Tuesday, October 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុងប៉េកាំង បង្កើនការត្រួតពិនិត្យលើជនជាតិជប៉ុន នៅក្នុងប្រទេសចិន

រដ្ឋធានីប៉េកាំង៖ ក្រោយពេលរដ្ឋាភិបាលក្រុងតូក្យូ បានបញ្ចេញទឹកដែលបានចម្រោះវិទ្យុសកម្ម ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ បញ្ចូលទៅក្នុងមហាសមុទ្រ ធ្វើឲ្យក្រុងប៉េកាំង ប្រតិកម្មយ៉ាងខ្លាំង និង បានហាមឃាត់ដល់ការនាំចូលផលិតផលម្ហូបអាហារសមុទ្រមកពីប្រទេសអាស៊ីបូព៌ាមួយនេះ ហើយឥឡូវ ចិន កំពុងតែបង្កើននូវការត្រួតពិនិត្យ ទៅលើជនជាតិជប៉ុន ប្រហែលជាង១សែននាក់ កំពុងតែរស់នៅក្នុងប្រទេសមហាយក្សអាស៊ីមួយនេះ។

សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីថ្ងៃចន្ទ ទី១៨ ខែកញ្ញា ដោយដកស្រង់ប្រភពជិតស្និទ្ធពាក់ព័ន្ធនឹងរឿងរ៉ាវនេះ បានអះអាង កាលពីថ្ងៃអាទិត្យ (ទី១៧ ខែកញ្ញា) ថា រដ្ឋាភិបាលក្រុងប៉េកាំង បាននិងកំពុងបង្កើនការឃ្លាំមើលជនជាតិជប៉ុន ដែលកំពុងតែរស់នៅក្នុងប្រទេសចិន។ សកម្មភាពបែបនេះ បានកើតឡើង ក្រោយពេលក្រុងតូក្យូ បានសម្រេចបញ្ចេញទឹកដែលបានចម្រោះជាតិវិទ្យុ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរហ៊្វូគូស៊ីម៉ា (Fukushima) ដែលរងនូវការខូចខាត ពីមហារលកយក្សស៊ូណាមិ។

ជាមួយគ្នានេះ រដ្ឋាភិបាលក្រុងប៉េកាំង បានស៊ើបអង្កេតលើសាវតារបស់បុគ្គល ពាក់ព័ន្ធនឹងការចរចាលើការបង្ហូរទឹក ហើយជាមួយនឹងច្បាប់ប្រឆាំងនឹងចារកម្ម ដោយមានវិសាលភាព លើអ្វីដែលបានបង្កើតជាចារកម្ម នៅក្រោមច្បាប់របស់ចិន។

ក្រុមអ្នកជំនាញនយោបាយមួយចំនួន បានអះអាង ថា បក្សកុម្មុយនិស្ត ប្រហែលជាបានព្យាយាមឃុំខ្លួនពលរដ្ឋជប៉ុន ដែលរស់នៅក្នុងប្រទេសចិន ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping)។ ចិន ធ្វើការងារកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការត្រួតពិនិត្យលើសកម្មភាពរបស់ជនបរទេស នៅក្នុងប្រទេសរបស់ខ្លួន។

ក្រុមអ្នកជំនាញ បានបន្ដ ថា បច្ចុប្បន្ន មានជនជាតិជប៉ុន ជាង ១00 000 នាក់ កំពុងតែរស់នៅក្នុងប្រទេសចិន។ រីឯការព្រួយបារម្ភ បានកើនឡើង នៅក្នុងចំណោមសហគមន៍បរទេស ជុំវិញគោលជំហររបស់ក្រុងប៉េកាំង ដែលហាក់បីដូចជាចាត់ទុកពលរដ្ឋបរទេស ជាចំណាប់ខ្មាំងដ៏មានសក្តានុពល។

ប្រទេសជប៉ុន បានប្រកាស កាលពីខែមេសា ឆ្នាំ២០២១ ថា ក្រុងតូក្យូ នឹងបញ្ចេញទឹក ដែលបានបន្សាបជាតិវិទ្យុសកម្ម បញ្ចូលចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងរយៈពេលប្រហែល២ឆ្នាំខាងមុនេះ។ ជាមួយគ្នានេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) បានផ្តល់ភ្លើងខៀវឱ្យចាប់ផ្តើមបញ្ចេញទឹក ពីរោងចក្រនុយក្លេអ៊េរ កាលពីថ្ងៃទី២៤ ខែសីហា ទើបនាំឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីប្រទេសចិន៕ រក្សាសិទ្ធដោយ ៖ សារាយSN

×