រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលប្រមុខការទូតសហរដ្ឋអាមេរិក កំពុងតែបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីកៀវ នោះ មន្ទីរបញ្ចកោណ បានសម្រេចផ្ដល់ជំនួយយោធាថ្មីបន្ថែម ដោយរួមទាំងគ្រាប់កាំភ្លើង ដែលជាកាកសំណល់អ៊ុយរ៉ាញ៉ូម ទៅដល់ប្រទេសអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ថា មន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី៦ ខែកញ្ញា) បានប្រកាស អំពីកញ្ចប់ជំនួយថ្មីរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីតោន មានទំហំទឹកប្រាក់ ១៧៥លានដុល្លារ សម្រាប់ជួយដល់អ៊ុយក្រែន។ នៅក្នុងកញ្ចប់ជំនួយទាំងនេះ រួមមាន គ្រាប់កាំភ្លើងផ្លោងដែលជាកាកអ៊ុយរ៉ាញ៉ូម សម្រាប់រថក្រោះ Abrams ។ នេះជាលើកជំនួយលើកដំបូងបំផុតរបស់សហរដ្ឋអាមេរិក បញ្ជូនគ្រាប់កាំភ្លើងផ្លោងដ៏ចម្រូងចម្រាស ជួយដល់រដ្ឋាភិបាលក្រុងកៀវ។

មន្ទីរបញ្ចកោណ បានឲ្យដឹង ថា ជំនួយយោធាថ្មីនេះ រាប់បញ្ចូលប្រព័ន្ធគ្រឿងសព្វាវុធ ប្រឆាំងនឹងរថក្រោះ ក៏ដូចជា គ្រាប់រំសេវបន្ថែម សម្រាប់ប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតចម្រុះ HIMARS ។ រីឯគ្រាប់កាំភ្លើងផ្លោង ដែលផលិតពីកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់រថក្រោះ Abrams ដែលអាមេរិក នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន សម្រាប់កម្ទេចរថក្រោះរបស់រុស្ស៉ី។

ការផ្ដល់កញ្ចប់យោធាថ្មី មានទំហំទឹកប្រាក់ ១៧៥លានដុល្លារ គឺត្រូវដកចេញពីកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ជាង១ពាន់លានដុល្លារ នឹងត្រូវប្រកាសផ្ដល់ឱ្យអ៊ុយក្រែន ដោយ លោក អេនតូនី ប៊្លីនខេន (Antony Blinken) រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នាអំឡុងបំពេញទស្សនកិច្ច ទៅកាន់រដ្ឋធានីកៀវ កាលពីថ្ងៃពុធ។ ក្រៅពីសហរដ្ឋអាមេរិក គឺចក្រភពអង់គ្លេស កាលពីដើមឆ្នាំ២០២៣ ក៏បានបញ្ជូនគ្រាប់កាំភ្លើងផ្លោង ដែលធ្វើពីកាកសំណល់សារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់អ៊ុយក្រែន ថ្វីបើមានការព្រមានពីរុស្ស៉ី យ៉ាងណាក្ដី៕ រក្សាសិទ្ធដោយ ៖ សារាយSN

















