Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន និងទាហានរុស្ស៊ី ប៉ះទង្គិចគ្នា៣០ដង នៅក្នុងរយៈពេល២៤ម៉ោង អះអាងពីការស្លាប់នៃភាគីរៀងៗខ្លួន

រដ្ឋធានីកៀវ៖ កម្លាំងទាហានរុស្ស៊ី និង អ៊ុយក្រែន ត្រូវបានគេរាយការណ៍ អពីការវាយប្រហារគ្នាយ៉ាងបង្ហូរឈាម ដោយត្រឹមតែរយៈពេល២៤ម៉ោងសោះ មានការប៉ះទង្គិចគ្នា រហូតដល់ទៅ៣០លើក។

គេហទំព័ររបស់បណ្ដាញទូរទស្សន៍អារ៉ាប់អន្ដរជាតិ Alarabiya News បានចេញផ្សាយ នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ថា មន្រ្ដីយោធាអ៊ុយក្រែន បានអះអាង កាលពីថ្ងៃអាទិត្យ (ទី១០ ខែកញ្ញា) ថា កងទ័ពរបស់ក្រុងកៀវ បានវាយប្រយុទ្ធគ្នាយ៉ាងខ្លាំងជាមួយនឹងទាហានរុស្ស៊ី ចំនួន៣០លើក ត្រឹមតែរយៈពេល២៤ម៉ោងកន្លងមកនេះ។ នៅក្នុងការវាយប្រយុទ្ធគ្នានោះ ទាហានក្រុងមូស្គូ បានបាញ់មីស៊ីល ចំនួន២លើក និង បាញ់គ្រាប់រ៉ុក្កែត ចំនួន៣៨ដងបន្ថែមទៀត។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបញ្ជាក់ នៅក្នុងការធ្វើបច្ចុប្បន្នភាពនៅលើសមរភូមិ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១០ ខែកញ្ញា ថា  អ៊ុយក្រែន បានបន្តប្រតិបត្តិការការពារតំបន់ភាគខាងកើត និង បន្ដវាយបក នៅតំបន់ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន។ នៅក្នុងការវាយប្រយុទ្ធគ្នានោះ អ៊ុយក្រែន បានវាយប្រហារបំផ្លាញកម្លាំងសត្រូវ ហើយរំដោះបានទឹកដីមួយចំនួនត្រឡប់មកវិញ និង បានពង្រឹងទីតាំងឈរជើង នៅលើទឹកដីរបស់ខ្លួនឡើងវិញ ដែលទើបនឹងរំដោះបាន។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបន្ដ ថា កម្លាំងទាហានរុស្ស៊ី បានបន្ថែមការវាយប្រហារ ដោយដ្រូនអត្ដឃាតសាហេដ (Shahed) ផលិតដោយអ៊ីរ៉ង់ ចំនួន៣២គ្រឿង ហើយក្នុងនោះ មានដ្រូនចំនួន២៥គ្រឿង ត្រូវបានប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន បាញ់កម្ទេចចោល។ ដ្រូនអត្ដឃាតទាំងនោះ ភាគច្រើន បានកំណត់គោលដៅវាយប្រហារ មកលើតំបន់កៀវ។

ស្របគ្នានេះដែរ លោក ជេនស៍ ស្ដូលថែនប៊ឺគ (Jens Stoltenberg) ប្រមុខអង្គការយោធាណាតូ បានបញ្ជាក់ ថា ការវាយបករបស់អ៊ុយក្រែន បានរំដោះទឹកដីរបស់ខ្លួន ជាបន្ដបន្ទាប់ ថ្វីបើការវាយរុលទៅមុខយឺត មិនលឿន ដូចការរំពឹងទុក យ៉ាងណាក្ដី។

លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានបញ្ជាឲ្យកម្លាំងទាហានរបស់គាត់ បើកទ្វារព្រំដែន វាយលុកចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន តាមអ្វីដែលគាត់ បានហៅ ជា«ប្រតិបត្ដិការយោធាពិសេស» ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមកដល់ពេលនេះ ទាហានរបស់ក្រុងមូស្គូ មិនអាចវាយរុលទៅមុខ លើកម្លាំងទាហានក្រុងកៀវ នោះឡើយ។ សង្គ្រាម អស់រយៈពេលជាង៥៦០ថ្ងៃកន្លងមកនេះ បានធ្វើឲ្យទាហានទាំងសង បាត់បង់ជីវិត និង រងរបួស រាប់សែននាក់។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបង្ហោះ នៅលើទំព័របណ្ដាញសង្គមផ្លូវការហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃអាទិត្យ (ទី១០ ខែកញ្ញា) ថា បើគិតចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មកដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ អ៊ុយក្រែន បានសម្លាប់ទាហានរុស្ស៊ី ចំនួន ២៦៨ ៦៣០នាក់ ដោយរាប់ទាំងការសម្លាប់ កាលពី២៤ម៉ោងមុន ចំនួន៤៩០នាក់ផងដែរ។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី បានអះអាង ថា នៅក្នុងយុទ្ធនាការវាយបករបស់ក្រុងកៀវ បានធ្វើឲ្យកងទ័ពអ៊ុយក្រែន ស្លាប់ប្រហែល ជាង៧០ ០០០នាក់។ បើទោះជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាង ពីភាគីជម្លោះម្ខាងៗតែប៉ុណ្ណោះ ប៉ុន្ដែនៅមិនទាន់មានប្រភពព័ត៌មានឯករាជ្យណាមួយបញ្ជាក់ នោះដែរ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×