រដ្ឋធានីមូស្គូ៖ ចាប់តាំងពីក្រុងមូស្គូ បានលើកទ័ព ចូលលុកលុយ ទៅលើប្រទេសជិតខាងរបស់ខ្លួន ចក្រភពអង់គ្លេស បានក្លាយជាសម្ពន្ធមិត្តលោកខាងលិចដ៏ជិតស្និទ្ធបំផុតមួយរបស់អ៊ុយក្រែន ហើយបានជួយផ្ដល់គ្រឿងសព្វាវុធយ៉ាងច្រើន ដល់រដ្ឋាភិបាលក្រុងកៀវ ប៉ុន្ដែឥឡូវនេះ រុស្ស៊ី កំពុងតែប្រតិកម្មយ៉ាងខ្លាំង ប្រឆាំងនឹងសហរដ្ឋអាមេរិក បញ្ជូនអាវុធនុយក្លេអ៊ែរ ត្រឡប់ទៅកាន់ប្រទេសមហាអំណាចបស្ចិមលោកមួយនេះ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Al Arabiya News បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៦ ខែកញ្ញា ថា អ្នកនាំពាក្យ ក្រសួងការបរទេសរុស្សី បានអះអាង កាលពីថ្ងៃអង្គារ (ទី៥ ខែកញ្ញា) ថា រដ្ឋាភិបាលក្រុងមូស្គូ នឹងចាត់ទុក ថា ការបញ្ជូនអាវុធនុយក្លេអ៊ែរណាមួយរបស់អាមេរិក វិលត្រឡប់ទៅកាន់មូលដ្ឋាននានា នៅចក្រភពអង់គ្លេស នឹងក្លាយជាការបង្កើនជម្លោះ និង បង្កអស្ថិរភាព»។
លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova) អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ ថា «ការអនុវត្តបែបនេះ នឹងក្លាយជាការប្រឆាំងនឹងរុស្ស៊ី ដោយបើកចំហ ព្រោះសហរដ្ឋអាមេរិក នឹងផ្តល់សម្រាប់ការធ្វើផែនការរួមគ្នា និង លំហាត់ហ្វឹកហ្វឺនជាប្រចាំ សម្រាប់ការបញ្ជូនអាវុធមហាប្រល័យលោកភ្លាមៗ ដើម្បីវាយប្រហារ ចេញពីប្រទេសជាសមាជិករបស់អង្គការណាតូ ដែលជាអរិភាព ចំពោះយើង។ ពួកគេ អាចនឹងវាយប្រហារប្រឆាំងលើគោលដៅនានា នៅក្នុងប្រទេសរុស្ស៊ី ចេញពីទឹកដីរបស់ប្រទេសអឺរ៉ុប ដែលមិនមាននុយក្លេអ៊ែរ»។

លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា អ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ី បានសង្កត់ធ្ងន់ ថា «យើងនឹងបន្តទាមទារឱ្យប្រគល់អាវុធនុយក្លេអ៊ែរទាំងអស់របស់សហរដ្ឋអាមេរិក វិលត្រឡប់ទៅកាន់ទឹកដីរបស់សហរដ្ឋអាមេរិក វិញ ហើយបន្តលុបចោលហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងអនុញ្ញាតឱ្យអាវុធដ៏គ្រោះថ្នាក់ទាំងនោះ ត្រូវដាក់ពង្រាយយ៉ាងលឿនបំផុត នៅក្នុងទ្វីបអឺរ៉ុប»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី
















