រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមរបស់រដ្ឋាភិបាលក្រុងមូស្គូ នៅក្នុងប្រទេសអ៊ុយក្រែន កំពុងតែបន្ដវាយប្រយុទ្ធគ្នាយ៉ាងសាហាវ ស្វែងរកពន្លឺសន្ដិភាព មិនទាន់ឃើញនោះ រដ្ឋាភិបាលក្រុងកៀវ បានយកដៃម្ខាងទៀត ទៅច្បាំងនឹងអំពើពុករលួយ ហើយចុងក្រោយនេះ បានបណ្ដេញរដ្ឋមន្រ្ដីក្រសួងការពារជាតិ ចេញពីតំណែង និង តែងតាំងមុខតំណែងជនជាតិមូស្លីម ជាប្រមុខការពារជាតិថ្មី។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីថ្ងៃអង្គារ ទី៥ ខែកញ្ញា ថា លោក អូឡេកស៊ី រ៉េស្នីកូវ រដ្ឋមន្រ្ដីក្រសួងការពារជាតិអ៊ុយក្រែន បានបញ្ជាក់ កាលពីខែសីហា កន្លងទៅនេះ ថា គាត់នឹងចុះចេញពីតំណែង ប្រសិនបើអាវរងាយោធា ចំនួន ២៣៣ ០០០អាវ សម្រាប់កងទ័ព ដែលក្រសួងរបស់គាត់ រំពឹងនឹងទទួលបានពីប្រទេសតួកគី នឹងក្លាយទៅជាអាវខ្យល់។
សារព័ត៌មាន ZN.ua បានរាយការណ៍ ថា ក្រសួងការពារជាតិរបស់គាត់ បានចំណាយប្រាក់២០លានដុល្លារអាមេរិក លើអាវរងារខ្យល់ ហើយបានចំណាយលើសតម្លៃទីផ្សារ។

ក្រុមអ្នកជំនាញ និង មន្រ្ដីយោធាអ៊ុយក្រែន បានប្រាប់ដល់ Al Jazeera ថា របាយការណ៍នេះ បានបញ្ឆេះរឿងអាស្រូវមួយទៀត នៅក្នុងវិស័យយោធា ដែលអំពើពុករលួយបានកើតមានយ៉ាងរាលដាល ជាពិសេស នៅក្នុងកិច្ចសន្យាលទ្ធកម្មមិនមានតម្លាភាព និង ជាកន្លែងមានទម្រង់អំពើពុករលួយថ្មី បានលេចឡើង ក្រោយការលុកលុយរបស់រុស្ស៊ី។
លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានបណ្ដេញរដ្ឋមន្រ្ដីក្រសួងការពារជាតិ លោក រ៉េស្នីកូវ ចេញពីតំណែង ហើយតែងតែលោក រូស្ដែម អ៊ុយមេរ៉ូវ (Rustem Umerov) ជាអ្នកមានដើមកំណើតមកពីសហគមន៍មូស្លូតាតា (Tatar) រស់នៅឧបទ្វីបគ្រីមៀ ជាប្រមុខការពារជាតិ៕ រក្សាសិទ្ធដោយ ៖ សារាយSN












