រដ្ឋធានីប៉េកាំង៖ រដ្ឋាភិបាលក្រុងប៉េកាំង បានខឹងសម្បាយ៉ាងខ្លាំង និង សម្រេចដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនឧស្សាហកម្មវិស័យការពារជាតិដ៏ល្បីល្បាញនៅលើពិភពលោករបស់សហរដ្ឋអាមេរិក ដោយសារតែក្រុមហ៊ុនទាំងនោះ បានលក់គ្រឿងសព្វាវុធទំនើបៗ ទៅឲ្យកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ។

សារព័ត៌មានរបស់សិង្ហបុរី CNA បានចេញផ្សាយ កាលពីថ្ងៃសោរ៍ ទី១៦ ខែកញ្ញា ថា ប្រទេសចិន កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) បានអះអាង អំពីការដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនឧស្សាហកម្មការពារជាតិដ៏ល្បីល្បាញបំផុតចំនួន២របស់សហរដ្ឋអាមេរិក រួមមាន ក្រុមហ៊ុន Lockheed Martin និង ក្រុមហ៊ុន Northrop Grumman ដោយសារតែក្រុមហ៊ុនទាំង២នេះ ជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅកាន់ដែនកោះតៃវ៉ាន់។
សភាសហរដ្ឋអាមេរិក ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ទាមទារដល់ការផ្គត់ផ្គង់គ្រឿងសព្វាវុធ ទៅកានាដែនកោះតៃវ៉ាន់ គ្រប់គ្រងខ្លួនឯង តាមបែបលទ្ធិប្រជាធិបតេយ្យ សម្រាប់ការពាររបស់ខ្លួន។ រដ្ឋបាលសហរដ្ឋអាមេរិក បានធ្វើដូច្នេះ តាមរយៈការលក់ដោយផ្ទាល់ ប៉ុន្តែនៅក្នុងខែសីហា ឆ្នាំ២០២៣ ក្រុងវ៉ាស៊ីនតោន បានអនុម័តជំនួយយោធាផ្ទាល់ជាលើកដំបូងរបស់សហរដ្ឋអាមេរិក ទៅដល់តៃវ៉ាន់ ក្រោមកម្មវិធីជំនួយ មានគោលបំណងដល់រដ្ឋាភិបាលបរទេស។

បើទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ថ្វីត្បិតតែសហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតជាផ្លូវការ ជាមួយនឹងរដ្ឋាភិបាលក្រុងតៃប៉ិ ក៏ពិតមែន ប៉ុន្ដែរដ្ឋាភិបាលវ៉ាស៊ីនតោន បានអះអាង អំពីការការពារដល់កោះតៃវ៉ាន់ ប្រសិនបើមានការលុកលុយ ដោយកម្លាំងយោធាចិន។ ជាមួយគ្នានេះក្រុមមន្រ្ដីជាន់ខ្ពស់ នៃក្រសួងការពារជាតិសហរដ្ឋអាមេរិក ធ្លាប់អះអាងជាញឹកញាប់ ថា សហរដ្ឋអាមេរិក នឹងវាយលុកទៅលើចិន ប្រសិនបើចិន វាយលុកឈ្លានពាន ទៅលើកោះតៃវ៉ាន់។
រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងក្រុមហ៊ុនឧស្សាហកម្មការពារជាតិទាំង២របស់សហរដ្ឋអាមរិក ដោយផ្អែកលើច្បាប់របស់ចិន ប្រឆាំងនឹងទណ្ឌកម្មបរទេស។ ទន្ទឹមគ្នានេះដែរ ប្រទេសចិន បានជំរុញឲ្យសហរដ្ឋអាមេរិក បញ្ឈប់លក់គ្រឿងសព្វាវុធ ទៅឲ្យដែនកោះមួយនេះ តាមអ្វីដែលក្រុងប៉េកាំង អះអាងជាផ្នែកមួយ នៃទឹកដីរបស់ចិន។

រដ្ឋាភិបាលក្រុងប៉េកាំង តែងតែទាមទារកោះតៃវ៉ាន់ ថា ដែនកោះមួយនេះ ជាផ្នែកមួយនៃទឹកដីរបស់ចិន ហើយបានប្តេជ្ញា ថា នឹងដណ្តើមយកមកវិញ ដោយការប្រើប្រាស់កម្លាំងយោធា ប្រសិនបើចាំបាច់។
សហរដ្ឋអាមេរិក កាលពីខែកក្កដា បានបង្ហាញកញ្ចប់ជំនួយយោធា មានទំហំទឹកប្រាក់ ៣៤៥លានដុល្លារអាមេរិក ត្រូវបានរៀបចំឡើង ដើម្បីពង្រឹងសមត្ថភាពយោធារបស់ដែនកោះមួយនេះ ឲ្យបានយ៉ាងឆាប់រហ័ស សម្រាប់ការទប់ស្កាត់ដល់ការឈ្លានពានរបស់ចិន។ កញ្ចប់ជំនួយយោធាទាំងនោះ មានលក្ខណៈពិសេស ឧបករណ៍ស៊ើបការណ៍ ឃ្លាំមើល និង ឈ្លបយកការណ៍ និង គ្រឿងសព្វាវុធធុនតូច នឹងត្រូវដកចេញពីឃ្លាំងអាវុធរបស់ក្រុងវ៉ាស៊ីនតោន៕ រក្សាសិទ្ធដោយ ៖ សារាយSN











