ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញផ្សាយនៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងណាក្តី ក៏រំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) នៅកម្ពុជា មានកំណើនខ្ពស់ ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទីមួយ ឆ្នាំ២០២៣ បើធៀបនឹង០,៤% នៅឆ្នាំ២០២២។
វិស័យកសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក។ ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿន ក្នុងអត្រា ៤១,៥%។
ដោយឡែកអនុវិស័យកម្មន្តសាល មិនមែនកាត់ដេរ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ ១១,៧% ដូចការរំពឹងទុក ដែលគាំទ្រភាគច្រើន ដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ស្របពេលដែលរំហូរ នៃការវិនិយោគផ្ទាល់ពីបរទេស ក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា១៧២%។
គួរបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅ គោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការ និងដំណើរវិវត្តជារួម នៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា សម្រាប់ឆ្នាំ ២០២៣ ដើម្បីជាមូលដ្ឋាន ដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់ របស់រាជរដ្ឋាភិបាល៕