Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មហាសោកសង្រេងកើនឡើងនៅលីប៊ី ដោយការស្លាប់កើនឡើងដល់ទៅ ២០.០០០នាក់

រដ្ឋធានីទ្រីប៉ូលី៖ មហាសោកនាដកម្ម និង សេចក្ដីសោកសង្រេក កំពុងតែកើនឡើង នៅក្នុងប្រទេសលីប៊ី ក្រោយពេលចំនួនអ្នកស្លាប់ បានកើនឡើង រហូតដល់២ម៉ឺននាក់ ក្រោយពេលគ្រោះធម្មជាតិដ៏កំណាច បានវាយប្រហារទៅលើប្រទេសអាហ្វ្រិកខាងជើងមួយនេះ។

សារព័ត៌មានអារ៉ាប់អន្ដរជាតិ Alarabiya News  បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ដោយដកស្រង់សម្ដីរបស់អភិបាលក្រុងដឺណា (Derna) លោក អាប់ឌូលមេណាម អាល់-ហ្កាធី (Abdulmenam al-Ghaithi) បញ្ជាក់ កាលពីថ្ងៃពុធ (ទី១៣ ខែកញ្ញា) ថា ការប៉ាន់ស្មានអំពីគ្រោះទឹកជំនន់ នៅក្នុងទីក្រុងដឺណា នាភាគខាងកើតរបស់ប្រទេសលីប៊ី គឺចំនួនអ្នកស្លាប់ អាចនឹងកើនឡើងដល់ ចន្លោះពី ១៨ ០០០នាក់ទៅ ២០ ០០០នាក់។

លោក អូសាម៉ា អាលី (Osama Ali) អ្នកនាំពាក្យ ទីភ្នាក់ងារសង្គ្រោះបន្ទាន់របស់រដ្ឋាភិបាលលីប៊ី មានមូលដ្ឋាន នៅក្នុងរដ្ឋធានីទ្រីប៉ូលី (Tripoli) បានបញ្ជាក់ ថា គ្រោះធម្មជាតិដ៏កំណាច ព្យុះ និង ទឹកជំនន់ បានវាយប្រហារទៅលើទីក្រុងនានា នៅភាគខាងកើត ប្រទេសលីប៊ី ហើយវាបានសម្លាប់មនុស្ស រាប់ពាន់នាក់ ខណៈ១ម៉ឺននាក់ផ្សងទៀត កំពុងតែបាត់ខ្លួន នៅទីក្រុងដឺណា (Derna) ស្ថិតនៅតាមឆ្នេរសមុទ្រមេឌីទែរ៉ាណេ។

លោក រីឆាដ ណ័រឡែនដ៍ (Richard Norland) ប្រេសិតពិសេសសហរដ្ឋអាមេរិក ទទួលបន្ទុកនៅក្នុងប្រទេសលីប៊ី បានបញ្ជាក់ ថា ស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងរដ្ឋធានីលីប៊ី បានចេញសេចក្តីប្រកាសជាផ្លូវការមួយ អំពីតម្រូវការមនុស្សធម៌ សម្រាប់ឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដ៏កំណាច នៅក្នុងប្រទេសលីប៊ី។

លោកប្រេសិតពិសេសរបស់សហរដ្ឋអាមរិក រូបនេះ បានសង្កត់ធ្ងន់ ថា «យើងកំពុងតែសម្របសម្រួល ជាមួយដៃគូរបស់អង្គការសហប្រជាជាតិ និង អាជ្ញាធរលីប៊ី ដើម្បីវាយតម្លៃ អំពីរបៀបដែលល្អបំផុត សម្រាប់កំណត់គោលដៅ ផ្ដល់ជំនួយផ្លូវការរបស់សហរដ្ឋអាមេរិក»។

គ្រោះធម្មជាតិដ៏កំណាច បង្កឡើងដោយព្យុះ និង ទឹកជំនន់ នៅទីក្រុងដឺណា នាភាគខាងកើតប្រទេសលីប៊ី បានកើតឡើង ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយគ្រោះរញ្ជួយដី នៅក្នុងប្រទេសម៉ូរ៉ុកកូ នៅអាហ្វ្រិកខាងជើង ដោយបានសម្លាប់មនុស្ស យ៉ាងតិច២៩០០នាក់ កាលពីថ្ងៃទី៨ ខែកញ្ញា សប្ដាហ៍មុននេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×