Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូ បៃដិន ទៅជាន់ទឹកដីវៀតណាម បង្កើនឥទ្ធិពលអាមេរិក ទប់ទល់អំណាចចិន

រដ្ឋធានីហាណូយ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើដំណើរមកកាន់ប្រទេសវៀតណាម ចំពេលមានភាពតានតឹង កំពុងតែកើនឡើងយ៉ាងខ្លាំង នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយសកម្មភាពបែបនេះ ត្រូវបានក្រុមអ្នកវិភាគជាច្រើន យល់ឃើញ ថា លោក បៃដិន ចង់ប្រើប្រាស់ឥទ្ធិពលរបស់ក្រុងវ៉ាស៊ីនតោន ទប់ទល់នឹងការពង្រីកអំណាចរបស់ចិន នៅក្នុងតំបន់។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី៩ ខែកញ្ញា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក នឹងធ្វើដំណើរមកដល់ប្រទេសវៀតណាម នៅថ្ងៃអាទិត្យ (ថ្ងៃទី១០ ខែកញ្ញា) នៅក្នុងបេសកកម្ម ពង្រឹងឥទ្ធិពលរបស់ក្រុងវ៉ាស៊ីនតោន នៅក្នុងតំបន់។ ប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិក ចង់សង្កត់ធ្ងន់បំផុតនោះ គឺការប្រឆាំងនឹងការពង្រីកអំណាចរបស់ចិន ដែលជាគូប្រជែងរបស់ក្រុងវ៉ាស៊ីនតោន ហើយទំនងជានឹងបង្ខាំងនូវការព្រួយបារម្ភ អំពីកម្រិតសិទ្ធិមនុស្ស។

លោកប្រធានាធិបតី បៃដិន នឹងក្លាយជាមេដឹកនាំសហរដ្ឋអាមេរិកចុងក្រោយបង្អស់ នៅក្នុងឋានៈជាប្រធានាធិបតី និយាយមិនដាច់ពីមាត់ ធ្វើដំណើរមកជួបអតីតគូសត្រូវ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់តាំងពីលោកប្រធានាធិបតី ប៊ីល គ្លីនតុន (Bill Clinton) បានធ្វើដំណើរមកកាន់ប្រទេសវៀតណាម កាលពីអំឡុងឆ្នាំ២០០០។

គោលដៅជាចម្បង នឹងមានច្រើន ដូចគ្នានឹងពេលវេលារបស់លោកប្រធានាធិបតី បៃដិន នៅក្នុងកិច្ចប្រជុំកំពូល G20 ស្ថិតក្នុងរដ្ឋធានីញូវដេលី (New Delhi) ប្រទេសឥណ្ឌា នាសប្តាហ៍នេះ ដើម្បីគាំទ្រដល់ការប្រឆាំងនឹងឥទ្ធិពលរបស់ចិន ដែលកំពុងកើនឡើង នៅក្នុងតំបន់។
លោក ជេក ស៊ូលលីវ៉ាន់ (Jake Sullivan) ទីប្រឹក្សាសន្ដិសុខជាតិសហរដ្ឋអាមេរិក បានថ្លែងទៅកាន់សន្និសីទសារព័ត៌មាន នៅសប្ដាហ៍នេះ ថា «អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ សហរដ្ឋអាមេរិក និង វៀតណាម បានធ្វើការរួមគ្នាយកជ័យជម្នះ លើការដំណែលដ៏សែនឈឺចាប់ នៃសង្គ្រាមវៀតណាម»។

លោកទីប្រឹក្សាសេតវិមាន រូបនេះ បានថ្លែងដោយប្រើប្រាស់ពាក្យឥណ្ឌូ- ប៉ាស៊ីហ្វិក ថា «ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី បៃដិន ក្លាយជាជំហានដ៏គួរឱ្យកត់សម្គាល់មួយ នៅក្នុងការពង្រឹងទំនាក់ទំនងការទូតរបស់យើង ហើយវាឆ្លុះបញ្ចាំង អំពីតួនាទីឈានមុខគេ ខណៈវៀតណាម នឹងដើរតួនៅក្នុងបណ្តាញភាពជាដៃគូរបស់យើង ដែលកំពុងតែរីកចម្រើន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដូចអ្វីដែលយើងសម្លឹងមើលទៅថ្ងៃអនាគត»។

សេតវិមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ ថា នៅថ្ងៃអាទិត្យ (ទី១០ ខែកញ្ញា) ប្រធានាធិបតី វ័យ៨០ឆ្នាំ លោក ចូ បៃដិន នឹងជួបជាមួយនឹងប្រធានបក្សកុម្មុយនិស្ដវៀតណាម លោក ង្វៀន ហ៊្វូ ទ្រុង (Nguyen Phu Trong) ។ បន្ទាប់មក លោក ចូ បៃដិន នឹងជួបជាមួយប្រធានាធិបតីវៀតណាម លោក វ៉ូ វ៉ាន់ថួង (Vo Van Thuong) និង លោក ផា មីញជីញ (Minh Chinh) នាយករដ្ឋមន្រ្ដីវៀតណាម នៅថ្ងៃចន្ទ (ទី១១ ខែកញ្ញា)។

សហរដ្ឋអាមេរិក និង វៀតណាម បានបង្កើនទំនាក់ទំនងការទូតល្អប្រសើរឡើងវិញ ក្រោយការបញ្ចប់សង្គ្រាម អស់រយៈពេលជិត៥០ឆ្នាំកន្លងផុតទៅ ដែលបានធ្វើឲ្យជនជាតិវៀតណាម រាប់លាននាក់ និង ទាហានអាមេរិក ចំនួន ៥៨ ០០០នាក់ បាត់បង់ជីវិត នៅក្នុងសង្គ្រាមវៀតណាម។

មេដឹកនាំសហរដ្ឋអាមេរិក និង វៀតណាម ត្រូវបានគេរំពឹង ថា នឹងចុះហត្ថលេខា លើ«ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាទំនាក់ទំនងការទូត កម្រិតខ្ពស់បំផុតរបស់រដ្ឋាភិបាលក្រុងហាណូយ។

លោក ហ្គ្រេហ្គោរី ផូលីង (Gregory Poling) មន្រ្ដីនៃមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និង អន្តរជាតិ បានអះអាង ថា សម្រាប់វៀតណាម ក្លាយជាកន្លែងសម្រាប់ប្រទេសជាដៃគូ នៅក្នុងឋានានុក្រម នៃទំនាក់ទំនងការទូតដ៏មានសារៈសំខាន់។ បច្ចុប្បន្ន វៀតណាម មានទំនាក់ទំនងការទូត នៅក្នុងកម្រិតដូចគ្នានេះ ជាមួយនឹងរុស្ស៊ី ឥណ្ឌា កូរ៉េខាងត្បូង និង ចិន។ ប៉ុន្ដែបញ្ហា គឺចិន ដែលលោកប្រធានាធិបតី បៃដិន សម្លឹងមើល នៅក្នុងដំណើរបំពេញទស្សនកិច្ច មកកាន់ប្រទេសជាអតីតគូសត្រូវស្លាប់រស់ ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែបន្ដកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពង្រីកឥទ្ធិពលរបស់ចិន នៅក្នុងតំបន់អាស៊ី។

បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានឲ្យដឹង ថា ចិន ធ្លាប់ធ្វើសង្គ្រាម ជាមួយនឹងវៀតណាម ចន្លោះពីឆ្នាំ១៩៧៤ និង ១៩៨៨ ហើយបញ្ហាក៏មិនបានធូរស្រាលនោះដែរ។ នៅសប្តាហ៍នេះ ក្រុងប៉េកាំង បានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់របស់ចិន មកកាន់ប្រទេសវៀតណាម ដើម្បី«ពង្រឹងសាមគ្គីភាព និង កិច្ចសហប្រតិបត្តិការ»។

លោក ង្វៀង គុក កួង (Nguyen Quoc Cuong ) ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅសហរដ្ឋអាមេរិក ចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៤ បានអះអាង ថា បើទោះជាយ៉ាងណាក៏ដោយ វៀតណាម នឹងមិនមានគោលបំណងដើរតួនាទី នៅក្នុងការធ្វើឱ្យមានតុល្យភាព រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង នោះឡើយ។ វៀតណាម មានគោលនយោបាយយ៉ាងច្បាស់លាស់ណាស់ នៅក្នុងការរាប់អានមិត្តទាំងអស់គ្នា។ វៀតណាម តែងតែនិយាយ ថា យើងមិនប្រកាន់ខាងណានោះដែរ មិនជ្រើសរើសយកអាមេរិក ប្រឆាំងនឹងចិន។ រីឯសហរដ្ឋអាមេរិក ដឹងច្បាស់ អំពីរឿងនេះ រួចមកហើយដែរ»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×