Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន ហាមឃាត់មន្រ្ដីរដ្ឋាភិបាលប្រើប្រាស់អាយហ្វូន សម្រាប់ការងារ

រដ្ឋធានីប៉េកាំង៖ ដោយសារតែទំនាក់ទំនងការទូត រវាងរដ្ឋាភិបាលក្រុងប៉េកាំង និង ក្រុងវ៉ាស៊ីនតោន កាន់តែតានតឹងខ្លាំងឡើង ទើបឥឡូវនេះ ចិន បានហាមឃាត់ដល់ទីភ្នាក់ងាររដ្ឋាភិបាលកណ្ដាល ប្រើប្រាស់ទូរស័ព្ទរបស់បរទេស ឬ នាំចូលមកពីសហរដ្ឋអាមេរិក។

សារព័ត៌មាន Wall Street Journal (WSJ) បានរាយការណ៍ កាលពីថ្ងៃពុធ ទី៦ ខែកញ្ញា ដោយដកស្រង់ប្រភពពីអ្នកដឹងបញ្ហានេះ ថា ចិន បានបញ្ជាដល់ក្រុមមន្ត្រី នៃទីភ្នាក់ងាររដ្ឋាភិបាលកណ្តាល មិនឲ្យប្រើប្រាស់ iPhone របស់ក្រុមហ៊ុនអាមេរិក Apple និង ឧបករណ៍ដែលជាម៉ាករបស់បរទេសផ្សេងៗទៀត សម្រាប់ធ្វើការងារ ឬ នាំឧបករណ៍ទាំងនោះ ចូលទៅក្នុងការិយាល័យ។

បទបញ្ជាទាំងនេះ ត្រូវបានថ្នាក់លើដាក់ចេញ សម្រាប់បុគ្គលិករបស់ខ្លួន នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងទៅថ្មីៗនេះ។ ប៉ុន្ដែសកម្មភាពនេះ នៅមិនទាន់ច្បាស់ ថា នឹងត្រូវអនុវត្ដយ៉ាងទូលំទូលាយប៉ុនណានោះដែរ។

បម្រាមលើការប្រើប្រាស់ iPhone សម្រាប់មន្រ្ដីរដ្ឋាភិបាលចិន នេះ បានកើតឡើង នៅមុនព្រឹត្តិការណ៍ Apple នៅសប្តាហ៍ក្រោយ។ រីឯក្រុមអ្នកវិភាគ ជឿថា ព្រឹត្ដិការណ៍ Apple នឹងនិយាយ អំពីការចេញលក់ iPhone ស៊េរីថ្មី ហើយវាអាចបង្កឱ្យមានការព្រួយបារម្ភ នៅក្នុងចំណោមក្រុមហ៊ុនបរទេស ដែលកំពុងតែប្រតិបត្តិការ នៅក្នុងប្រទេសចិន ស្របពេលភាពតានតឹង រវាងចិន និង សហរដ្ឋអាមេរិក កំពុងតែកើនឡើង។

បើទោះជាយ៉ាងណា សេចក្ដីរាយការណ៍របស់សារព័ត៌មាន WSJ មិនបានបញ្ចេញឈ្មោះក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងៗទៀត ក្រៅពី Apple នោះឡើយ។ រីឯការិយាល័យព័ត៌មានរបស់ក្រុមហ៊ុន Apple និង ការិយាល័យព័ត៌មានរបស់ក្រុមប្រឹក្សារដ្ឋចិន ក៏មិនបានឆ្លើយតាមភ្លាមៗជាមួយនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ នៅក្នុងនាមរដ្ឋាភិបាលចិន នោះទេ។

អស់រយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ ប្រទេសចិន បាន និង កំពុងស្វែងតែរកការកាត់បន្ថយនូវការពឹងផ្អែក លើបច្ចេកវិទ្យាបរទេស ដោយស្នើឱ្យក្រុមហ៊ុនពាក់ព័ន្ធរបស់រដ្ឋ ក៏ដូចជាធនាគារប្តូរទៅជាកម្មវិធីក្នុងស្រុក និង លើកកម្ពស់ដល់ការផលិតបន្ទះឈីបក្នុងស្រុក។

ប្រទេសចិន កាលពីខែឧសភា បានជំរុញដល់សហគ្រាសរដ្ឋធំៗ (SOE) ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជំរុញខ្លួន ដើម្បីទទួលបាននូវការពឹងផ្អែកលើខ្លួនឯង នៅក្នុងវិស័យបច្ចេកវិទ្យា ដោយបង្កើនភាគហ៊ុន នៅក្នុងការប្រណាំងប្រជែង ចំពេលមានជម្លោះ ជាមួយនឹងសហរដ្ឋអាមេរិក។

ភាពតានតឹង រវាងចិន និង សហរដ្ឋអាមេរិក បានកើនឡើងខ្ពស់ ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ធ្វើការជាមួយសម្ពន្ធមិត្តរបស់ខ្លួន រារាំងការចូលទៅកាន់ឧបករណ៍សំខាន់ៗ ដើម្បីរក្សានូវការប្រកួតប្រជែងឧស្សាហកម្មបន្ទះឈីបរបស់ខ្លួន។ ស្របគ្នានេះ ក្រុងប៉េកាំង បានដាក់កំហិតលើការនាំចេញពីក្រុមហ៊ុនល្បីៗរបស់សហរដ្ឋអាមេរិក រួមទាំង ក្រុមហ៊ុនផលិតយន្តហោះ Boeing និង ក្រុមហ៊ុនបន្ទះឈីប Micron Technology ផងដែរ។

លោកស្រី ហ្គីណា រ៉េម៉ុនដូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបញ្ជាក់ ក្នុងអំឡុងដំណើរទស្សនកិច្ច នៅក្នុងប្រទេសចិន កាលពីសប្តាហ៍មុន ថា ក្រុមហ៊ុនអាមេរិក បានត្អូញត្អែរ មកលោកស្រី ថា ប្រទេសចិន បានក្លាយទៅជាទី«មិនអាចវិនិយោគបាន»។ ពួកគេបានចង្អុលទៅការផាកពិន័យ ការវាយឆ្មក់ និង សកម្មភាពផ្សេងៗទៀត ដែលធ្វើឱ្យការរកស៊ី នឹងមានហានិភ័យ សម្រាប់ការធ្វើអាជីវកម្ម នៅក្នុងប្រទេសមហាសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក។

ដោយឡែក ការរឹតបន្តឹងចុងក្រោយបំផុតរបស់ប្រទេសចិន កំពុងតែឆ្លុះបញ្ចាំង អំពីការហាមឃាត់ស្រដៀងគ្នា ត្រូវបានធ្វើឡើង នៅឯសហរដ្ឋអាមេរិក ប្រឆាំងនឹងក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Huawei Technologies និង បណ្ដាញសង្គមវីដេអូ TikTok ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន ByteDance (បាយដានស៍)។ ប្រទេសចិន ក្លាយជាទីផ្សារដ៏ធំបំផុតមួយរបស់ Apple និង បានបង្កើតប្រាក់ចំណូលរបស់ក្រុមហ៊ុនមួយនេះ ជិតមួយភាគប្រាំ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×