Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកជំនន់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​ធូរស្រាល​បន្តិច ប៉ុន្តែ​ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាង​គំហុក ទៅកាន់​ផ្នែក​ខាងក្រោម តាម​ស្ទឹង​ព្រែក​ត្នោត និង​កំពុង​គម្រាមកំហែង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​

​ភ្នំពេញ ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃ​ទី​២១​ខែកក្កដា​នេះ បាន​ចេញ​ផ្សាយ​នូវ​ស្ថានភាព​ទឹកជំនន់ នៅតាម​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​ដែល​កំពុង​រង​នូវ​ការ​ជន់​លិច​ដោយ​ទឹកជំនន់ ដែល​បង្ក​ឲ្យមាន​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ សត្វ ដំណាំ​ស្រូវ ផងដែរ​ជាពិសេស ទឹកជំនន់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ធូរស្រាល​បន្តិច ប៉ុន្តែ​ពេល​នេះ ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាងគំហុក ទៅកាន់​ផ្នែក​ខាងក្រោម​តាម​ស្ទឹង​ព្រែក​ត្នោត និង​កំពុង​គម្រាមកំហែង រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​។

​ក្រសួង​ធនធានទឹក បានបញ្ជាក់​ថា ៖

១)​ទ្វារ​ទឹក ចំនួន ៤ នៃ​ទ្វារ​ទឹក​សរុប​ចំនួន ៦ របស់​អាងទឹក​ខ្ពប​ត្របែក ស្ថិតក្នុង​ស្រុក​ត្រាំកក់​ខេត្ត​តាកែវ ត្រូវ​បាន​បិទ​ទាំងស្រុង​វិញ​ហើយ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ បន្ទាប់​ពី​ទឹក​ក្នុង​អាង​បា​នស្រក​ចុះ ១,១៥​ម៉ែត្រ (​ធៀប​កម្ពស់​ទឹក​កើនឡើង​អតិបរមា កាលពី​ថ្ងៃ​ទី ១៨) ។

២)​ទិដ្ឋភាព​ចុះ​អ័ព្ទ​ក្រាស់​នៅ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ នេះ ។

៣)​ស្ថានភាព​ទឹកជំនន់​ព្រែក​ស្រែអំបិល ខេត្ត​កោះកុង ៖ មកដល់​ព្រឹក​ថ្ងៃទី ២១ ​ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹកជំនន់​ព្រែក​ស្រែអំបិល ស្រុក​ស្រែអំបិល ផ្នែក​ខាងលើ (​ភូមិ​បាក់​អង្រុត ឃុំ​ដង​ពែ​ង​) បាន​បន្ត​ស្រក​ចុះ ០,២០​ម៉ែត្រ បន្ថែមទៀត បើ​ធៀប​នឹង​កម្ពស់​ទឹក​ម្សិលមិញ ។ ដោយឡែក​នៅ​ផ្នែក​ខាងក្រោម (​ទីប្រជុំជន​ផ្សារ​ក្រោម ឃុំ​ស្រែអំបិល​) ​ទឹក​បាន​ចាប់​ស្រក​ចុះ ០,១០ ម៉ែត្រ វិញ​ហើយ ។

៤)​ស្ថានភាព​ទឹកជំនន់​នៅក្នុង​ខេត្ត​កំពត ៖ មកដល់​ព្រឹក​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៨​នេះ ស្ថាន​ភាព​ទឹកជំនន់​នៅក្នុង​ខេត្ត​កំពត បាន​ធូរស្រាល​ជា​បណ្តើរៗ​ហើយ ក្នុងនោះ ទឹក​ព្រែក​កំពង់បាយ បាន​បន្ត​ស្រក​ចុះ ០,៣៦ ម៉ែត្រ ​បើ​ធៀប​នឹង​ថ្ងៃ​ម្សិលមិញ ។ ទឹក​នៅ​តាម​បណ្តា​ព្រែក ស្ទឹង​ផ្សេងៗ​ទៀត ក៏​មាន​ការ​ស្រក​ចុះ​ព្រមៗ​គ្នា​ផង​ដែរ ។ ឯការ​ធ្លាក់ភ្លៀង ​ក៏​មាន​ការ​ថមថយ​ច្រើន ។

៥)​រសៀល​ថ្ងៃ​សុក្រ ទី ២០ ខែកក្កដា ឆ្នាំ ២០១៨ មន្ត្រី​ជំនាញ​តំណាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម ​និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះ​ពិនិត្យ និង​វាយតម្លៃ​ការងារ​កែលម្អ និង​ថែទាំ​ប្រចាំ នៅ​ប្រព័ន្ធ​ធារាសាស្ត្រ កណ្តាលស្ទឹង ។

៦)​ប្រព័ន្ធ​ធារាសាស្ត្រ កណ្តាលស្ទឹង មាន​ទីតាំង​លាតសន្ធឹង​នៅ​លើ​ភូមិសាស្ត្រ​មួយ​ផ្នែក​នៃ​ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ​និង​មួយ​ផ្នែក​ទៀត​នៃ​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្កាល ។ ប្រព័ន្ធ​នេះ ត្រូវបាន​សាងសង់​ឡើង ក្នុង​គោលបំណង​ប្រើប្រាស់​ជា​ប្រព័ន្ធ​គ្រប់គ្រង​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត​ផង កាត់បន្ថយ​ជំនន់​ដែល​គំរាមកំហែង​រាជធានី​ភ្នំពេញ​ផង និង​ជា​ប្រព័ន្ធធារាសាស្ត្រ ​ដែល​មាន​លទ្ធភាព​ស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា ចំនួន ៨.៤០០ ហិកតា និង​ស្រូវប្រាំង ចំនួន ១.០០០ ហិកតា ផង ។

៧)​ស្ថានភាព​ទឹកជំនន់​ព្រែក​ស្រែអំបិល ស្រុក​ស្រែអំបិល មក​ដល់​ល្ងាច​ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ ទឹក​នៅ​ផ្នែក​ខាងលើ (​ភូមិ​បាក់​អង្រុត ឃុំ​ដង​ពែ​ង​) បា​នស្រក​ចុះ​ប្រមាណ ០,១០ ម៉ែត្រ បើ​ធៀប​នឹង​កម្ពស់​ទឹក​ព្រឹក​មិញ ។ ដោយឡែក​ទឹក​នៅ​ផ្នែក​ខាងក្រោម (​ទីប្រជុំជន​ផ្សារ​ក្រោម ឃុំ​ស្រែអំបិល​) ទឹក​នៅ​នឹងថ្កល់​បើ​ធៀប​នឹង​កម្ពស់​ទឹក​ព្រឹក​មិញ ។ សូម​បញ្ជាក់​ផង​ដែរ​ថា ​នៅក្នុង​ភូមិសាស្ត្រ​ស្រុក​ស្រែអំបិល គិត​ចាប់ពី​ម៉ោង​ប្រមាណ ៩ ព្រឹក មក​ដល់​វេលា​ល្ងាច​នេះ ពុំទាន់​មាន​ភ្លៀង​ធ្លាក់​បន្ថែម​ទេ ។

៨)​ទ្វារ​ទឹក​រលាំង​ជ្រៃ ត្រូវ​បាន​ទម្លាក់​ចុះ​មួយកម្រិត​បន្ថែមទៀត ៖ នៅ​ម៉ោង ៣:៣០ នាទី​រសៀល ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០១៨ នេះ​លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជា​ឲ្យ​ក្រុមការងារ ទំលាក់​ទ្វារ​ទឹក​រលាំង​ជ្រៃ ចំនួន ២ ទ្វារ​ចុះ​បន្ថែម ចំនួន ១ ម៉ែត្រ ទៀត ។ ដូចនេះ ទ្វារ​ទឹក​រលាំង​ជ្រៃ ចំនួន ២ ទ្វារ ត្រូវ​បាន​ទម្លាក់​ចុះ​បាន ចំនួន ៣ ម៉ែត្រ ​បន្ទាប់​ពី​ស្ថានភាព​ទឹក​ជំនន់​នៅ​ផ្នែក​ខាងលើ មាន​សភាព​កាន់តែ​ធូរស្រាល ។​

សូម​ជម្រាប​ផងដែរ​ថា ទ្វារ​ទឹក​រលាំង​ជ្រៃ មាន​សរុប​ចំនួន ៥ ទ្វារ ដោយ​ទ្វារ​នី​មួយៗ​មាន​ទទឹង ១២ ម៉ែត្រ និង​កម្ពស់ ៧ ម៉ែត្រ ។​
​មន្ត្រី​បច្ចេកទេស​ក្រសួង​ធនធានទឹក និង​ឧតុនិយម កំពុង​អន្តរាគមន៍​ទប់ទល់​នឹង​ជំនន់​ស្ទឹង​ព្រែក​ត្នោត នៅ​ចំណុច​សង្កាត់​ព្រៃវែង ខណ្ឌដង្កោ ​ដើម្បី​ការពារ​កុំឱ្យ​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ហូរ​ចូល​រាជធានី​ភ្នំពេញ ។​

​នៅ​រសៀល​ថ្ងៃ​សុក្រ ទី ២០ ខែកក្កដា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយមកំពុង​ដឹកនាំ​កម្លាំង​ទប់ទល់ ជាមួយនឹង​ទឹកជំនន់​ស្ទឹង​ព្រែក​ត្នោត ដើម្បី​ការពារ​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ។​

​សូម​បញ្ជាក់​ជូន​ថា ទោះបីជា​ទឹកជំនន់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​បាន​ធូរស្រាល​បន្តិច ប៉ុន្តែ​ពេល​នេះ ទឹក​កំពុង​ហូរ​ធ្លាក់​យ៉ាងគំហុក​ទៅកាន់​ផ្នែក​ខាងក្រោម តាម​ស្ទឹង​ព្រែក​ត្នោត និង​កំពុង​គម្រាមកំហែង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ។ ចំពោះមុខ​បញ្ហា​នេះ ​លោក​រដ្ឋមន្ត្រី​បាន​ដឹកនាំ​កម្លាំង​ផ្ទាល់ ចុះ​ទប់ទល់​ជាមួយនឹង​ទឹកជំនន់​នៅតាម​ទំនប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ​ដើម្បី​ការពារ​កុំឱ្យ​មាន​ការហូរ​ច្រោះ លិច​ចូល​តំបន់​ទំនាប​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល ។​

​ក្នុង​ឱកាស​នេះ​ដែរ លោក​រដ្ឋមន្ត្រី បាន​រៀបចំ​ឱ្យមាន​ក្រុម​ប្រចាំការ ២៤​ម៉ោង លើ ២៤ ម៉ោង សម្រាប់​ប្រចាំការ និង​តាមដាន​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ ។ លោក​រដ្ឋមន្ត្រី បានបញ្ជាក់​ថា កម្សួល​ទឹក​នេះ ត្រូវការ​រយៈពេល​ប្រមាណ ១០-១២​ម៉ោង​ទៀត ទើប​បាន​ធូរស្រាល​ទៅវិញ ។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​ចេញ​ផ្សាយ​នូវ​ព្រឹត្តិបត្រ​ព័ត៌មាន និង​ព្យាករណ៍​កម្ពស់​ទឹកជំនន់ សម្រាប់​ថ្ងៃ​ទី ២១ ខែកក្កដា ឆ្នាំ ២០១៨ ៖​

   

​ដោយ​៖​បញ្ញា​ស័ក្តិ​

×