រដ្ឋធានីខាទូម៖ ជម្លោះប្រដាប់អាវុធ រវាងកម្លាំងទាហានស៊ូដង់ ដឹកនាំ ដោយលោកឧត្ដមសេនីយ៍ អាប់ដែល ហ្វាតាស អាល់-ប៊ឺហាម (Abdel Fattah al-Burhan) នាយអគ្គសេនាធិការកងទ័ពស៊ូដង់ និង ជាប្រធានក្រុមប្រឹក្សាអធិបតេយ្យភាពបណ្ដោះអាសន្នស៊ូដង់ និង កម្លាំងគាំទ្ររហ័ស (RSF) ដឹកនាំដោយលោកឧត្ដមសេនីយ៍ ម៉ូហាមេដ ហាមដេន ដាហ្គាឡូ (Mohamed Hamdan Dagalo) ដែលគេស្គាល់ជាទូទៅ មេទ័ពហេមេដធី (Hemedti) ជាអនុប្រធាន កំពុងតែបន្ដវាយប្រយុទ្ធគ្នា បណ្ដាលឲ្យមនុស្ស រាប់ពាន់នាក់បាត់បង់ជីវិត និង ប្រហែលជាង៥លាននាក់ផ្សេងទៀត កំពុងតែរត់ភៀសខ្លួន ខណៈអគារខ្ពស់ៗជាច្រើន ត្រូវភ្លើងឆាបឆេះ។

សារព័ត៌មាន BBC បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី១៩ ខែកញ្ញា ថា អគារជាច្រើនត្រូវភ្លើងឆាបឆេះ នៅក្នុងរដ្ឋធានីខាទូម ប្រទេសស៊ូដង់ ក្រោយការវាយប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងទ័ពស៊ូដង់ និង កងកម្លាំងជាគូប្រជែងដណ្ដើមអំណាចគ្នា នៅក្នុងប្រទេសអាហ្វ្រិកមួយនេះ។
ឃ្លីបវីដេអូមួយ ត្រូវបានបង្ហោះ នៅតាមបណ្ដាញអ៊ិនធើណេត កាលពីថ្ងៃអាទិត្យ (ទី១៧ ខែកញ្ញា) បានបង្ហាញ អំពីអគារក្រុមហ៊ុនប្រេង Greater Nile Petroleum Oil Tower ត្រូវភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
លោក តាហ្គេដ អាប់ឌីន (Tagreed Abdin) ជាស្ថាបត្យករ នៃអគារនោះ បានសរសេរ នៅលើបណ្ដាញសង្គម Twitter ថា «នេះពិតជាឈឺចាប់ខ្លាំងណាស់»។
ការវាយប្រហារតាមអាកាស និង ការប្រយុទ្ធនៅលើដី កំពុងតែបន្ត នៅក្នុងរដ្ឋធានីខាទូម (Khartoum) និង នៅតាមទីក្រុងជាច្រើនទៀត ចាប់តាំងពីការផ្ទុះជម្លោះ កាលពីអំឡុងខែមេសា រហូតមក។

អង្គការសហប្រជាជាតិ បានបញ្ជាក់ ថា ជម្លោះប្រដាប់អាវុធ រវាងកម្លាំងគាំទ្ររបស់លោកឧត្ដមសេនីយ៍ទាំង២រូបនេះ បានធ្វើឲ្យមនុស្ស ជាង១លាននាក់ ត្រូវបានបង្ខំចិត្ដភៀសខ្លួន ចាកចេញពីប្រទេសស៊ូដង់។
អគារខ្ពស់របស់ក្រុមហ៊ុនប្រេង មានកម្ពស់១៨ជាន់ មានទីតាំងនៅជិតទន្លេនីល ជាអគារខ្ពស់បំផុតមួយ នៅក្នុងទីក្រុងខាទូម ត្រូវភ្លើងឆាបឆេះអស់។ អំពើហិង្សា នៅក្នុងប្រទេសស៊ូដង់ បានចាប់ផ្តើម នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បង្កឡើង ដោយការដណ្ដើមអំណាចគ្នា រវាងមេដឹកនាំយោធា នៃកងទ័ពស៊ូដង់ និង កងកម្លាំងប៉ារ៉ាគាំទ្ររហ័ស (RSF) ។
អ្នកឃ្លាំមើលសង្រ្គាមស៊ូដង់ ដែលបានផ្តល់ការវិភាគ អំពីជម្លោះនេះ បានអះអា ថា កម្លាំងទាហាន RSF បានវាយប្រហារទៅលើតំបន់ គ្រប់គ្រងដោយកងទ័ពស៊ូដង់ កាលពីថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) រួមទាំងប្លុកការិយាល័យ នៅក្រសួងយុត្តិធម៌ ផងដែរ។ អគាររដ្ឋាភិបាល ជាច្រើនត្រូវបានគេរាយការណ៍ ថា លទ្ធផល នៃការវាយប្រហារនេះ បានបង្កឲ្យមានភ្លើងឆាបឆេះឡើង។

លោក ហាឌី អាប់ដូលឡាស (Fadl Abdullah) អតីតអនុប្រធានក្រុមហ៊ុន Greater Nile Petroleum Operating Company បានប្រាប់ BBC Arabic ថា អគារនេះ ត្រូវបានសាងសង់ឡើង ដោយការចំណាយលុយ ប្រហែល២០លានដុល្លារអាមេរិក។ ប៉ុន្ដែការវាយប្រយុទ្ធគ្នានេះ បានបំផ្លិចបំផ្លាញអគារនេះ ហើយវាជាការបាត់បង់ផ្នែកហិរញ្ញវត្ថុដ៏ច្រើនបំផុតផងដែរ។
អាជ្ញាធរសុខាភិបាល បានប្រកាស កាលពីថ្ងៃអាទិត្យថា មន្ទីរពេទ្យសំខាន់ៗទាំងអស់ នៅក្នុងរដ្ឋធានីខាទូម ក៏ដូចជា តំបន់ដាហ្វឺរ (Darfur) ត្រូវបានបិទទ្វារលែងដំណើរការ។ ជម្លោះដណ្ដើមអំណាចគ្នានេះ បានសម្លាប់មនុស្ស ប្រហែល ៧ ៥០០នាក់ និង ជាង៥លាននាក់ផ្សេងទៀត រត់ភៀសខ្លួន៕ រក្សាសិទ្ធដោយ ៖ សារាយSN











