Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា បង្កើតច្បាប់ថ្មីជំរិតពលករធ្វើការនៅក្រៅប្រទេសឱ្យបង់ពន្ធយ៉ាងធ្ងន់ធ្ងរបំផុត

spot_img

រដ្ឋធានីណៃពិដោរ៖ ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិយ៉ាងធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកឧត្ដមសេនីយ៍យោធា បានដឹកនាំកងទ័ព ធ្វើរដ្ឋប្រហារ បណ្ដេញរដ្ឋាភិបាលស៊ីវិល ជាប់ឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ ដឹកនាំដោយលោកស្រី អ៊ោង សានស៊ូជី  (Aung San Suu Kyi) ហើយប្រទេសនេះ ក៏ត្រូវបានហ៊ុមព័ទ្ធសេដ្ឋកិច្ច ពីសហគមន៍អន្ដរជាតិ ប៉ុន្ដែដោយសារតែការប្រឈមមុខនឹងហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ ទើបរដ្ឋាភិបាលយោធារបស់ប្រទេសអាស៊ានមួយនេះ បានចេញច្បាប់ថ្មី ជំរិតកម្មករធ្វើការនៅក្រៅប្រទេស ឲ្យបង់ពន្ធ រហូតដល់ទៅ២៥ភាគរយ នៃប្រាក់ឈ្នួលរបស់ពួកគេរកបាន។

សារព័ត៌មានរបស់ថៃ Bangkok Post បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មាន នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានរាយការណ៍ ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កំពុងតែទាមទារឱ្យកម្មករ និង និយោជិត ធ្វើការនៅបរទេស ត្រូវតែបង់ប្រាក់ យ៉ាងហោចណាស់ ចំនួន២៥ភាគរយ នៃប្រាក់ចំណូលតាមរូបិយប័ណ្ណបរទេស ដែលពួកគេទទួលបាន ហើយផ្ញើតាមរយៈប្រព័ន្ធធនាគាររបស់ប្រទេសមីយ៉ាន់ម៉ា។

សារព័ត៌មាន The Irrawaddy ជាទីភ្នាក់ងារព័ត៌មានឯករាជ្យរបស់មីយ៉ាន់ម៉ា បានរាយការណ៍ ថា ប្រាក់ដែលកម្មករមីយ៉ាន់ម៉ាផ្ញើមក នឹងត្រូវប្ដូរទៅជាប្រាក់ខ្យាត (Kyat) របស់មីយ៉ាន់ម៉ា  តាមអត្រាផ្លូវការ ថោកជាង៤០ភាគរយ បើធៀបនឹងអត្រាទីផ្សារ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ។ ស្ថាប័នហិរញ្ញវត្ថុតភ្ជាប់ជាមួយរដ្ឋាភិបាល នឹងមានលទ្ធភាពទទួលបានប្រភពមូលនិធិទាំងនេះ ខណៈរបបយោធាមីយ៉ាន់ម៉ា អាចនឹងប្រើប្រាស់ សម្រាប់ពង្រឹងហិរញ្ញវត្ថុ ដែលកំពុងតែរង្គោះរង្គើ។ រីឯផលប៉ះពាល់ អាចនឹងមានធ្ងន់ធ្ងរ មកលើជនជាតិមីយ៉ាន់ម៉ា ប្រមាណ២លាននាក់ ដែលកំពុងតែធ្វើការ ដោយស្របច្បាប់ នៅក្នុងប្រទេសថៃ ក៏ដូចជា ផលប៉ះពាល់ដល់ក្រុមគ្រួសាររបស់ពួកគេ នៅក្នុងប្រទេស ផងដែរ។

របបយោធាមីយ៉ាន់ម៉ា បានចេញបទប្បញ្ញត្តិថ្មី ដោយចែង ថា  ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣តទៅ ជនចំណាកស្រុក ដែលនឹងត្រូវចាកចេញពីប្រទេសមីយ៉ាន់ម៉ា ទៅធ្វើការនៅបរទេស ត្រូវតែបើកគណនី នៅក្នុងធនាគារ គ្រប់គ្រងដោយធនាគារកណ្តាលមីយ៉ាន់ម៉ា ហើយត្រូវតែបញ្ជូនប្រាក់ចំណូលរបស់ពួកគេ ចំនួន២៥ភាគរយ មកកាន់គណនីធនាគារមីយ៉ាន់ម៉ា។

ធនាគារ CB Bank ជាធនាគារឯកជនដ៏ធំបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា បានប្រាប់ដល់ពលករចំណាកស្រុក នៅបរទេសរួចហើយ ថា កម្មករទាំងអស់ ត្រូវតែបង់ប្រាក់ មួយភាគបួននៃប្រាក់ខែរបស់ពួកគេរកបាន ទាំងប្រាក់ប្រចាំខែ ឬ រៀងរាល់៣ខែម្តង តាមរយៈបណ្តាញ«ផ្លូវការ»នេះ។

បើតាមសារព័ត៌មាន The Irrawaddy បានឲ្យដឹង ថា អត្រាប្តូរប្រាក់ គឺយោងតាមការកំណត់របស់របបយោធា ដោយតម្លៃក្នុង១បាតប្រាក់ថៃ ស្មើនឹងត្រឹមតែ៥៦ខ្យាតរបស់ប្រាក់មីយ៉ាន់ម៉ា ខណៈអត្រាប្ដូរប្រាក់ នៅលើទីផ្សារ ប្រហែល១០០ខ្យាត នៅក្នុង១បាតរបស់ប្រាក់ថៃ។

ជនចំណាកស្រុកមីយ៉ាន់ម៉ា ម្នាក់ៗ អាចរកប្រាក់ឈ្នួលបាន ចំនួន ២០ ០០០បាត នៅក្នុងមួយខែ ហើយពួកគេ នឹងត្រូវផ្ញើប្រាក់ ចំនួន ៥០០០បាត តាមរយៈប្រព័ន្ធធនាគារផ្លូវការរបស់មីយ៉ាន់ម៉ា។ ធនាគារមីយ៉ាន់ម៉ា នឹងប្ដូរទៅជាប្រាក់របស់ប្រទេស ត្រឹមតែ ២៨០ ០០០ខ្យាត ខណៈប្រតិបត្តិករប្តូរប្រាក់គ្មានអាជ្ញាប័ណ្ណ នឹងប្ដូរបាន រហូតដល់ទៅជិត ៥០០ ០០០ខ្យាត សម្រាប់ចំនួនតម្លៃដូចគ្នានេះ។

សេចក្តីប្រកាសដដែលនេះ បានអះអាង ថា សម្រាប់អ្នកនៅក្រៅប្រទេសរួចហើយ មិនបានអនុវត្តតាមច្បាប់ថ្មីនេះ នឹងត្រូវហាមឃាត់ មិនអនុញ្ញាតឱ្យចេញទៅធ្វើការ នៅបរទេស នៅក្នុងរយៈពេល៣ឆ្នាំ ក្រោយប័ណ្ណការងារបច្ចុប្បន្នរបស់ពួកគេ ផុតកំណត់។

បន្ថែមពីលើនេះ របបសឹកមីយ៉ាន់ម៉ា ក៏បានណែនាំដល់ទីភ្នាក់ងារជ្រើសរើសបុគ្គលិក ឱ្យត្រួតពិនិត្យឡើងវិញ លើកិច្ចសន្យារបស់ក្រុមហ៊ុន ជាមួយពលករចំណាកស្រុក ហើយត្រូវតែទទួលខុសត្រូវ នៅក្នុងការផ្ទេរប្រាក់ ចំនួន២៥ភាគរយ តាមរយៈបណ្ដាញប្រព័ន្ធធនាគារផ្លូវការរបស់មីយ៉ាន់ម៉ា។

រដ្ឋាភិបាលមីយ៉ាន់ម៉ា កំពុងតែផ្តល់នូវការលើកទឹកចិត្តមួយចំនួន ដោយនិយាយ ថា អ្នកដែលបានផ្ញើប្រាក់ តាមរយៈប្រព័ន្ធធនាគារផ្លូវការ ឬ អ្នកផ្តល់សេវាហិរញ្ញវត្ថុ មានអាជ្ញាប័ណ្ណ ចេញពីធនាគារកណ្តាល អាចវិនិយោគ និង ទិញអចលនទ្រព្យ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយមិនចាំបាច់បង់ពន្ធ។

ដោយឡែកលោក កូ ណាយ លីន ធូ (Ko Nay Lin Thu) គណៈកម្មាធិការសម្ព័ន្ធជំនួយ ជួយដល់ពលករចំណាកស្រុក មានមូលដ្ឋាននៅក្នុងប្រទេសថៃ បានថ្កោលទោស ចំពោះច្បាប់ថ្មីរបស់រដ្ឋាភិបាលសឹកមីយ៉ាន់ម៉ា ដោយចាត់ទុក ថា វាជាសកម្មភាពគាបសង្កត់ និង ជញ្ជក់កម្លាំងញើសឈាមរបស់កម្មករចំណាកស្រុក។

លោក កូ ណាយ លីន ធូ បានបញ្ជាក់ ថា «យើងមិនចង់ផ្តល់ប្រាក់ ដែលពួកយើងរកបានមកទាំងលំបាក ទៅឲ្យពួកគេនោះឡើយ។ យើងត្រូវបង់ពន្ធលើប្រាក់ចំណូលរបស់យើងរកបាន នៅក្នុងប្រទេសថៃ។ រីឯការផ្ញើប្រាក់របស់យើង នឹងត្រូវកាត់បន្ថយ នៅពេលនេះ។ វិធានការដ៏អាក្រក់បែបនេះ ជាការមិនអាចទទួលយកបាននោះឡើយ។ នេះជាការកេងប្រវ័ញ្ច និង ជញ្ជក់កម្លាំងញើសឈាមរបស់ពលករចំណាកស្រុករបស់យើង»៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×