Tuesday, October 3, 2023

អាជ្ញាធរខេត្ត រៀបចំវេទិការស្វែងរកទីផ្សារសក្តានុពល សម្រាប់អ្នកផលិតក្នុងស្រុក

spot_img

ខេត្តកណ្តាល ៖ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហគ្រិនខ្មែរនិងអង្គការអុកស្វាម(Oxfam) ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តកណ្ដាល បានរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុកក្រោមគម្រោង «ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនតូចនិងមធ្យម (ភូមិ១ផលិតផល១)» ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្ដមគ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលនាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ សាលាខេត្តកណ្ដាល។

ឯកឧត្ដម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្ដាលបានមានប្រសាសន៍ថា ដើម្បីរួមគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព វេទិកាផ្គូផ្គងនេះមានបំណងបង្កើតឱកាសទីផ្សារ សម្រាប់សហគ្រាសធុនតូចនិងមធ្យមនិងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កា លើលក្ខខណ្ឌផ្គត់ផ្គង់និងតម្រូវការផ្សេងៗ។ លើសពីនេះពួកគេមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយតួអង្គផ្សេងៗ ដូចជាអាជ្ញាធរមូលដ្ឋាន ស្ថាប័នពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នហិរញ្ញវត្ថុ និងក្រុមយុវជន ដែលអាចផ្តល់ការគាំទ្រជាបច្ចេកទេស និងធនធានក្នុងការអភិវឌ្ឍអាជីវកម្មរបស់ពួកគេ។

ឯកឧត្ដម អភិបាលរងខេត្តបន្តថា ដើម្បីឱ្យអ្នកផលិតនិងអ្នកទិញ បានជួបគ្នានឹងធ្វើបទបង្ហាញពីផលិតផលរបស់ខ្លួន និងការរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករនិងសិប្បករ នៅតាមមូលដ្ឋានឱ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ។ ម្យ៉ាងវិញទៀគោលការណ៍ណែនាំនេះ ក៏មានបំណងជំរុញឱ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឱ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិតផល១ និងធ្វើយ៉ាងណាជំរុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។

ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា វេទិកានេះមានសារៈសំខាន់ណាស់ ដើម្បីដោះស្រាយបញ្ហារវាងអ្នកផលិតនិងអ្នកទិញ ធ្វើយ៉ាងណាឱ្យអ្នកផលិត ផលិតហើយមានទីផ្សារ ហើយសម្រាប់អ្នកទិញនៅពេលត្រូវការទិញមានផលិតផលដែលខ្លួនត្រូវការ។ ជាមួយគ្នានេះផងដែរវេទិកានេះ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានជម្រុញ ធ្វើយ៉ាងណាឱ្យផលិតផលរបស់ខ្មែរយើងនាំចេញនៅក្នុងតំបន់ និងឈានទៅដល់ក្រៅប្រទេសផងដែរ ដូច្នេះយើងត្រូវតែប្រមូលផ្ដុំគ្នារវាងអ្នកផលិត និងអ្នកទិញដើម្បីឈានទៅដល់ការដោះស្រាយនូវបញ្ហាមួយចំនួនដែលកំពុងតែជួបប្រទះផងដែរ។

ឯកឧត្តមបណ្ឌិត បន្ថែមថា គណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្ត-រាជធានីជំរុញចលនាភូមិមួយផលិតផលមួយ មានការដឹកនាំគំនិតផ្តួចផ្តើម ឱ្យមានជំនួបរវាងអ្នកផលិតនិងអ្នកទិញ កាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាពនិងសុចរិតភាព។ តាមរយៈការបង្កើតយន្តការតភ្ជាប់ បណ្តាញប្រទាក់ក្រឡាគ្នាប្រកបដោយអត្ថន័យ ពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេចខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់ ហើយពួកគាត់អាចសិក្សាស្វែងយល់ដកស្រង់បទពិសោធន៍ពីគ្នាទៅវិញទៅមក ណែនាំអ្នកផលិតទៅកាន់ទីផ្សារ ដោះស្រាយបញ្ហាជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការសុំចុះបញ្ជីរឬច្បាប់គតិយុត្តផ្សេងៗ និងជំរុញឱកាសពាណិជ្ជកម្ម ហើយយើងមានទំនុកចិត្តថា ព្រឹត្តិការណ៍ថ្ងៃនេះនឹងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃខេត្តកណ្ដាល និងប្រទេសកម្ពុជាទាំងមូល និងបង្កើនកម្រិតជីវភាពរបស់សហគមន៍មូលដ្ឋានផងដែរ៕ រក្សាសិទ្ធដោយ ៖ ឈុនហ៊ាត

spot_img
×