ភ្នំពេញ៖ នៅក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅប្រទេសកម្ពុជា យុវជន ជាកម្លាំងចលករប្រកបដោយថាមភាពក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលឲ្យកាន់តែរីកចំរើន។ មជ្ឈមណ្ឌលកម្ពុជា ៤.0 បានសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២៣ នេះបានរៀបចំ វេទិកាកម្ពុជា ៤.០ លើកទី១ ស្តីពី “យុវជន ៤.០” ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈ មណ្ឌលកម្ពុជា ៤.០ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ឯកឧត្ដមហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា ឧស្សាហកម្ម ៤.០ បានក្លាយទៅជាយន្តការណ៍សកល ដែលមិនអាចចៀសផុត ហើយបច្ចេកវិទ្យា បានជ្រៀតចូលយ៉ាងជ្រៅ នៅក្នុងសកម្មភាពសង្គមសេដ្ឋកិច្ច ទំនាក់ទំនងគ្រប់កោសិកា គ្រប់អាជីវកម្ម ប្រចាំថ្ងៃ បច្ចេកវិទ្យា បានជះឥទ្ធិពលយ៉ាងខ្លាំង។
នៅក្នុងវេទិកាកម្ពុជា ៤.០ លើកទី១ ផ្តោតសំខាន់លើយុវជនក្នុងយុគសម័យឌីជីថល ដោយហេតុថា យុវជនជាកម្លាំងចលករដ៏មានសារៈសំខាន់ សម្រាប់កម្ពុជានាថ្ងៃអនាគត ក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រោះថា ពួកគេជាកម្លាំងពលកម្មសកម្មដ៏មានសក្តានុពល និងជាក្រុមមនុស្ស ដែលងាយក្នុងការសម្របខ្លួនទៅនឹងបរិបទថ្មីៗ និងជាអ្នកដែលនិយមក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យា។
លោកបានវាយតម្លៃថា វេទិកាកម្ពុជា ៤.០ លើកទី១នេះ បានបង្ហាញឱ្យឃើញពីតួនាទី និងសារៈសំខាន់នៃការចូល រួមរបស់យុវជន នៅក្នុងដំណើរការបរិវត្តកម្មឌីជីថលនៅកម្ពុជា ដោយសារយុវជនជាកម្លាំងចលករប្រកបដោយថាមភាពក្នុងការជំរុញការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ក្នុងនោះ ការអញ្ជើញចូលរួមពីវាគ្មិនតំណាងក្រសួងអប់រំ យុវជន និងកីឡា សភាពាណិជ្ជកម្មកម្ពុជា និងអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា បានរំលេចពីតួនាទីរបស់វិស័យអប់រំ និងគ្រឹះស្ថានបណ្តុះ បណ្តាល ក្នុងការដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងសកម្មភាពគន្លឹះបន្ថែម ដើម្បីពង្រឹងការអប់រំឌីជីថល និងការអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងឈានទៅការជំរុញយុវជនក្នុងការចាប់យកអាជីពឌីជីថល។
លើសពីនេះទៀត ទំនាក់ទំនងរវាងយុវជន និងការអប់រំឌីជីថល ជំនាញឌីជីថល ក៏ដូចជាអាជីពឌីជីថល មានភាពចាំបាច់ និងមានសារៈសំខាន់សម្រាប់យុវជន ដោយហេតុថា ការកសាងមូលធនមនុស្សចាំបាច់ណាស់ត្រូវចាប់ផ្តើមពីការអប់រំដែលមានគុណភាព និងចេះប្រើប្រាស់ បច្ចេកវិទ្យាជាជំនួយក្នុងការអប់រំ និងការសិក្សា សំដៅឆ្លើយតបនឹងតម្រូវការជាក់ស្តែងនៃអាជីពនាពេលបច្ចុប្បន្ន ដែលទាំងនេះ ជាកត្តាកំណត់នូវភាពជោគជ័យនៃការចាប់យកនូវកាលានុវត្តភាពពីការរីកចម្រើននៃបច្ចេកវិទ្យា៕