Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ស្នើឲ្យអូស្ដ្រាលី សិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស ៧០ ដើម្បីធានាបាននូវទីផ្សារជាក់លាក់ សម្រាប់កសិករ

ភ្នំពេញ៖ ចំប៉ីស៧០ ជាពូជស្រូវធន់នឹងអាកាសធាតុ គ្រោះទឹកជំនន់ និងផ្តល់ផលបានលឿន ហើយច្រើន វាគឺជាពូជស្រូវដែលបង្កាត់ចេញពីពូជស្រូវផ្ការំដួល និងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣កន្លងទៅ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជានៅវិទ្យាស្ថានស្រាវជា្រវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI)។

ដើម្បីធានាបាននូវទីផ្សារជាក់លាក់ សម្រាប់កសិករដែលផលិតពូជស្រូវនេះនាពេលអនាគត ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្នើដល់ភាគីអូស្ដ្រាលី ពិនិត្យលទ្ធភាពសិក្សាអំពីខ្សែច្រវាក់ផលិតកម្មនៃពូជស្រូវចំប៉ីស៧០ ដែលការស្នើដល់អូស្ដ្រាលីនេះ ក្នុងជំនួបពិភាក្សារការងារជាមួយ ឯកឧត្តម ចាស្ទីន វ៉ាយអេត (Justin Whyatt) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

អូស្ត្រាលីសង្ឃឹមថា ប្រជាកសិករខ្មែរនឹងជ្រើសរើសពូជស្រូវចំប៉ីស៧០នេះ ដើម្បីផ្គត់ផ្គង់ដល់ទីផ្សារ និងជួយផលដល់សេដ្ឋកិច្ចកម្ពុជា។ ភាគីអូស្ត្រាលី ដែលមានកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា បាននិងកំពុងបន្តចូលរួមគាំទ្រ ក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា ជាពិសេសការអភិវឌ្ឍពូជស្រូវចំប៉ីស ៧០នេះ។ បើតាមរដ្ឋមន្រ្តីកសិកម្ម បានលើកឡើងថា ពូជស្រូវចំប៉ីស ៧០នេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងអូស្ត្រាលី ក្នុងវិស័យកសិកម្ម។

ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយអាទិភាពបន្ទាន់ចំនួន៦ ដែលក្នុងនោះ ក៏មានគោលនយោបាយទាក់ទងនឹងវិស័យកសិកម្ម ជាអាថិ៍ ដោយការដាក់ពង្រាយមន្ដ្រីកសិកម្មនៅតាមឃុំ ដែល​មានសកម្មភាពកសិកម្ម ដើម្បីជួយដល់កសិករ និងការពង្រឹងសហគមន៍កសិកម្ម។

គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងរយៈពេល ៧ខែ ឆ្នាំ២០៣ កម្ពុជាបាននាំចេញអង្ករចំនួន ៣៦២ ៧០៨តោន បានចំណូលជាង ២៥៣លានដុល្លារ ខណៈការនាំចេញស្រូវបានចំនួន ២.៤លានតោន ទទួលបានចំណូលជាង ៦៦៣លានដុល្លារ៕

×