កាលពីពេលថ្មីៗនេះ បណ្តាអ្នកនិមលេងអ៊ីនធើរណែត មានការភ្ញាក់ផ្អើល ចំពោះការស្លាប់ដ៏គួរឲ្យអាសូររបស់បុរសម្នាក់ ដែលបានលង់ទឹកសមុទ្រ នៃសមុទ្រមេឌីទែរ៉ាណេ បន្ទាប់ពីត្រូវបានក្រុមនាវិក នៃសាឡាងចម្លងមួយ បានរុញច្រានមិនឲ្យឡើង ហើយក៏ធ្លាក់ចូលក្នុងសមុទ្រតែម្តង។
ហេតុការណ៍នេះបានកើតឡើងនៅកំពង់ផែ Piraeus ជិតរដ្ឋធានី Athens របស់ក្រិក។ វីដេអូ CCTV បង្ហាញពីបុរសម្នាក់ដែលកំពុងរត់ចុះចំណោតនៃសាឡាង Blue Horizon ខណៈដែលវាកំពុងត្រៀមខ្លួនចាកចេញពីកំពង់ផែ។ នៅពេលនេះ សាឡងនៅតែតភ្ជាប់នឹងច្រាំង ប៉ុន្តែខណៈដែលសមាជិកនាវិកពីរនាក់ព្យាយាមរារាំងបុរសនោះពីការឡើងលើ គម្លាតរវាងសាឡាង និងច្រាំងកំពង់ផែ បានឃ្លាតចេញពីគ្នា ហើយបុរសនោះក៏បានធ្លាក់ចូលទៅក្នុងទឹក។ នៅពេលនេះ នាវិកហាក់ដូចជាមិនបានអើពើជួយដល់ដល់បុរសនោះឡើយ ដែលធ្វើឲ្យបុរសនោះតស៊ូជីវិតនៅក្នុងទឹកលំបាកយ៉ាងខ្លាំង។ សាឡាងបានបន្តដំណើរទៅកាន់កោះ Crete មុនពេលត្រូវបានបញ្ជាឱ្យត្រឡប់មកកាន់ Piraeus វិញដោយអាជ្ញាធរកំពង់ផែ។
វីដេអូដែលថតដោយអ្នកដំណើរ និងសាក្សីនៅលើគោក បានបង្ហាញពីបុរសរងគ្រោះព្យាយាមស្រវេស្រវ៉ាដើម្បីជីវិតនៅក្នុងទឹក ប៉ុន្តែមិនមាននរណាម្នាក់ជួយនោះទេ។ វាមិនទាន់ច្បាស់ថា ពេលវេលាបានកន្លងផុតទៅប៉ុន្មានទេ រហូតដល់ទីបំផុតឆ្មាំសមុទ្រមកដល់ ប៉ុន្តែមានរឿងដ៏សោកសៅបានកើតឡើង គឺនៅពេលពួកគេទាញចេញពីទឹក បុរសនោះបានសន្លប់បាត់ស្មារតី ហើយក្រោយមកត្រូវបានគេប្រកាសថាស្លាប់។
ការស៊ើបអង្កេតលើការស្លាប់របស់បុរសក្រីក្រនេះកំពុងដំណើរការ ប៉ុន្តែផ្អែកលើភស្តុតាងដែលបានឃើញជាក់ស្តែង ព្រះរាជអាជ្ញាបានចោទប្រកាន់ពីបទមនុស្សឃាតទៅលើកាពីទែនសាឡាងម្នាក់ និងសមាជិកនាវិកចំនួន ៣ នាក់រួចមកហើយ។ សមាជិកនាវិកម្នាក់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងមនុស្សឃាត និងពីរនាក់ទៀត ស្ថិតក្នុងការស៊ើបអង្កេតបន្ថែម ខណៈដែលប្រធានក្រុមត្រូវបានចោទប្រកាន់ពីបទបំពានបទប្បញ្ញត្តិជាច្រើន។
នាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បាននិយាយថា “ហេតុការណ៍ដ៏អាម៉ាស់នេះ មិនមែនជាការបង្ហាញពីប្រភេទនៃប្រទេសដែលយើងចង់បាននោះទេ” ដោយពណ៌នាអំពីឧបទ្ទវហេតុនេះថាជា “ការរួមបញ្ចូលគ្នានៃអាកប្បកិរិយាមិនទទួលខុសត្រូវ និងការមើលងាយ និងភាពព្រងើយកន្តើយ”។
លោក Miltiadis Varvitsiotis រដ្ឋមន្ត្រីពាណិជ្ជករសមុទ្ររបស់ប្រទេសក្រិក ក៏បាននិយាយថា អាកប្បកិរិយារបស់នាវិកគឺជា “ការប្រមាថដ៏ឃោរឃៅចំពោះជនរងគ្រោះ” ដោយបញ្ជាក់យ៉ាងច្បាស់ថា ជនរងគ្រោះបានទិញសំបុត្រសាឡាង ហើយគ្រាន់តែព្យាយាមឡើងជិះទូកវិញ បន្ទាប់ពីចាកចេញមួយរយៈខ្លី ដោយហេតុផលដែលយើងមិនអាចដឹងច្បាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង
ទស្សនាវីដេអូ=>(Video)