Wednesday, July 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានពន្ធដារ ក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់បំពេញកាតព្វកិច្ចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣

spot_img

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែ កញ្ញា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីការរំលឹកការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារបានជម្រាបជូនម្ចាស់យានយន្តមេត្តាជ្រាបថា អនុលោមតាមប្រកាសលេខ ៥៣១ សហវ.ប្រក ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូននិងយានជំនិះ គ្រប់ប្រភេទប្រចាំឆ្នាំ និងសេចក្ដីណែនាំលេខ ៩២៥៤ អពដ ចុះថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ ការប្រមូលពន្ធនេះនឹង ត្រូវបិទបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។

ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា ម្ចាស់យានយន្តមួយចំនួនបានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងន័យនេះ អគ្គនាយកដ្ឋាន ពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់យានយន្តទាំងអស់ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធមេត្តារួសរាន់អញ្ជើញ មកដាក់លិខិតប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណ បណ្ណសម្គាល់យានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដែលចេញដោយ ក្រសួងសាធារណការនិងដឹកជញ្ជូននៅសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅធនាគារកាណាឌីយ៉ា ក.អ ឬនៅធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅធនាគារវឌ្ឍនៈ ឬនៅធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ឬនៅធនាគារជេ ត្រាស់ រ៉ូយ៉ាល់ ឬនៅធនាគារ ស្ថាបនា ភីអិលស៊ី ឬនៅធនាគារប្រៃសណីយ៍កម្ពុជា ក.អ ឬនៅ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ឬនៅធនាគារពាណិជ្ជកម្ម ក្រៅប្រទេស នៃកម្ពុជា ឬនៅធនាគារវីង (ខេមបូឌា) ម.ក(បង់តាមអនឡាញ) ឬនៅតាមធនាគារដែលបានចុះអនុស្សរណៈ នៃការយោគយល់គ្នាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ម្ចាស់យានយន្តក៏អាចបង់តាមរយៈកម្មវិធី “GDT Taxpayer App” ដែលអាចទាញយកចេញពី App Store ចំពោះ iOS ឬ Play Store ចំពោះ Android សម្រាប់យានយន្តដែលធ្លាប់បាន ប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនកន្លងមក។

ដោយឡែក យានយន្តដែលជាកម្មសិទ្ធិរបស់ស្ថានទូត ឬស្ថានកុងស៊ុលបរទេស អង្គការអន្តរជាតិ ឬទីភ្នាក់ងារ សហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ត្រូវស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ដើម្បីទទួលបាននូវលតាបត បង់ពន្ធ (ពន្ធជាបន្ទុករបស់រដ្ឋ)។ ចំពោះយានយន្តរបស់ក្រសួង-ស្ថាប័ន ឬអង្គភាពដែលត្រូវទទួលបានលតាបត្រពន្ធលើ មធ្យោបាយដឹកជញ្ជូន(ពន្ធជាបន្ទុករបស់រដ្ឋ ឬបង់តាមអាណត្តិបើកប្រាក់) ត្រូវភ្ជាប់មកជាមួយនូវបញ្ជីសារពើភណ្ឌយានយន្ត ទ្រព្យសម្បត្តិរដ្ឋ (តារាងកើនឡើង និងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ) ដែលបានចុះបញ្ជីនៅអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

យោងតាមលិខិតលេខ ៤៨២ សជណ.ហធ ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្តី ចំពោះយានយន្តឯកជនជ្រកក្រោមផ្លាកលេខ រដ្ឋ ផ្លាកលេខ ខ.ម និង ន.ប ពុំអនុញ្ញាតឱ្យបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ទេ។ ម្ចាស់យានយន្តទាំងនេះអាចបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនសម្រាប់ឆ្នាំ២០២៣ បានលុះត្រាតែ បំពេញកាតព្វកិច្ចពន្ធ និងអាករនាំចូលស្របតាមច្បាប់និងបទប្បញ្ញត្តិស្តីពីគយ និងចុះបញ្ជីយានយន្តនៅក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យបានរួចរាល់ជាមុនសិន។

ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់យានយន្តនឹងត្រូវទទួលរងនូវពន្ធបន្ថែម ចំពោះការយឺតយ៉ាវ តាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ អគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមាន សមត្ថកិច្ច ជាពិសេសនគរបាលចរាចរណ៍ និងកងរាជអាវុធហត្ថ ដើម្បីចុះត្រួតពិនិត្យការអនុវត្តប្រមូលពន្ធនេះនៅតាមដងផ្លូវនានា បន្ទាប់ពីបិទបញ្ចប់ការប្រមូលពន្ធនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

អគ្គនាយកដ្ឋានពន្ធដារ មានជំនឿយ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធតាមទីកន្លែង និងពេលវេលា ដូចបានកំណត់ខាងលើ កុំបីខាន៕រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×