មនុស្សជាង ៣០០ នាក់ រួមទាំងប៉ូលីស ទាហាន មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ និងអ្នកស្រុក នៅក្នុងប្រទេសវៀតណាម បានកំពុងព្យាយាមស្វែងរកយុវជនម្នាក់ ដែលបានបាត់ខ្លួនជិតមួយសប្តាហ៍មកហើយ បន្ទាប់ពីចូលទៅក្នុងព្រៃ ដើម្បីរកឃ្មុំ។
នាព្រឹកថ្ងៃទី២០ កញ្ញា លោក Nguyen Huy Anh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Nghia Loi ស្រុក Nghia Dan ខេត្ត Nghe An បានឲ្យដឹងថា មនុស្សជាង ៣០០ នាក់ រួមមានប៉ូលីស ទាហាន មន្ត្រីរដ្ឋាភិបាលក្នុងតំបន់ និងប្រជាជនកំពុងព្យាយាមស្វែងរកយុវជនឈ្មោះ Vi Van Nghia (អាយុ ២៤ ឆ្នាំ រស់នៅឃុំ Nghia Loi) បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ពេលរូបគេបានចូលទៅរកឃ្មុំក្នុងព្រៃ។
អាជ្ញាធរនៅតែកំពុងស្វែងរកយ៉ាងសកម្ម នៅក្នុងឃុំ Thanh Tan ស្រុក Nhu Thanh ខេត្ត Thanh Hoa។ លោក Huy Anh បានចែករំលែកថា ប្រជាជនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីហោះហើរជុំវិញតំបន់នោះ ប៉ុន្តែរហូតមកដល់ពេលនេះ កន្លែងលាក់ខ្លួនរបស់ជនរងគ្រោះមិនត្រូវបានរកឃើញទេ។
Nghia Loi គឺជាឃុំមួយដែលមានព្រំប្រទល់ជាប់ឃុំ Thanh Tan នៃស្រុក Nhu Thanh (Thanh Hoa) ។ ហើយក្នុងតំបន់ជាប់ព្រំដែននេះមានព្រៃជិត ១ ពាន់ហិកតា។
លោក Huy Anh បាននិយាយថា “យើងកំពុងស្វែងរកក្នុងព្រៃ ក្នុងឃុំ Nghia Loi និង Thanh Tan រដ្ឋាភិបាលមូលដ្ឋានឃុំ Thanh Tan ក៏បានបញ្ជូនកម្លាំងទៅចូលរួមជួយរកផងដែរ។ ទោះជាយ៉ាងនេះក្តី ផ្ទៃដីព្រៃមានទំហំធំពេក ហើយអាកាសធាតុអាក្រក់ ធ្វើឲ្យការស្វែងរកមានការលំបាកនាពេលនេះ។ លោក Huy Anh ក៏បានឲ្យដឹងថា «មានអ្នកស្រុកម្នាក់បានរាយការណ៍ថា ពួកគេបានប្រទះឃើញមនុស្សស្រដៀងនឹងការរៀបរាប់នៅក្នុងព្រៃ ប៉ុន្តែបច្ចុប្បន្នគ្មានដានអ្វីឡើយ»។
មុននោះនៅព្រឹកថ្ងៃទី១៤ ខែកញ្ញា យុវជនបាត់ខ្លួនឈ្មោះ Vi Van Nghia បានជិះម៉ូតូមួយគ្រឿងដឹកប្រអប់ស្នោពណ៌ស និងកាបូបស្ពាយពណ៌ខៀវងងឹត ចេញពីផ្ទះទៅស្រុក Nhu Thanh ដើម្បីស្វែងរកសំបុកឃ្មុំ។
លុះដល់ល្ងាចថ្ងៃដដែលឈ្មោះ Nghia ពុំបានវិលមកដូចសព្វដងទេ គ្រួសារមានការព្រួយបារម្ភ ក៏បានរាយការណ៍ទៅសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ។ ពេលទទួលបានដំណឹងនេះ អាជ្ញាធរឃុំបានចុះស្រាវជ្រាវ ហើយទន្ទឹមនឹងនោះក៏បានចេញសេចក្តីជូនដំណឹងឲ្យគ្រប់គ្នាជួយស្វែងរកផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង