រដ្ឋធានីវ៉ាស៊ីនតោន៖ កូនប្រុសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ចំនួន៣ករណី ហើយអាចត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់២៥ឆ្នាំ និង រងនូវការផាកពិន័យ ជាង៧០០ ០០០ដុល្លារបន្ថែមទៀត ប្រសិនបើតុលាការ រកឃើញពីទោសកំហុសរបស់គាត់។

បណ្ដាញទូរទស្សន៍របស់អូស្រ្ដាលី ABC បានផ្សាយ កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ថា មេធាវីរបស់កូនប្រុសប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) គឺលោក ហាន់ធើរ បៃដិន (Hunter Biden) ដែលកំពុងតែប្រឈមមុខនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌ ពាក់ព័ន្ធការកាន់កាប់កាំភ្លើង បានអះអាង កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ថា លក្ខន្តិកៈទំនងជាមិនស្របតាមរដ្ឋធម្មនុញ្ញ ហើយគាត់រំពឹងថា «ករណីនេះនឹងត្រូវបានច្រានចោល នៅមុនពេលកាត់ក្តី»។

លោក ហាន់ធើរ បៃដិន ជាកូនប្រុសរបស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានចោទប្រកាន់ ពីទីប្រឹក្សាពិសេសរបស់លោក ដេវីដ ឆាលស៍ វេស (David Charles Weiss) ព្រោះតែការជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់កាំភ្លើង ដែលគាត់បានទិញ នៅក្នុងអំឡុងឆ្នាំ២០១៨។ រឿងក្ដីក្ដាំចោទប្រកាន់ ពីបទល្មើសព្រហ្មទណ្ឌនេះ ក្លាយជារឿងជាលើកដំបូង នៅក្នុងប្រវត្ដិសាស្រ្ដរបស់សហរដ្ឋអាមេរិក ដែលក្រសួងយុត្ដិធម៌របស់ប្រទេសមហាអំណាចកំពូលមួយនេះ បានកើតប្រកាន់ដល់កូនប្រុសរបស់លោកប្រធានាធិបតី កំពុងតែស្ថិតក្នុងតំណែង។
អ្នកច្បាប់ និង ជាពាណិជ្ជករ រូបនេះ បានរងនូវការចោទប្រកាន់ ចំនួន៣ករណី រួមទាំង ការធ្វើសេចក្តីថ្លែងការណ៍ក្លែងក្លាយលើទម្រង់អាវុធរបស់សហព័ន្ធន៍ និង ការកាន់កាប់អាវុធ ដែលជាបុគ្គលត្រូវហាមឃាត់។ ការចោទប្រកាន់បែបនេះ បានកើតឡើង ចំពេលលោកប្រធានាធិបតី ចូ បៃដិន ឈរឈ្មោះជាថ្មី សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤។

ដោយឡែក លោក ដូណាល់ ត្រាំ (Donald Trump) អតីតប្រធានាធិបតីសហរដ្ឋអាមរិក ដែលកំពុងតែនាំមុខគេ សម្រាប់ការតែងតាំងបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ សម្រាប់ការបោះឆ្នោតប្រធានាធិបតី នៅឆ្នាំ២០២៤ បានពណ៌នា ថា «ការចោទប្រកាន់ប្រឆាំងនឹងលោក ហាន់ធើរ បៃដិន ជាស្ថានភាពដ៏គួរសោកសៅមួយ។ បញ្ហានេះ ខ្ញុំចង់និយាយ ថា គ្មាននរណាម្នាក់ សប្បាយចិត្តនឹងការចោទប្រកាន់បែបនេះឡើយ» ។
ប្រសិនបើតុលាការ បានរកឃើញទោសកំហុស ដូចការចោទប្រកាន់មែននោះ លោក ហាន់ធើរ បៃដិន អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ រហូតដល់២៥ឆ្នាំ ហើយនឹងត្រូវផាកពិន័យ ជាប្រាក់ រហូតដល់ ៧៥០ ០០០ដុល្លារ។ បើទោះយ៉ាងណាក៏ដោយ ជនជាប់ចោទ កម្រនឹងទទួលការពិន័យ ជាអតិបរមា ជាពិសេស នៅក្នុងករណីបែបនេះ ព្រោះវាជាប់ពាក់ព័ន្ធនឹងបទព្រហ្មទណ្ឌអហិង្សា ហើយក៏ជាជនល្មើសលើដំបូងផងដែរ បានរងនូវការចោទប្រកាន់បែបនេះ៕ រក្សាសិទ្ធដោយ ៖ សារាយSN







