Sunday, May 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ADB ធ្វើបច្ចុប្បន្នភាពការព្យាករកំណើនសេដ្ឋកិច្ច កម្ពុជាឆ្នាំ ២០២៣ ហើយរក្សាការព្យាករកំណើនឆ្នាំ ២០២៤ នៅ ៦,០%

រាជធានីភ្នំពេញ ៖ ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) នៅថ្ងៃទី២០ កញ្ញា ២០២៣ ចេញរបាយការណ៍ថា កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៣ ត្រូវបានរំពឹងថានឹងទាបជាងការព្យាករពីដើមឆ្នាំបន្តិច គឺមកត្រឹម ៥,៣% ពី ៥,៥% ជាចម្បងគឺ ដោយសារតែកំណើនវិស័យឧស្សាហកម្មយឺតជាងការរំពឹងទុកនៅក្នុងឆមាសទីមួយ នេះបើយោងតាមការ ធ្វើបច្ចុប្បន្នភាព នៃរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានចេញផ្សាយនៅថ្ងៃនេះ។ របាយការណ៍របស់ ADB នេះបានរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤ នៅ ៦,០% ដដែល ។

ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ខែកញ្ញា ឆ្នាំ២០២៣ កត់សម្គាល់ថា ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨,៦% ឆ្នាំលើឆ្នាំ ក្នុងឆមាសទី១នៃឆ្នាំ ២០២៣។ ការធ្លាក់ចុះនេះត្រូវបានប៉ះប៉ូវមួយផ្នែកដោយកំណើន ២២,៩% នៃការនាំចេញ ផលិតផលកម្មន្តសាលក្រៅពីវិស័យកាត់ដេរ មានជាអាទិ គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមជាដើម។

នាយិកា ADB ប្រចាំកម្ពុជា លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ការរំពឹងទុកចំពោះ ភាពប្រសើរជាងមុននៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសធំៗដែលមានការជឿនលឿន ត្រូវបានរំពឹងថានឹង ជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ឆមាសទី២ ឆ្នាំ២០២៣ ទោះបីជាកំណើនវិស័យឧស្សាហកម្មក្នុងស្រុកបានថមថយក្នុងឆមាសដំបូងឆ្នាំនេះក៏ដោយ។ វិស័យសេវាកម្មចូលរួមចំណែកធំជាងគេ ចំពោះ កំណើនសេដ្ឋកិច្ចឆ្នាំនេះ ដោយវិស័យនេះបានកើនលើសការរំពឹងទុកនៅក្នុងឆមាសទី១ ជាពិសេសដោយ សារការងើបឡើងវិញខ្លាំងនៃវិស័យទេសចរណ៍។»

របាយការណ៍នេះ បានបង្កើនការព្យាករកំណើនវិស័យសេវាកម្មនៅឆ្នាំ២០២៣ ពី ៧,៣% ទៅ ៨,០%។ ការព្យាករសម្រាប់កំណើនវិស័យឧស្សាហកម្មត្រូវបានបន្ថយពី ៥,៨% មក ៤,៨% ហើយការព្យាករសម្រាប់កំណើនវិស័យកសិកម្មត្រូវបានកែសម្រួលពី ១,១% ទៅ ០,៩%។ របាយការណ៍នេះរក្សាការព្យាករអតិផរណាសម្រាប់ឆ្នាំនេះនៅកម្រិត ៣,០% និងឆ្នាំក្រោយនៅកម្រិត ៤,០%។ ឱនភាពពាណិជ្ជកម្មអន្តរជាតិ ដែលមានភាពប្រសើរឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍ នឹងបន្តបង្រួម ឱនភាពគណនីចរន្ត។

ហានិភ័យសម្រាប់ទស្សនវិស័យនេះរួមមាន កំណើនសេដ្ឋកិច្ចខ្សោយនៃបណ្តាប្រទេសជឿនលឿន ការមកដល់នៃភ្ញៀវទេសចរនិងលំហូរវិនិយោគផ្ទាល់ពីបរទេសតិច ការអូសបន្លាយនៃការរឹតបន្តឹងស្ថានភាព ហិរញ្ញវត្ថុជាសកល ការកើនឡើងតម្លៃថាមពល ក្តីបារម្ភអំពីបំណុលឯកជនដែលមានកម្រិតខ្ពស់និងអំពី ស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និង អាកាសធាតុដែលកាន់តែអាក្រក់ដោយសារការប្រែប្រួលបរិយាកាស ផែនដី។

ការវិនិយោគលើគម្រោងរបស់ ADB នៅកម្ពុជាមានតម្លៃសរុប ២,៤ ពាន់លានដុល្លារ ហើយការផ្តល់ប្រាក់កម្ចីប្រចាំឆ្នាំជាមធ្យមពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២២ មានប្រមាណ ៣៥០ លានដុល្លារ។ ធនាគារអភិវឌ្ឍន៍អាស៊ីកំពុងរៀបចំយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសថ្មីរបស់ខ្លួនសម្រាប់ប្រទេសកម្ពុជាសម្រាប់ឆ្នាំ ២០២៤-២០២៨។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិងប៉ាស៊ីហ្វិក៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

Phnom Penh, Cambodia – January 24, 2015: Local people shop in a traditional market in Phnom Penh, Cambodia capital city.
×