ភ្នំពេញ៖ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញទៅទីផ្សារក្រៅប្រទេស រួមមាន៖ ផលិតផលសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងកសិផលមួយចំនួន ដូចជា៖ អង្ករ ស្រូវ កៅស៊ូ ដំឡូងមី ចេក ស្វាយ និងមៀនជាដើម។
ការនាំចេញផលិតផលកម្ពុជាទៅក្រៅប្រទេស មានទំហំទឹកប្រាក់ ១៥,៧ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះហ ដោយកើនឡើង ០,៣% បើប្រៀបធៀបនឹង ១៥,៦៤ពាន់លានដុល្លារអាមេរិក ដែលសម្រេចបានក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
ជាមួយគ្នានេះ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ប្រទេសចិន បានកើនឡើង ១៦,៨% ឈានដល់ ៩៤០លានដុល្លារអាមេរិក អំឡុងពីខែមករា ដល់ខែសីហា ឆ្នាំនេះ បើធៀប រយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍ដ៏ដែលនេះ បានបង្ហាញឲ្យដឹងទៀតថា ប្រទេសចិន គឺជាគោលដៅនាំចេញធំបំផុតទី៣ សម្រាប់កម្ពុជា បន្ទាប់ពីសហរដ្ឋអាមេរិក និងប្រទេសវៀតណាម។
គួរបញ្ជាក់ថា បើតាមមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានឲ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានកម្ពុជាមានជាមួយបណ្តាប្រទេសផ្សេងៗ ដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានរួមចំណែកយ៉ាងខ្លាំងក្លា នៅក្នុងការជួយជំរុញកំណើនពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា៕