រដ្ឋធានីហ្សាការតា៖ សហរដ្ឋអាមេរិក បានចងសម្ពន្ធមិត្តជាច្រើន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ស្របពេលស្ថានការណ៍នៅក្នុងតំបន់ កំពុងតែឡើងកម្ដៅ ហើយសកម្មភាពបែបនេះ ធ្វើឲ្យក្រុងប៉េកាំង មានការព្រួយបារម្ភយ៉ាងខ្លាំង មិនខុសពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន មកបង្កើតប្លុករបស់ខ្លួន នៅនឹងមាត់ទ្វាររបស់ចិននោះឡើយ រហូតធ្វើឲ្យនាយករដ្ឋមន្រ្ដីរបស់ប្រទេសមហាយក្សអាស៊ីមួយនេះ ជំរុញឲ្យបញ្ចៀសសង្គ្រាមត្រជាក់។

សារព័ត៌មាន The Guadian បានចេញផ្សាយ កាលពីថ្ងៃពុធ ទី៦ ខែកញ្ញា ថា លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីចិន បានថ្លែង កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) ថា បណ្ដាប្រទេសមហាអំណាច «ត្រូវតែតែបញ្ចៀស កុំឲ្យសង្គ្រាមត្រជាក់កើតឡើងជាថ្មី»។ ការថ្លែងរបស់មេដឹកនាំចិន ហាក់បីកំពុងតែនិយាយសំដៅទៅកាន់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ស្របពេលក្រុមមន្ត្រីកំពូលអាស៊ី និង សហរដ្ឋអាមេរិក កំពុងតែពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំកំពូលរបស់អាស៊ាន នៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
រដ្ឋាភិបាលក្រុងប៉េកាំង បានបង្ហាញ អំពីការព្រួយបារម្ភ ចំពោះប្លុក គាំទ្រដោយសារសហរដ្ឋអាមេរិក ដែលបានបង្កើតនៅនឹងមាត់ទ្វាររបស់ចិន ស្របពេលកំពុងតែប្រឈមមុខនឹងជម្លោះជាមួយមហាអំណាចផ្សេងៗទៀត នៅក្នុងតំបន់ ពាក់ព័ន្ធនឹងបញ្ហាសមុទ្រចិនខាងត្បូង និង បញ្ហាជាច្រើនទៀត។

លោកនាយករដ្ឋមន្រ្ដី លី ឈាង បានថ្លែង នៅក្នុងពេលចាប់ផ្តើមកិច្ចប្រជុំអាស៊ានបូកបី ជាមួយប្រទេសជប៉ុន និង កូរ៉េខាងត្បូង នៅក្នុងរដ្ឋធានីហ្សាការតា ថា «ការខ្វែងគំនិតគ្នា និង ជម្លោះអាចនឹងកើតឡើង រវាងប្រទេសជាច្រើន ព្រោះតែការយល់ខុស ការបង្វែរផលប្រយោជន៍ ឬការជ្រៀតជ្រែក មកពីខាងក្រៅ។ ប៉ុន្ដែបណ្ដាប្រទេសមហាអំណាចទាំងអស់ ត្រូវតែរក្សានូវការខ្វែងគំនិតគ្នា ឱ្យស្ថិតក្រោមការគ្រប់គ្រង ហើយអ្វីដែលចាំបាច់ នាពេលនេះ គឺការប្រឆាំងនឹងការរើសអើង ប្រឆាំងនឹងការប្រឈមមុខដាក់គ្នា នៅក្នុងប្លុក ហើយប្រឆាំងនឹងសង្រ្គាមត្រជាក់ជាថ្មី»។
បណ្ដាប្រទេសចំនួន១០ ជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ហៅកាត់ អាស៊ាន) កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) កំពុងតែរៀបចំកិច្ចប្រជុំកំពូលដាច់ដោយឡែកពីគ្នា ជាមួយនឹងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និង កាណាដា ដោយបានផ្តល់នូវវេទិកាមួយ សម្រាប់មហាអំណាច ដើម្បីបញ្ចុះបញ្ចូលប្លុកនេះ និង គូប្រជែងរបស់ពួកគេឱ្យចូលរួម។

លោកស្រី កាម៉ាឡា ហារីស (Kamala Harris) អនុប្រធានាធិបតី បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ជំនួសលោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈលោក លី ឈាង នាយករដ្ឋមន្រ្ដីចិន បានចូលរួមប្រជុំជំនួសប្រធានាធិបតីចិន លោក ស៊ី ជិនពីង (Xi Jinping)។
ការអត្ថាធិប្បាយរបស់នាយករដ្ឋមន្រ្ដីចិន បានធ្វើឡើង បន្ទាប់ពីលោក លី សាងហ៊្វូ (Li Shangfu) រដ្ឋមន្ត្រីក្រសួងការពារជាតិចិន កាលពីខែមិថុនា បានព្រមានប្រឆាំងនឹងការបង្កើតសម្ពន្ធភាព ដូចជា អង្គការណាតូ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការរួមបញ្ចូល ជំនួសឱ្យក្រុមតូចៗ នៅឯកិច្ចសន្ទនា Shangri-La ស្ថិតក្នុងប្រទេសសិង្ហបុរី។
រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន បានដឹកនាំបង្កើតប្លុក AUKUS (អកឃើស) ជាកតិកាសន្ដិសុខត្រីភាគី រួមមាន អូស្រ្ដាលី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក ហើយប្លុក QUAD (ខ្វាដ) ជាកិច្ចសន្ទនាសន្ដិសុខចតុភាគី ដោយមានសមាជិក ចំនួន៤ រួមមាន អូស្រ្ដាលី ឥណ្ឌា ជប៉ុន និង សហរដ្ឋអាមេរិក។ ប្លុកសន្ដិសុខទាំងនេះ កំពុងតែធ្វើឲ្យចិន មានការព្រួយបារម្ភយ៉ាងខ្លាំង ស្របពេលស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង ខណៈសហរដ្ឋអាមេរិក បានអះអាង ពីការគំរាមកំហែងរបស់ក្រុងប៉េកាំង នៅក្នុងតំបន់៕ រក្សាសិទ្ធដោយ ៖ សារាយSN





