Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា រំពឹងថានឹងពង្រីកចំណែកទីផ្សារក្នុងស្រុក និងអាចនាំចេញទៅទីផ្សារក្រៅស្រុក

ភ្នំពេញ៖ តាមរយៈកិច្ចគាំទ្រពីគម្រោង CAPFISH សហគ្រាស Cambodia Fresh Farm ដែលជាកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា រំពឹងថា នឹងទទួលបានវិញ្ញាបនប័ត្រ HACCP និងពង្រីកចំណែកទីផ្សារក្នុងស្រុក អាចនាំចេញផលិតផលទៅកាន់ទីផ្សារ ប្រទេសជប៉ុន និងសហភាពអ៉ឺរ៉ុប ក៏ដូចជាទីផ្សារក្រៅស្រុកផ្សេងទៀត។

បើយោងតាមកសិដ្ឋានចិញ្ចឹមត្រីទីឡាព្យា Cambodia Fresh Farm ដែលមានទីតាំងស្ថិតនៅក្នុងស្រុកពញាឮ ខេត្ដកណ្ដាល បានឲ្យដឹងថា ចំណូលបានពីការលក់សាច់ត្រី ទទួលបានចន្លោះពី៤ពាន់ ទៅ៥ពាន់ដុល្លារ ក្នុងមួយខែ។

លោក ចាវ សួស្តី នាយកប្រតិបត្ដិកសិដ្ឋាន Cambodia Fresh Farm បានឲ្យដឹង នៅពេលមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផល ក្រោមគម្រោង CAPFish បានឲ្យដឹងថា បច្ចុប្បន្នតម្លៃសាច់ត្រី ដែលលក់ចេញទៅលើទីផ្សារ ក្នុងមួយគីឡូក្រាម លក់ចេញបានក្នុងតម្លៃ ១៥ដុល្លារ ខណៈក្នុងមួយថ្ងៃអាចលក់សាច់ត្រីចេញបានចំនួន ១០គីឡូក្រាម។

សូមបញ្ជាក់ថា ក្រុមហ៊ុន Rainbow Progress Enterprises Co., Ltd ជាអ្នកបង្កើតកសិដ្ឋានវារីវប្បកម្មនេះឡើងក្នុងឆ្នាំ២០១៦ ដើម្បីចិញ្ចឹមត្រីទីឡាព្យាយកសាច់លក់ ដែលមានម្ចាស់វិនិយោគជាជនជាតិជប៉ុន និងទទួលបានជំនួយបចេ្ចកទេសពីទីភ្នាក់ងារសហប្រតិបត្ដិការអន្ដរជាតិ នៃប្រទេសជប៉ុន (JICA)។

កសិដ្ឋានវារីវប្បកម្មនេះ បានទទួលការគាំទ្រ ពីគម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) ដែលជាកម្មវិធីជំរុញកំណើនវិស័យជលផល ប្រកបដោយចីរភាព និងបរិយាប័ន្ន និងមានគោលដៅគាំទ្រ សមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិ និងអន្តរជាតិ៕

×