Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំកូរ៉េខាងជើង ពិភាក្សាកាន់តែស៊ីជម្រៅ ជាមួយនឹងរុស្ស៊ី

រដ្ឋធានីមូស្គូ៖ ដំណើរទស្សនកិច្ចរបស់មេដឹកនាំកូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាគ្នា ជាមួយនឹងលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន ត្រូវបានមហាអំណាចលោកខាងលិច ចាត់ទុកជាការបោះជំហានទៅមុខ នៅក្នុងកិច្ចសហប្រតិបត្ដិការ លើវិស័យការពារជាតិ ខណៈរដ្ឋាភិបាលក្រុងមូស្គូ កំពុងតែត្រូវការគ្រឿងសព្វាវុធយ៉ាងច្រើន សម្រាប់បង្កើននូវកិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាម នៅក្នុងប្រទេសអ៊ុយក្រែន។

សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី១៧ ខែកញ្ញា ដោយដកស្រង់ប្រភពពីទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃអាទិត្យ ថា លោក គីម ជុងអ៊ុន (Kim Jong Un) មេដឹកនាំកូរ៉េខាងជើង បានពិភាក្សាគ្នា អំពីបញ្ហាជាច្រើន ជាមួយនឹងរដ្ឋមន្រ្ដីក្រសួងការពារជាតិរុស្ស៊ី នៅក្នុងកិច្ចសហប្រតិបត្ដិការយោធា។

ក្នុងអំឡុងដំណើរទស្សនកិច្ច នៅប្រទេសរុស្ស៊ី លោក គីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) បានត្រួតពិនិត្យដល់យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់រុស្ស៊ី ដែលមានសមត្ថភាពនុយក្លេអ៊ែរ មីស៊ីលល្បឿនលឿន និង នាវាចម្បាំង អមដំណើរដោយរដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក ស៊ើរហ្គេ សយហ្គូ (Sergei Shoigu)។

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍ ថា លោក គីម ជុងអ៊ុន និង លោករដ្ឋមន្រ្ដី សយហ្គូ បានផ្លាស់ប្តូរមតិស្ថាបនារបស់ពួកគេ លើបញ្ហាជាក់ស្តែងនៅក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ និងការផ្លាស់ប្តូរគ្នាទៅវិញទៅមក រវាងកងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ នៅវិស័យការពារជាតិ និង សន្តិសុខ។

ទីភ្នាក់ងារ KCNA បានរាយការណ៍បន្ដ ថា លោក គីម ក៏បានទស្សនាដល់កងនាវាចរណ៍សមុទ្រប្រចាំប៉ាស៊ីហ្វិករបស់រុស្ស៊ី បំពាក់ដោយនាវាមុជទឹកបំពាក់នុយក្លេអ៊ែរយុទ្ធសាស្ត្រ នៅក្នុងចំណោមនាវាយោធាផ្សេងៗទៀត។ នៅក្នុងឱកាសនោះ លោក គីម បានកោតសរសើរដល់កងនាវា សម្រាប់ការរួមចំណែករបស់ខ្លួន ជួយដល់សន្តិភាព នៅក្នុងតំបន់។

កាលពីដើមខែនេះ ប្រទេសកូរ៉េខាងជើង បានចាប់ផ្តើមប្រតិបត្តិលើនាវាមុជទឹកវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ ជាលើកដំបូងរបស់ក្រុងព្យុងយ៉ាង។ សកម្មភាពយោធារបស់កូរ៉េខាងជើង បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ដល់បណ្ដាប្រទេសនៅក្នុងតំបន់ និង បណ្ដាប្រទេសលោកខាងលិច៕ រក្សាសិទ្ធដោយ ៖ សារាយSN

×