Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា នឹងលក់ចេញប្រាក់ដុល្លារចំនួន ៥០លានដុល្លារ ដើម្បីអន្តរាគមន៍រក្សាតម្លៃប្រាក់រៀល

ភ្នំពេញ៖ ចាប់ពីថ្ងៃទី ៦ ដល់ ១៥ខែកញ្ញា ឆ្នាំ ២០២៣ ធនាគារជាតិនៃកម្ពុជា នឹងដាក់ដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៥០លានដុល្លារ ដែលយុទ្ធសាស្ត្រនៃការអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជា ខណៈតម្លៃប្រាក់ដុល្លារអាមេរិក ឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់នៅក្នុងមួយរយៈចុងក្រោយនេះ បើប្រៀបធៀបនឹងរូបិយប័ណ្ណផ្សេងៗ ក្នុងនោះ រួមទាំងប្រាក់រៀលរបស់កម្ពុជាផងដែរ។

យោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា បានចេញផ្សាយនៅថ្ងៃទី ៤ខែកញ្ញា ឆ្នាំ ២០២៣នេះ ដែលបានជូនដំណឹងដល់គ្រឹះស្ថានធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអាជីវករប្តូរប្រាក់ដែលមានអាជ្ញាបណ្ណទាំងអស់ អំពីការដាក់ឲ្យដេញថ្លៃប្រាក់ដុល្លារអាមេរិកចំនួន ៤លើក គឺចាប់ពីថ្ងៃទី ៦ដល់ថ្ងៃទី ១៥ខែកញ្ញា ក្នុងនោះរួមមាន៖ ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៣ ចំនួន ១០លានដុល្លារអាមេរិក។ ថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២៣ ចំនួន ១៥លានដុល្លារអាមេរិក។ ថ្ងៃទី ១៣ខែកញ្ញា ឆ្នាំ ២០២៣ ចំនួន ១០លានដុល្លារអាមេរិក។ ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៣ ចំនួន ១៥លានដុល្លារអាមេរិក។

ធនាគារជាតិនៃកម្ពុជា បានអះអាងកាលពេលថ្មីៗនេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិកបានកើនឡើង គួរឱ្យកត់សម្គាល់ ដែលមូលហេតុចម្បងគឺដោយសារកត្តារដូវកាល និងសម្ពាធនៃការឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកនៅលើទីផ្សារអន្តរជាតិ។

US dollars and riels. The NBC wants to stabilise exchange rates with an auction of dollars. KT/Pann RachanaPann Rachana

តាមធនាគារជាតិនៃកម្ពុជា អត្រាប្តូរប្រាក់ផ្លូវការសម្រាប់ថ្ងៃទី ៥ខែកញ្ញា ឆ្នាំ ២០២៣ គឺមានតម្លៃ ៤១៥៨រៀល ក្នុងមួយដុល្លារអាមេរិក។ គិតត្រឹមឆមាសទី ១ឆ្នាំ ២០២៣នេះ កម្ពុជា មានទុនបម្រុងអន្តរជាតិប្រមាណ ១៨,៤ពាន់លានដុល្លារអាមេរិក កើនឡើង ៣,២% បើធៀបនឹងចុងខែធ្នូ ឆ្នាំ ២០២២ ឬប្រមាណ ៧ខែនៃការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់។

ធនាគារជាតិនៃកម្ពុជាបន្តប្រកាន់យករបបអត្រាប្តូរប្រាក់អណ្ដែតមានការគ្រប់គ្រង ដែលអនុញ្ញាត ឱ្យអត្រាប្ដូរប្រាក់រៀលប្រែប្រួលក្នុងកម្រិតសមស្រប។ ក្នុងទិសដៅនេះ ធនាគារជាតិនៃកម្ពុជាត្រៀមខ្លួនចាត់វិធានការតាមការចាំបាច់ ដែលរួមមានការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឲ្យមានស្ថិរភាព៕

×