ភ្នំពេញើ វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាថា នៅតែជាសសរស្តម្ភនៃសេដ្ឋកិច្ចរបស់កម្ពុជា ហើយវិស័យនេះ មានសារៈសំខាន់សម្រាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា។
បើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា កម្ពុជា ទទួលបានអ្នកធ្វើដំណើរតាមផ្លូវអាកាសចំនួន ៣.៤ លាននាក់ ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៣នេះ មានការកើនឡើង ១៨០ភាគរយ គួរឲ្យគត់សំគាល់ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានអោយដឹងទៀតថា ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងក្នុងស្រុក បានដំណើរការជើងហោះហើរសរុបចំនួន ៣៣,១៤៦ ទៅកាន់អាកាសយានដ្ឋានអន្តរជាតិចំនួនបីរបស់កម្ពុជា( អាកាសយានដ្នានអន្តរជាតិភ្នំពេញ អាកាសយានដ្នានអន្តរជាតិសៀមរាប អាកាសយានដ្នានអន្តរជាតិក្រុងព្រះសីហនុ ដែលការហោះហើរនេះ នៅក្នុងអំឡុងខែមករា ដល់ខែសីហាឆ្នាំ២០២៣នេះ ដដោយបានកើនឡើង ១១៤ ភាគរយ បើធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។
គួរបញ្ជាក់ថា បើតាមឯកឧត្តម ស៊ិន ច័ន្ទសេរីវុត្ថា ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មានឲ្យដឹងដែរថា កម្ពុជា រំពឹងថា នឹងអាចទាក់ទាញអ្នកដំណើរតាមផ្លូវអាកាសបានប្រមាណ ៤,៦ លាននាក់ នៅឆ្នាំ២០២៣នេះ ពោលគឺកើនឡើងតាមការរំពឹងទុកពី ២,៣៨ លាននាក់ កាលពីឆ្នាំមុន។ ហើយកន្លងទៅ ក្រសួងទេសចរណ៍កម្ពុជា បានកំណត់គោលដៅទទួលភ្ញៀវទេសចរអន្តរជាតិចំនួន ៦,៤ លាននាក់នៅឆ្នាំ២០២៥ និង ៧ លាននាក់ នៅឆ្នាំ២០២៦៕