Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្សីចោទប្រកាន់អ៊ុយក្រែន ប្រើប្រាស់ដ្រូនរបស់អូស្ដ្រាលី វាយប្រហារលើទឹកដីរបស់ខ្លួន

រដ្ឋធានីមូស្គូ៖ នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ នៃសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន បាន និង កំពុងតែមានលទ្ធភាពយ៉ាងខ្លាំង វាយប្រហារចូលជ្រៅទៅលើទឹកដីរបស់រុស្ស៊ី ដោយបានបំផ្លិចបំផ្លាញយន្ដហោះដឹកជញ្ជូនយោធាធុនធ្ងន់ យន្ដហោះចម្បាំងយុទ្ធសាស្រ្ដ Tu-22 និង បានបំផ្លាញអគារផ្សេងៗទៀត ហើយឥឡូវនេះ មន្រ្ដីជាន់ខ្ពស់របស់ក្រុងមូស្គូ បានចោទប្រកាន់ដល់ក្រុងកៀវ ពីការប្រើប្រាស់ដ្រូនរបស់អូស្ដ្រាលី វាយប្រហារមកលើទឹកដីរបស់ខ្លួន។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ នៅថ្ងៃពុធ ទី៦ ខែកញ្ញា ថា រុស្ស៊ី បានអះអាង កាលពីថ្ងៃអង្គារ (ទី៥ ខែកញ្ញា) ថា អ៊ុយក្រែន កំពុងតែប្រើប្រាស់យន្ដហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់អូស្រ្ដាលី វាយប្រហារមកលើគោលដៅនានា នៅលើទឹកដីរបស់រុស្ស៊ី។ ដូច្នេះអូស្រ្ដាលី ត្រូវគេអូសទាញឲ្យធ្លាក់ចូលក្នុងជម្លោះ នៅអ៊ុយក្រែន។

លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ ថា «បើការពិតទៅ ដ្រូនរបស់អូស្ត្រាលី ត្រូវបានអ៊ុយក្រែន ប្រើប្រាស់វាយប្រហារគោលដៅនានា ស្ថិតក្នុងប្រទេសរុស្ស៊ី»។

លោកស្រី អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានឆ្លើយតបទៅនឹងសំណួរ អំពីរបាយការណ៍មួយ នៅលើទំព័រសារព័ត៌មាន Sydney Morning Herald (ស៊ីដនី ម័រនីង ហែរ៉លដ៍) កាលពីសប្តាហ៍មុន ថា អ៊ុយក្រែន បានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនរបស់អូស្ត្រាលី វាយប្រហារទៅលើអាកាសយានដ្ឋាន ស្ថិតក្នុងទីក្រុងឃើសខ៍ (Kursk) របស់រុស្ស៊ី។

លោកស្រី អ្នកនាំពាក្យ រូបនេះ បានចោទប្រកាន់ដល់អូស្ត្រាលី ថា «រដ្ឋាភិបាលក្រុងកង់បេរ៉ា បានចូលរួមយ៉ាងខ្លាំងក្លា នៅក្នុងយុទ្ធនាការប្រឆាំងនឹងរុស្ស៊ី ក្រោមការដឹកនាំរបស់ក្រុងវ៉ាស៊ីនតោន ខណៈប្រទេសមួយនេះ កំពុងតែព្យាយាមលាក់បាំង ពីមតិសាធារណៈ អំពីកាលៈទេសៈមិនអាចប្រកែកបាន ដោយបានបង្ហាញ ថា អូស្ត្រាលី កំពុងតែត្រូវបានអូសទាញឲ្យធ្លាក់ចូលទៅក្នុងជម្លោះ នៅអ៊ុយក្រែន»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×