ភ្នំពេញ៖ភាគីទាំងពីរ(កម្ពុជា-ចិន) ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌។ នេះបើតាមសេចក្តីប្រកាសរួមរបស់រដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីថ្មីកម្ពុជា ដែលបានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយនឹង លោក លី ឈាង នាយករដ្ឋមន្ត្រីចិន នៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។
បើតាមសេចក្តីប្រកាសរួម, «ភាគីទាំងពីរបញ្ជាក់ពីការប្រឆាំងដាច់ខាតចំពោះការធ្វើនយោបាយលើបញ្ហាសិទ្ធមនុស្ស ការអនុវត្តស្តង់ដារពីរ និងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ ក្រោមហេតុផលសិទ្ធ មនុស្ស ឬប្រជាធិបតេយ្យ។ ភាគីទាំងពីរឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅ និងបដិវត្តន៍ពណ៌»។

សេចក្តីប្រកាសរួម បានបញ្ជាក់បន្ថែមថា ភាគីចិនបញ្ជាក់ជាថ្មីនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងប្រយោជន៍នៃការអភិវឌ្ឍ ខណៈបញ្ជាក់ពីការប្រឆាំង ដាច់ខាត ចំពោះការជ្រៀតជ្រែកពីបរទេសចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
សេចក្តីប្រកាសរួម បានបញ្ជាក់បន្ថែមទៀតថា ភាគីកម្ពុជាបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវ «គោលនយោបាយចិនមួយ» ដែលរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យ ប្រទេសចិនទាំងមូល ហើយតៃវ៉ាន់គឺជាផ្នែកមួយមិនអាចកាត់ផ្តាច់ចេញពីទឹកដី និងជាកិច្ចការផ្ទៃក្នុង របស់ចិន ដែលមិនអនុញ្ញាតឱ្យមានការជ្រៀតជ្រែកពីបរទេសឡើយ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី





