រដ្ឋធានីប៉េកាំង៖ នៅក្នុងមួយរយៈពេលចុងក្រោយនេះ ការមិនបង្ហាញវត្ដមានរបស់ប្រមុខការពារជាតិចិន ក៏ដូចជា ការបណ្ដេញប្រមុខការទូត ចេញពីតំណែង ធ្វើឲ្យក្រុមអ្នកជំនាញ បានលើកឡើងជាសំណួរ ជុំវិញការសម្រេចចិត្តដ៏អាប់អួររបស់លោកប្រធានាធិបតី ស៊ី ជិនពីង។
សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីថ្ងៃពុធ ទី២០ ខែកញ្ញា ដោយផ្អែកលើក្រុមមន្រ្ដីសហរដ្ឋអាមេរិក បានអះអាង ថា លោក លី សាងហ៊្វូ (Li Shangfu) រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅតែស្ថិតក្រោមការស៊ើបអង្កេត ហើយរដ្ឋាភិបាលក្រុងប៉េកាំង បានកាត់បន្ថយតួនាទីរបស់គាត់ ក្រោយការតែងតាំង ជាប្រមុខការពារជាតិ អស់រយៈពេល៦ខែមកនេះ។ នេះបើយោងតាមកាសែត Financial Times បានរាយការណ៍ កាលពីសប្តាហ៍មុន។

លោក ឈិន កាង (Qin Gang) រដ្ឋមន្រ្ដីក្រសួងការបរទេសចិន ដែលជាមនុស្សដ៏ជំនិតបំផុតមួយរូបរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ត្រូវបានបណ្ដេញ ចេញពីមុខតំណែង កាលពីខែកក្កដា ឆ្នាំ២០២៣ ក្រោយពេលគាត់មិនបានបង្ហាញមុខជាសាធារណៈ អស់រយៈពេលជាច្រើនសប្ដាហ៍រួចមក។ ប៉ុន្ដែការដកហូតតំណែងប្រមុខការទូតកំពូលរបស់ចិន រូបនេះ ក៏រដ្ឋាភិបាលក្រុងប៉េកាំង មិនបានបញ្ជាក់ អំពីមូលហេតុណាមួយនោះដែរ។
ក្រោយមក នៅខែដដែលនោះ ប្រទេសចិន បានប្រកាស ថា អតីតមេបញ្ជាការកងទ័ពជើងទឹកលោក វ៉ាង ហ៊ូប៊ីន (Wang Houbin) នឹងចូលកាន់តំណែង ជាប្រធានថ្មី នៃកម្លាំងនុយក្លេអ៊ែររបស់យោធាចិន ស្របពេលមានសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនានា បានលើកឡើង អំពីការស៊ើបអង្កេត លើករណីពុករលួយ។

ដោយឡែក លោក លី យូឆាវ (Li Yuchao) ជាអ្នកកាន់តំណែងមុខរបស់លោក វ៉ាង ហ៊ូប៊ីន ក៏មិនបានឃើញ អស់រយៈពេលជាច្រើនសប្ដាហ៍ ហើយបណ្ដាញផ្សព្វផ្សាយរបស់រដ្ឋចិន ក៏មិនបានពន្យល់ អំពីមូលហេតុ នៃការដកហូតតំណែងរបស់គាត់នោះដែរ។
លោក រ៉ាម អេម៉ាញូល (Rahm Emanuel ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសជប៉ុន បានអះអាង កាលពីសប្តាហ៍មុន ថា «មន្រ្ដីនៅក្នុងជួរគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីចិន ស៊ី ជិនពីង ឥឡូវនេះគឺស្រដៀងគ្នានឹងប្រលោមលោករបស់ Agatha Christie (អាហ្កាថា គ្រីស្ទា)។ មន្រ្ដីជាន់ខ្ពស់របស់ចិន ដំបូង គឺលោករដ្ឋមន្ត្រីការបរទេស ឈិន កាង បានបាត់ខ្លួន បន្ទាប់មកគឺមេបញ្ជាការកងកម្លាំងរ៉ុក្កែត ក៏បានបាត់ខ្លួន ហើយឥឡូវនេះ គឺលោកប្រមុខការពារជាតិ លី សាងហ៊្វូ មិនបានបង្ហាញខ្លួន ជាសាធារណៈ អស់រយៈពេលពីរសប្តាហ៍កន្លងមកហើយ»។

លោក ស៊ុន យុន (Sun Yun) ជាមន្រ្ដីជាន់ខ្ពស់ និង ជានាយកកម្មវិធីចិន នៃមជ្ឈមណ្ឌលស្ទីមសុន (Stimson) មានមូលដ្ឋាន នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ថា «ដូចអ្វីដែលបាននិយាយច្រើនរួចមកហើយ អំពីការមិនអាចព្យាករបាន ចំពោះការសម្រេចលើមន្រ្ដីរបស់ប្រទេសចិន និង នយោបាយក្នុងស្រុក នាពេលបច្ចុប្បន្ននេះ»។
ចាប់តាំងពីការឡើងកាន់តំណែងកំពូល នៃបក្សកុម្មុយនិស្តចិន នៅក្នុងអំឡុងឆ្នាំ២០១២ រហូតមក លោកប្រធានាធិបតី ស៊ី ជិនពីង បានបង្រួបបង្រួមនូវការគ្រប់គ្រងអំណាច នៅក្នុងរដ្ឋាភិបាលចិន ហើយគេជឿ ថា គាត់បានលើកកម្ពស់ដល់សម្ពន្ធមិត្តនយោបាយដ៏ជិតស្និទ្ធ ទៅនឹងតំណែងកំពូលរបស់ប្រទេស។
លោក ស៊ុន យុន បានបញ្ជាក់ ថា «ប្រសិនបើករណីនេះ បង្ហាញ ថា លោក លី ប្រមុខការពារជាតិចិន ត្រូវបណ្ដេញចេញពីតំណែងមែននោះ បញ្ហានេះនឹងមិនមែនជារូបភាពវិជ្ជមាន សម្រាប់លោកប្រធានាធិបតី ស៊ី ជិនពីង នោះដែរ។ មន្រ្ដីកំពូលដ៏សំខាន់របស់ចិន រាប់ទាំងលោក ឈិន កាង រដ្ឋមន្រ្ដីក្រសួងការបរទេស និង លោក លី សាងហ៊្វូ រដ្ឋមន្រ្ដីក្រសួងការពារជាតិ សុទ្ធតែលោកប្រធានាធិបតី ស៊ី ជិនពីង បានជ្រើសរើស ដោយផ្ទាល់។

ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ត្រូវបានគេចោទប្រកាន់ អស់រយៈពេលជាយូរមកហើយ ហើយវាក្លាយជាប្រធានបទដ៏សំខាន់ សម្រាប់ការគ្រប់គ្រងអំណាចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង។ មេដឹកនាំកំពូលរបស់ចិន រូបនេះ បានធ្វើយុទ្ធនាការដ៏ខ្លាំងក្លាមួយ ចាប់តាំងពីការឡើងកាន់តំណែងរបស់គាត់។ ជាមួយគ្នានេះដែរ ក្រុមអ្នករិះគន់ បានអះអាង ថា សកម្មភាពបែបនេះ អាចជួយដល់លោកប្រធានាធិបតី លុបបំបាត់គូប្រជែងខាងនយោបាយរបស់គាត់។
លោកស្រី ស៊ីណា ឆេស្ដនូត ហ្គេថែនស៍ (Sheena Chestnut Greitens) អ្នកជំនាញខាងនយោបាយផ្តាច់ការ នៅតំបន់អាស៊ីបូព៌ា ដែលបង្រៀន នៅសាកលវិទ្យាល័យតិចសាស់ បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន AFP ថា «ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចាប់ផ្តើមបោសសម្អាតដល់មន្រ្ដីកំពូលៗ នៅក្នុងជួរកងទ័ព និង កងកម្លាំងសន្តិសុខ ចាប់តាំងពីដើមទី ខណៈគាត់បានឡើងកាន់អំណាច ហើយបានបន្តធ្វើ រហូតមកដល់បច្ចុប្បន្ន»។
លោកស្រី សាស្រ្ដាចារ្យ រូបនេះ បានបញ្ជាក់ ថា មេដឹកនាំចិន ចាត់ទុកអំពើពុករលួយ ថា ជា ការគំរាមកំហែង ជាមូលដ្ឋាន។ បញ្ហានេះនឹងធ្វើឱ្យមានមនុស្សស្មោះត្រង់ ដោយផ្ទាល់ខ្លួន ច្រើនជាង ចំពោះបក្ស។ ប៉ុន្តែនៅពេលការស៊ើបអង្កេត ពីអំពើពុករលួយដំបូង ក៏បានកំណត់គោលដៅទៅលើមន្ត្រីសំខាន់ៗ ហើយត្រូវគេមើលឃើញ ថា វាជាបញ្ហាប្រឈម ចំពោះការគ្រប់គ្រងអំណាចរបស់លោក ស៊ី តាមរយៈការបង្កើនប្រជាប្រិយភាព ឬ សម្ពន្ធមិត្តរបស់អតីតមេដឹកនាំ ជាឧទាហរណ៍ ការស៊ើបអង្កេត កាលពីពេលថ្មីៗនេះជាដើម៕ រក្សាសិទ្ធដោយ ៖ សារាយSN











