ភ្នំពេញ៖ ការសម្រេចអន្តរាគមន៍ ដោយការបញ្ចេញសាច់ប្រាក់ដុល្លារទៅក្នុងទីផ្សារ គឺជាវិធានការមួយក្នុងចំណោមវិធានការផ្សេឯទៀត របស់ធនាគារជាតិនៃកម្ពុជា NBC ក្នុងការអនុវត្តគោលនយោបាយរូបិយវត្ថុ តាមរយៈការស្រូបយកប្រាក់រៀលពីទីផ្សារ ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់នៅកម្ពុជា។
បើតាមធនាគារជាតិនៃកម្ពុជា NBC គោលនយោបាយអត្រាប្តូរប្រាក់ របស់NBC ជាឧបករណ៍នយោបាយមួយរបស់គោល នយោបាយរូបិយវត្ថុ ដែលមានគោលដៅចម្បងរក្សាស្ថិរភាពថ្លៃ។ ជាមួយនឹងការអនុវត្តរបបអត្រាប្តូរប្រាក់ ធនាគារជាតិ នឹងធ្វើអន្តរាគមលើទីផ្សារប្តូរប្រាក់ ដើម្បីគ្រប់គ្រងនិងរក្សាស្ថិរភាព អត្រាប្តូរប្រាក់ ទៅតាមគោលដៅដែលបានកំណត់។
បើតាមធនាគារជាតិនៃកម្ពុជាដ៏ដែល អត្រាប្តូរប្រាក់គោលរវាងរូបិយប័ណ្ណផ្សេងៗជាមួយប្រាក់រៀលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ អត្រាផ្លូវការ គឺ៤១២៣ រៀល ក្នុងមួយដុល្លារអាមេរិក។
អត្រាប្តូរប្រាក់ផ្លូវការ ជាអត្រាទិញ-លក់រវាងរូបិយវត្ថុជាតិ និងរូបិយប័ណ្ណបរទេសផ្សេងទៀត។ អត្រាប្តូរប្រាក់ផ្លូវការនេះ ត្រូវបានកំណត់ដោយធនាគារជាតិនៃកម្ពុជា និងដាក់ឲ្យប្រើប្រាស់សម្រាប់រាល់ប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជាជាមួយនឹងភាគីពាក់ព័ន្ធ ។
លើសពីនេះ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល ក៏ដូចជា សាធារណៈជន អាចប្រើប្រាស់អត្រាប្តូរប្រាក់ផ្លូវការនេះទៅតាមគោលដៅរៀងៗខ្លួន ហើយអត្រានេះ ក៏ជាអត្រាប្តូរប្រាក់គោលប្រើដោយវិស័យឯកជនផងដែរ។
ទឹកប្រាក់សរុបចំនួន ៥០លានដុល្លារ ដែលធនាគារជាតិនៃកម្ពុជា NBC បានបញ្ចេញនៅលើទីផ្សារ និងដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ គឺតាមរយៈយន្តការដាក់ឱ្យគ្រឹះស្ថានធនាគារ មីក្រូហិរញ្ញវត្ថុ និងអាជីករប្តូរប្រាក់ទាំងអស់ដេញថ្លៃ គឺមានការដេញថ្លៃទឹកប្រាក់តាំងពីថ្ងៃទី០៦ ខែកញ្ញា ២០២៣ ចំនួន ១០លានដុល្លារ នៅថ្ងៃទី០៨ កញ្ញា ចំនួន១៥លានដុល្លារ នៅថ្ងៃទី១៣ ខែកញ្ញា ១០លានដុល្លារ និងប្រាក់ ១៥លានដុល្លារ នឹងដាក់ឱ្យដេញថ្លៃ នៅថ្ងៃទី១៥ កញ្ញាខាងមុខ។
បច្ចុប្បន្ននេះ ប្រាក់រៀល កំពុងធ្លាក់ថ្លៃជាបន្តបន្ទាប់ ហើយចំណែកឯប្រាក់ដុល្លារអាមេរិកវិញ បានបន្តឡើងថ្លៃបើធៀបនឹងរូបិយប័ណ្ណផ្សេងៗទៀតលើពិភពលោក ក្រោយពីធនាគារកណ្តាលអាមេរិក បន្តដំឡើងអត្រាការប្រាក់គោល៕