រាជធានីតូក្យូ៖ ជប៉ុន បានដេកលង់លក់យ៉ាងសុខស្រួល នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍ ក្រោយការចាញ់សង្គ្រាមលោកលើកទី២ នាដំណាក់កាលចុងក្រោយ ប៉ុន្ដែការបង្កើនឥទ្ធិរបស់មហាអំណាចរបស់ចិន និង ការបាញ់មីស៊ីលអន្ដរទ្វីបឥតឈប់ឈររបស់កូរ៉េខាងជើង បង្កការគំរាមកំហែងដល់សន្ដិសុខ នៅក្នុងតំបន់ ទើបប្រទេសមហាអំណាចសេដ្ឋកិច្ចអាស៊ីបូព៌ាមួយនេះ បង្កើនកម្លាំងយោធាយ៉ាងលឿនបំផុត រហូតធ្វើឲ្យប្រជាជនរបស់ខ្លួន ព្រួយបារម្ភយ៉ាងខ្លាំង។

សារព័ត៌មាន CNA មានមូលដ្ឋាន នៅក្នុងប្រទេសសិង្ហបុរី បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ថា លោកអភិបាលអូគីណាវ៉ា បានអះអាង អំពីការបង្កើនកម្លាំងយោធាយ៉ាងឆាប់រហ័សរបស់ជប៉ុន។ បញ្ហានេះ កំពុងតែធ្វើឲ្យអ្នកស្រុករស់នៅលើដែនកោះមួយនេះ មានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះតំបន់នេះ នៅជិតនឹងកោះតៃវ៉ាន់។ បញ្ហាបានតានតឹងរួចមកហើយ រវាងតំបន់នេះ និង រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្ដី ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) ស្ថិតនៅរាជធានីតូក្យូ។
លោក ហ៊្វូមីអូ គីស៊ីដា នាយករដ្ឋមន្រ្ដីជប៉ុន កាលពីខែធ្នូ ឆ្នាំ២០២២ បានបង្ហាញនូវផែនការមួយដើម្បីបង្កើនការចំណាយ លើវិស័យការពារជាតិរបស់ជប៉ុន ដោយកើនឡើងទ្វេដង នៅក្នុងរយៈពេល៥ឆ្នាំ ដោយមានគោលបំណង រារាំងដល់ក្រុងប៉េកាំង ប្រើប្រាស់កម្លាំងយោធា ប្រឆាំងនឹងកោះតៃវ៉ាន់។

មន្រ្ដីជាន់ខ្ពស់របស់គណបក្ស ដែលកំពុងតែគ្រប់គ្រងអំណាច នៅជប៉ុន បានចាត់ទុក ថា ការវាយប្រហារ ទៅលើកោះតៃវ៉ាន់ គឺជាការគំរាមកំហែង មកដល់ទឹកដីរបស់ខ្លួន។ ដូច្នេះ ជប៉ុន និង សម្ពន្ធមិត្ត ក៏នឹងអាចមិនឱបដៃ ឈរមើលពីចម្ងាយនោះដែរ។ ការលើកឡើងបែបនេះ កំពុងតែធ្វើឲ្យមានការព្រួយបារម្ភ ដល់ប្រជាជនជប៉ុន រស់នៅតាមដែនកោះនានា នៅជិតតៃវ៉ាន់ ព្រោះភ័យខ្លាចការប៉ះទង្គិចគ្នាណាមួយ ជាមួយនឹងកងទ័ពចិន។
ដោយឡែកការសាងសង់មូលដ្ឋានទ័ព ភាគច្រលន នឹងស្ថិតនៅកោះអូគីណាវ៉ា ហើយវាបានក្លាយជាជម្លោះមួយ ជាមួយរដ្ឋាភិបាលកណ្តាល អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ សម្រាប់អនុញ្ញាតឱ្យមានវត្តមានយោធាអាមេរិក នៅទីនោះ៕ រក្សាសិទ្ធដោយ ៖ សារាយSN













