Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋានគយ ការប្រមូលកម្រៃសេវាសាធារណៈ ត្រូវធ្វើឡើងស្របតាមតម្លៃសេវាដែលបានកំណត់, ហាមដាច់ខាត ការប្រើប្រាស់សិទ្ធិ និងតួនាទីរបស់ខ្លួន ក្នុងការប្រមូលកម្រៃក្រៅផ្លូវការ ដោយខុសច្បាប់

រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៣ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងនិងលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដា្ឋនគយនិងរដ្ឋាករកម្ពុជា។ រាល់ការប្រមូលកម្រៃសេវាសាធារណៈ ត្រូវធ្វើឡើងស្របតាមតម្លៃសេវាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយត្រូវចេញនូវបង្កាន់ដៃបង់ប្រាក់ជូនធុរជន ឬម្ចាស់ទំនិញស្រប់តាមនីតិវិធីជាធរមាន។ ហាមដាច់ខាត ការប្រើប្រាស់សិទ្ធិនិងតួនាទីរបស់ខ្លួន ក្នុងការប្រមូលកម្រៃក្រៅផ្លូវការដោយខុសច្បាប់។

ឯកឧត្តម គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកគយនិងរដ្ឋាករកម្ពុជា បានប្រកាសថា ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
(អគរ) ប្រកបដោយប្រសិទ្ធភាព អគរ សូមធ្វើការណែនាំនិងរំលឹកដល់អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីគយនិងរដ្ឋាករ រួមទាំងបុគ្គលិកជាប់កិច្ចសន្យាទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ លើការងារផ្តល់សេវាសាធារណៈ ដូចខាងក្រោម៖
១. ត្រូវគោរពឱ្យបានម៉ឺងម៉ាត់នូវម៉ោងរដ្ឋបាលបំពេញការងារ។ ចំពោះមាត់ច្រកសំខាន់ៗដែលមានសកម្មភាព ទំនិញនាំចេញ នាំចូលត្រូវចាត់ចែងវេនប្រចាំការបំពេញភារកិច្ចទាំងថ្ងៃ ទាំងយប់ (២៤ម៉ោង)។
២. ក្នុងពេលបំពេញការងារ ត្រូវប្រកាន់យកនូវអាកប្បកិរិយាថ្លៃថ្នូរ រួសរាយរាក់ទាក់ ចៀសវាងឱ្យបាននូវពាក្យសម្តី នឹងសកម្មភាពអសីលធម៌នានា។

៣. រាល់ការប្រមូលកម្រៃសេវាសាធារណៈ ត្រូវធ្វើឡើងស្របតាមតម្លៃសេវាដែលបានកំណត់ក្នុងតារាងឧបសម្ព័ន្ធ ភ្ជាប់នឹងប្រកាសលេខ ១៦០៨ សហវ.ប្រក ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ដីពីការផ្តល់សេវាសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដោយត្រូវចេញនូវបង្កាន់ដៃបង់ប្រាក់ជូនធុរជន ឬម្ចាស់ទំនិញស្រប់តាមនីតិវិធីជាធរមាន។ ហាមដាច់ខាត ការប្រើប្រាស់សិទ្ធិនិងតួនាទីរបស់ខ្លួន ក្នុងការប្រមូលកម្រៃក្រៅផ្លូវការដោយខុសច្បាប់។

៤. ត្រូវធ្វើការណែនាំនិងរំលឹកជាប្រចាំដល់មន្ត្រីគយនិងរដ្ឋាករ បុគ្គលិក ដែលបំពេញការងារក្រោមឱវាទ អំពី ការងារផ្តល់សេវាសាធារណៈ ដោយអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមបទបញ្ជាផ្ទៃក្នុង អគរ និងក្រមសីលធម៌និង កិរិយាមាយាទមន្ត្រីរាជការគយនិងរដ្ឋាករកម្ពុជា ជាពិសេសចំណុចណែនាំខាងលើនេះ។

៥. ត្រូវធ្វើការតាមដានជាប្រចាំនូវសកម្មភាពបំពេញការងារផ្តល់សេវាសាធារណៈ របស់មន្ត្រីគយនិងរដ្ឋាករ បុគ្គលិក ជាប់កិច្ចសន្យាទាំងអស់។ ក្នុងករណីពិនិត្យឃើញថា មន្ត្រីគយនិងរដ្ឋាករ បុគ្គលិកជាំប់កិច្ចសន្យាណាម្នាក់បាន ប្រព្រឹត្តនូវអាកប្បកិរិយាមិនសមរម្យក្នុងពេលផ្តល់សេវា ត្រូវធ្វើការណែនាំឱ្យកែលម្អជាបន្ទាន់។ ក្នុងករណី មិនមានការកែលម្អ ត្រូវធ្វើរបាយការណ៍មក អគរ ដើម្បីមានវិធានការខាងវិន័យ។
ទទួលបានសេចក្ដីណែនាំនេះ ប្រធានលេខាធិការដ្ឋាន ប្រធាននាយកដ្ឋាន សាខា និងការិយាល័យគយនិង រដ្ឋាករពាក់ព័ន្ធទាំងអស់ ត្រូវចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ ប្រកបដោយស្មារតីទទួលខុសត្រូវចាប់ពីថ្ងៃចុះ ហត្ថលេខានេះតទៅ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×