រដ្ឋធានីមូស្គូ៖ មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរតាមរថភ្លើងពិសេសរបស់គាត់ ទៅជួបលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ចំពេលបណ្ដាប្រទេសមហាអំណាចលោកខាងលិច និង សម្ពន្ធមិត្តរបស់សហរដ្ឋអាមរិក បានព្រមានអំពីកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធរបស់ក្រុងព្យុងយ៉ាង ជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅលើទឹកអ៊ុយក្រែន។
សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១២ ខែកញ្ញា ថា កូរ៉េខាងត្បូង បានរាយការណ៍ ថា លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរ តាមរថភ្លើងពិសេសមួយរបស់គាត់ ឆ្ពោះទៅកាន់ប្រទេសរុស្ស៊ី ចំពេលរដ្ឋាភិបាលក្រុងព្យុងយ៉ាង និង ក្រុងមូស្គូ កាលពីថ្ងៃចន្ទ (ទី១១ ខែកញ្ញា) បានបញ្ជាក់ អំពីជំនួបកំពូល ជាមួយនឹងលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ក្រោយពេលរុស្ស៊ី កំពុងតែស្ថិតក្នុងភាពឯកោ ដោយសារតែការធ្វើសង្គ្រាម នៅអ៊ុយក្រែន។
វិមានក្រឹមឡាំង បានអះអាង ថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នឹងមកបំពេញទស្សនកិច្ច នៅក្នុងប្រទេសរុស្ស៊ី នៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ដំណើរទស្សនកិច្ចនេះ គឺជាតបតាមការអញ្ជើញរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន ។
ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង ដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ ថា មេដឹកនាំ នៃប្រទេសទាំង២ នឹងជួបពិភាក្សាគ្នា អំពីបញ្ហាជាច្រើន ប៉ុន្ដែមិនបានបញ្ជាក់លម្អិតណាមួយនោះឡើយ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក និង សម្ពន្ធមិត្ត បានអះអាង ថា មេដឹកនាំកូរ៉េខាងជើង នឹងពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីរុស្ស៊ី ដោយផ្ដោតលើកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធ។ បញ្ហានេះ នឹងអាចធ្វើទៅបាន សម្រាប់ជួយដល់កិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី នៅលើទឹកដីរបស់អ៊ុយក្រែន ហើយវាជាថ្នូរផ្ដល់ត្រឡប់ទៅប្រទេសកូរ៉េខាងជើង ជាមួយនឹងសេដ្ឋកិច្ច និង នយោបាយ ដែលកំពុងតែមានតម្រូវការយ៉ាងច្រើន។
បើទោះជាក្រុងព្យុងយ៉ាង និង ក្រុងមូស្គូ បានច្រានចោល អំពីកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធយ៉ាងណាក៏ដោយ ប៉ុន្ដែសហរដ្ឋអាមេរិក នៅតែអះអាង ថា កិច្ចពិភាក្សានេះ កំពុងតែដំណើរការទៅមុខយ៉ាងរលូន។ កូរ៉េខាងជើង អាចនឹងផ្គត់ផ្គង់គ្រឿងសព្វាវុធ ជួយដល់ប្រទេសរុស្ស៊ី ដែលកំពុងតែចំណាយគ្រឿងសព្វាវុធ ស្ទើរអស់ពីឃ្លាំង នៅក្នុងសង្គ្រាម អស់រយៈពេលជាង១៨ខែ នៅអ៊ុយក្រែន។
សហរដ្ឋអាមេរិក និង សម្ពន្ធមិត្តរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការយោធា កាន់តែជិតស្និទ្ធ រវាងរុស្ស៊ី និង កូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ។ ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាជំនួបកំពូលលើកទី២របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជួបជាមួយលោក ពូទីន ក្រោយជំនួបលើកទី១ នៅក្នុងឆ្នាំ២០១៩។
ក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់កូរ៉េខាងត្បូង បានប្រាប់សារព័ត៌មានរ៉យទ័រ ថា មេដឹកនាំកូរ៉េខាងជើង បានចេញដំណើរតាមរថភ្លើងពិសេសរបស់គាត់ កាលពីល្ងាច ថ្ងៃអាទិត្យ ឆ្ពោះទៅកាន់រដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ដើម្បីជួបជាមួយលោកប្រធានាធិបតី ពូទីន។ រីឯរថភ្លើងពិសេសនោះ នឹងដឹកមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ព្រំដែន នាភាគឦសានរបស់កូរ៉េខាងជើងជាប់ជាមួយនឹងរុស្ស៊ី។ ចំណែកកិច្ចប្រជុំកំពូល រវាងលោកប្រធានាធិបតី ពូទីន និង មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន អាចនឹងប្រព្រឹត្តទៅ នៅព្រឹក ថ្ងៃអង្គារ (ទី១២ ខែកញ្ញា) នេះ។
ប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍ ថា សន្តិសុខកំពុងតែបង្កើនយ៉ាងខ្លាំង ហើយការជួសជុលឡើងវិញ កំពុងតែធ្វើឡើង នៅតាមស្ថានីយរថភ្លើងសំខាន់ៗ ស្ថិតក្នុងទីក្រុងខាសាន (Khasan) ព្រំដែនរបស់រុស្ស៊ី ជាទីកន្លែង ដែលលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង ត្រូវបានគេរំពឹង ថា នឹងចូលមកក្នុងប្រទេសរុស្ស៊ី។
កូរ៉េខាងជើង ក្លាយជាប្រទេសមួយ នៅក្នុងចំណោមប្រទេសមួយចំនួនតូច គាំទ្រដោយបើកចំហ សម្រាប់ប្រទេសរុស្ស៊ី ចាប់តាំងពីក្រុងមូស្គូ បានចូលលុកលុយ នៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ រហូតមក។ លោកប្រធានាធិបតី ពូទីន បានសន្យា កាលពីសប្តាហ៍មុន ថា គាត់នឹងពង្រីកទំនាក់ទំនងទ្វេភាគី គ្រប់ទិដ្ឋភាពទាំងអស់ តាមផែនការ ដោយការខិតខំប្រឹងប្រែងរួមគ្នា។
បើតាមក្រុមមន្ត្រី និង អ្នកវិភាគរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានថ្លែង ថា ជំនួបកំពូល រវាងលោក គីម និងលោក ពូទីន ទំនងជានឹងផ្តោតលើកិច្ចសហប្រតិបត្តិការយោធា ហើយអាចជាកិច្ចព្រមព្រៀងផ្គត់ផ្គង់គ្រឿងសព្វាវុធ។
បណ្ដាប្រទេសមហាអំណាចលោកខាងលិច ជឿ ថា កូរ៉េខាងជើង មានឃ្លាំងស្តុកគ្រាប់កាំភ្លើងផ្លោង ដែលអាចប្រើប្រាស់បាន ជាមួយអាវុធរបស់រុស្ស៊ី និង អាចជួយបំពេញបន្ថែមនូវការផ្គត់ផ្គង់ ដែលកំពុងតែប្រើប្រាស់យ៉ាងលឿន នៅលើសមរភូមិជួរមុខរបស់អ៊ុយក្រែន៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី