ការរកឃើញនេះ បណ្តាលឲ្យដំណើរការព្យាបាលដល់ទាហានរូបនេះកាន់តែលំបាកឡើង។
ទាហានកូរ៉េខាងជើងរូបនេះបានត្រូវបាញ់ច្រើនគ្រាប់ខណៈពេលប្រឹងរត់សំដៅមកកាន់កូរ៉េខាងត្បូង ហើយត្រូវបានគេរកឃើញមាន “ប៉ារ៉ាសិត ដែលពុំធ្លាប់ឃើញពីមុនមក”ក្នុងពោះ។
បណ្តាវេជ្ជបណ្ឌិតកូរ៉េខាងត្បូងឲ្យដឹងថា បុរសរូបនេះ បានឆ្លងការវះកាត់២លើកហើយ ក្រោយពីគាត់រត់មកកាន់កូរ៉េខាងត្បូង។
តាមកាសែតកូរ៉េខាងត្បូងនោះទាហានរូបនេះបានរងគ្រាប់កាំភ្លើង ៥-៦គ្រាប់គ្រាយុទ្ធមិត្តរបស់គាត់បានបាញ់ដល់ទៅ ៤០គ្រាប់មកគាត់។
វេជ្ជបណ្ឌិត Lee Guk-Jong ជាអ្នកទទួលបន្ទុកវះកាត់ឲ្យទាហានរត់ចោលជួររូបនេះ ប្រាប់ថា “យើងខ្ញុំកំពុងជួបប្រទះការលំបាកច្រើន ក្នុងការព្យាបាលក្រោយពេលដែលរកឃើញ
បរិមាណប៉ារ៉ាសិតដ៏ច្រើននៅក្នុងពោះរបស់ទាហានរូបនេះ វាជ្រៀតជ្រែកចូល ហើយស៊ីតំបន់រងរបួសទាំងឡាយ។
“យើងខ្ញុំក៏បានរកឃើញប៉ារ៉ាសិត១ប្រភេទ ពុំធ្លាប់ប្រទះក្នុងរាងកាយជនកូរ៉េខាងជើងមុននេះ។ បញ្ហាប្រទះថ្មីៗនេះ បណ្តាលឲ្យស្ថានភាពកាន់តែយ៉ាប់យឺន ហើយបង្កជាការប្រែប្រួលធំជាច្រើន។
វេជ្ជបណ្ឌិត Lee Guk-Jong បកស្រាយពីស្ថានភាពបច្ចុប្បន្នរបស់ទាហានកូរ៉េខាងជើងរត់ចោលជួរ
ព្រូនមូលជាប្រភេទ១ ក្នុងចំណោមប៉ារ៉ាសិតត្រូវបានរកឃើញក្នុងពោះរបស់ទាហានរូបនេះ។ វាអាចកើតមានព្រោះតែការរស់នៅក្នុងតំបន់ពុំសូវមានអនាម័យ នឹងអាចបណ្តាលឲ្យមានការរលាក ប្រសិនពុំព្យាបាល។
តាមកាសែត កូរ៉េខាងត្បូងនោះ ពលរដ្ឋកូរ៉េខាងជើងជាច្រើនអាចរងទទួលប៉ារ៉ាសិតទាំងនោះ ហើយព្រូនមូលដែលធ្លាប់ប្រទះឃើញមានបណ្តោយដល់ទៅ 27cm៕