុច ដោយអំពាវនាវឱ្យបញ្ចប់នូវអំពើហិង្សា ហើយងាកមករកការសន្ទនាគ្នា នៅក្នុងចំណោមភាគីជម្លោះទាំងអស់។ បើទោះជាយ៉ាងនេះក្ដី ពួកឧត្ដមសេនីយ៍មីយ៉ាន់ម៉ា បានត្រឹមតែនិយាយ នៅលើបបូរមាត់តែប៉ុណ្ណោះ ហើយពួកគេក៏មិនបានអនុវត្ដអ្វីនោះឡើយ។

លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូណេស៊ី បានបញ្ជាក់ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ដោយសំអាងទៅលើផែនការទាំង៥ចំណុចនោះ ថា «បើតាមអាណត្តិរបស់មេដឹកនាំ យើងនឹងត្រូវតែពិនិត្យឡើងវិញ លើ«ការអនុវត្តដោយផ្ទាល់ទាំង៥ចំណុច និង រៀបចំអនុសាសន៍ សម្រាប់កិច្ចពិភាក្សារបស់មេដឹកនាំយើង»។

លោកស្រី ប្រមុខការទូតឥណ្ឌូណេស៊ី បានសង្កត់ធ្ងន់ ថា «អាស៊ាន អាចនឹងធ្វើដំណើរឆ្ពោះទៅមុខ ប្រកបដោយថាមពលដ៏ពេញលេញ ប្រសិនបើយើងអាចធានានូវសន្តិភាព និង មានដំណោះស្រាយយូរអង្វែង នៅមីយ៉ាន់ម៉ា»។

វិបត្តិរបស់មីយ៉ាន់ម៉ា បានក្លាយជាសំណួរ ចោទសួរឡើង អំពីប្រសិទ្ធភាព និង ការរួបរួមរបស់អាស៊ាន ដែលត្រូវបានបង្កើតឡើង នៅក្នុងអំឡុងសង្គ្រាមត្រជាក់ នាក្នុងទសវត្សរ៍ ឆ្នាំ១៩៦០។

អាស៊ាន បានបដំណើរការ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ក្រោមគោលការណ៍ ប្រកាន់យក មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក និង កិច្ចព្រមព្រៀងជាឯកច្ឆន្ទ។ ប៉ុន្តែបញ្ហានេះ កំពុងតែធ្វើឱ្យអាស៊ាន ប្រឈមនឹងការលំបាក លើការដោះស្រាយបញ្ហានានា ដូចជា ប្រទេសមីយ៉ាន់ម៉ា ព្រោះអាស៊ានមិនអាចដាក់សម្ពាធ លើពួកឧត្ដមសេនីយ៍យោធា ក្រៅអ្វីតែពីការរារាំងដល់ពួកគេ មិនឲ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួនតែប៉ុណ្ណោះ។

ឥណ្ឌូណេស៊ី ដែលបានជំរុញឱ្យមានការរួបរួមគ្នា ចំពេលមានការសង្ស័យ កាន់តែខ្លាំងឡើង អំពីភាពជឿជាក់របស់ប្លុកនេះ បាននិងកំពុងតែដឹកនាំកិច្ចខិតខំប្រឹងប្រែង នៅពីក្រោយឆាក ស្វែងរកដំណោះស្រាយ ចំពោះភាពចលាចល នៅមីយ៉ាន់ម៉ា។ ប៉ុន្តែសកម្មភាពទាំងនេះ បានបង្ហាញសញ្ញាតិចតួច សម្រាប់ការខិតខំប្រឹងប្រែងរបស់ខ្លួន។

មេដឹកនាំអាស៊ាន គ្រោងនឹងជួបប្រជុំគ្នា នៅក្នុងរដ្ឋធានីក្រុងហ្សាកាតា នៅក្នុងសប្តាហ៍នេះ រួមជាមួយនឹងមេដឹកនាំកំពូលៗ មកពីប្រទេសជាដៃគូ រួមមាន សហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និង ប្រទេសផ្សេងៗទៀត។

បើទោះជាយ៉ាងណា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ក៏នឹងមិនចូលរួម នៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាននេះទេ។ ប៉ុន្ដែលោកស្រី កាម៉ាឡា ហារីស (Kamala Harris) នឹងក្លាយជាអនុប្រធានាធិបតីអាមេរិកដើមកំណើតអាស៊ីលើកដំបូង នឹងចូលរួមកិច្ចប្រជុំនេះ។ ទន្ទឹមគ្នានេះ លោក លី គាង (Li Qiang) នាយករដ្ឋមន្រ្ដីចិន ក៏នឹងអញ្ជើញមកចូលរួមផងដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×