បុរីញូវយ៉ក៖ សង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានផ្ទុះឡើង នៅលើទឹកដីរបស់អ៊ុយក្រែន កំពុងតែបំផ្លិចបំផ្លាញដល់ប្រទេសអឺរ៉ុបខាងកើតមួយនេះ មានខូចខាត មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ហើយបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុត ហើយឥឡូវនេះ មេដឹកនាំក្រុងកៀវ កំពុងតែជំរុញដល់ពិភពលោក ដាក់គំនាបលើរុស្ស៊ី ដើម្បីបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃនេះ។
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២០ ខែកញ្ញា ថា លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) ប្រធានាធិបតីអ៊ុយក្រែន បានអង្វរដល់មេដឹកនាំពិភពលោក ដែលកំពុងតែប្រមូលផ្តុំគ្នា នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ (ទី១៩ ខែកញ្ញា) ឱ្យរួបរួមគ្នា ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ បន្ថែមពីលើនេះ លោកប្រធានាធិបតី បានជំរុញឲ្យក្រុងម៉ូស្គូ ត្រូវតែបញ្ចប់សង្គ្រាមនេះ ទើបធ្វើឲ្យពិភពលោក អាចងាកទៅរកការដោះស្រាយបញ្ហាប្រឈមជាសកល លើអាកាសធាតុ។

លោកប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ ថា «ឥឡូវនេះខ្ញុំកំពុងតែធ្វើការ ឆ្ពោះទៅរកកិច្ចប្រជុំកំពូលសន្តិភាព ដោយផ្អែកលើរឿងនេះ ហើយថ្ងៃស្អែក ខ្ញុំនឹងបង្ហាញព័ត៌មានលម្អិត នៅក្នុងកិច្ចប្រជុំពិសេសរបស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ»។
លោកប្រធានាធិបតី ហ្សេឡែនស្គី បានទាក់ទាញការអបអរសាទរ ខណៈគាត់បានចូលកាន់តំណែងរបស់គាត់ នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ នេះជាការការបង្ហាញខ្លួន ដោយផ្ទាល់ជាលើកដំបូងរបស់លោកប្រធានាធិបតី នៅក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិ (UNGA) ប្រចាំឆ្នាំ ចាប់តាំងពីលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានលើកទ័ព ចូលឈ្លានពាន នៅក្នុងប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នា២០២២ មក។

លោកប្រធានាធិបតី ហ្សេឡែនស្គី បានសង្កត់ធ្ងន់ ថា «អ៊ុយក្រែន កំពុងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានា ថា បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ី រួមក នឹងគ្មានប្រទេសណាមួយ នៅលើពិភពលោក នឹងហ៊ានវាយប្រហារប្រទេសណាមួយផ្សេងៗទៀតនោះឡើយ។ រីឯការប្រើប្រាស់គ្រឿងសព្វាវុធវត្រូវតែហាមឃាត់ និង ចាត់ទុកជាឧក្រិដ្ឋកម្មសង្គ្រាម ហើយត្រូវតែទទួលទោស។ រីឯអ្នកត្រូវនិរទេសខ្លួនដោយបង្ខំ ត្រូវតែត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ហើយអ្នកឈ្លានពានត្រូវតែដកទ័ពថយវិលត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញ»។
ជាមួយគ្នានេះ លោកប្រធានាធិបតី ហ្សេឡែនស្គី បានប្រកាន់ដល់ប្រទេសរុស្ស៊ី អំពីការរៀបចំទីផ្សារស្បៀងអាហារពិភពលោក ដើម្បីស្វែងរកការទទួលស្គាល់ជាអន្តរជាតិ អំពីកម្មសិទ្ធិរបស់ក្រុងមូស្គូ នៅលើដីដែលបានរឹបអូស ពីរដ្ឋាភិបាលក្រុងកៀវ។ ដោយឡែក បញ្ហាអាកាសធាតុ ក៏កាន់តែអាក្រក់ ហើយគ្រោះមហន្តរាយធម្មជាតិ បង្កឡើងពីការរញ្ជួយដី កាលពីពេលថ្មីៗនេះ នៅក្នុងប្រទេសម៉ារ៉ុក និង ទឹកជំនន់នៅប្រទេសលីប៊ី ក៏ជាវិបត្ដិដ៏ធ្ងន់ធ្ងរត្រូវដោះស្រាយជាសកល។ ពិភពលោក នឹងរួបរួមគ្នាដោះស្រាយបញ្ហាវិបត្ដិទាំងនេះបាន លុះត្រាតែបញ្ចប់សង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែន បានថ្លែងទៅកាន់មហាសន្និបាតរបស់អង្គការសហប្រជាជាតិ ថា «យើងត្រូវតែបញ្ឈប់សង្គ្រាម។ យើងត្រូវធ្វើសកម្មភាពរួមគ្នា ដើម្បីកម្ចាត់អ្នកឈ្លានពាន ហើយផ្តោតលើសមត្ថភាព និង ថាមពលរបស់យើងទាំងអស់ លើការដោះស្រាយបញ្ហាប្រឈមនឹងវិបត្ដិអាកាសធាតុ»។
ដោយឡែក ក្រុមអ្នកជំនាញ បានអះអាង កាលពីដើមឆ្នាំ២០២៣ ថា ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេសអ៊ុយក្រែន បង្កឡើង ដោយសារសង្គ្រាម មានទំហំរាប់រយពាន់លានដុល្លារ ខណៈសង្គ្រាមកំពុងតែបន្ដ។ សង្គ្រាមនេះ បានឆក់យកជីវិតមនុស្ស រាប់សែននាក់៕ រក្សាសិទ្ធដោយ ៖ សារាយSN









































