រដ្ឋធានីវ៉ាស៊ីនតោន៖ បណ្ដាមេដឹកនាំមហាប្រទេសធំៗ ចំនួន៥ នៅលើពិភពលោក រួមមាន ប្រេស៊ីល (Brazil) រុស្ស៊ី (Russia) ឥណ្ឌា (India) ចិន (China) និង អាហ្វ្រិកខាងត្បូង (South Africa) បានផ្ដួចផ្ដើមគំនិត ចងក្រងគ្នា បង្កើតជាប្លុកថ្មីមួយ ហៅ BRICS (ប៊្រីកស៍) នៅក្នុងគោលបំណង ផ្ដោតយ៉ាងខ្លាំងលើសេដ្ឋកិច្ច និង ការបន្ថោក ឬ លែងប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ប៉ុន្ដែរហូតមកដល់ពេលនេះ រូបិយប័ណ្ណមួយនេះ នៅតែបន្ដឡើងថ្លៃ ខណៈទីផ្សារភាគហ៊ុនរបស់អាស៊ី កំពុងតែធ្លាក់ចុះ។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២២ ខែកញ្ញា ថា ទីផ្សារភាគហ៊ុនអាស៊ី បានធ្លាក់ចុះ កាលពីថ្ងៃព្រហស្បតិ៍ (ទី២១ ខែកញ្ញា) ហើយតម្លៃប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃ ក្រោយពេលធនាគារបម្រុងរបស់សហព័ន្ធន៍ បានបង្ហាញ ថា ធនាគារ អាចនឹងដំឡើងអត្រាការប្រាក់ម្តងទៀត នៅឆ្នាំ២០២៣ និង រក្សាឱ្យតម្លៃប្រាក់ដុល្លារឡើងថ្លៃ រយៈពេលយូរ ជាជាងការភ័យខ្លាច អំពីផលពិបាក នៅក្នុងការកើនឡើងអតិផរណា។
ក្រុមអ្នកវិភាគ បានយល់ឃើញ ថា សហរដ្ឋអាមេរិក ជាមហាអំណាចសេដ្ឋកិច្ចលេខ១របស់ពិភពលោក នៅតែមានស្ថានភាពមិនល្អ ហើយទីផ្សារការងារបង្ហាញពីសញ្ញាតិចតួច នៃភាពបន្ទន់។ មន្ត្រីធនាគារកណ្តាល ហាក់បីដូចជាមានទំនុកចិត្ត ថា ធនាគារមានជម្រើសគ្រប់គ្រាន់ សម្រាប់ការរឹតបន្តឹងគោលនយោបាយបន្ថែមទៀត ដោយមិនបង្កឱ្យមានវិបត្តិសេដ្ឋកិច្ច។

កិច្ចប្រជុំរបស់ប្រព័ន្ធធនាគារបម្រុងសហព័ន្ធន៍ ដែលជាប្រព័ន្ធធនាគារកណ្ដាលសហរដ្ឋអាមេរិក ( Fed) មានការរំពឹងទុកច្រើន ត្រូវបានបញ្ចប់ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ជាមួយនឹងការចំណាយលើការខ្ចីប្រាក់ បានធ្វើឡើង នៅក្នុងកម្រិតខ្ពស់ នៅក្នុងរយៈពេល២ទសវត្សរ៍ ដូចអ្វីដែលបានរំពឹងទុក។ ប៉ុន្តែការណែនាំ អំពីគោលដៅរបស់ក្រុមប្រឹក្សាភិបាលនេះ ចំពោះអត្រាការប្រាក់ នាពេលអនាគត ដោយបានគូសបញ្ជាក់ អំពីការបន្ធូរបន្ថយមួយចំនួនផ្សេងទៀត។
លោក ចេរ៉ូម ផៅវ៉ែល (Jerome Powell) ប្រធាន Fed បានប្រាប់ដល់ក្រុមអ្នកកាសែត អំពីការសម្រេចចិត្តដំឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិក ថា «យើងត្រូវតែរៀបចំ ដំឡើងអត្រាការប្រាក់បន្ថែមទៀត ប្រសិនបើសមស្រប ហើយយើងមានបំណងរក្សានូវគោលនយោបាយ នៅក្នុងកម្រិតមួយ រហូតដល់ពេលយើងជឿជាក់ ថា អតិផរណា កំពុងតែប្រែប្រួលប្រកបដោយនិរន្តរភាព តាមគោលគោលដៅរបស់យើង»។
ដោយឡែក សន្ទស្សន៍នៃទីផ្សារភាគហ៊ុនសំខាន់ៗចំនួន៣ នៅ Wall Street បានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារតែទីផ្សារភាគហ៊ុន Nasdaq បានធ្លាក់ចុះជាង១ភាគរយ ព្រោះតែបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យា ជាច្រើន បានរងការប៉ះទង្គិច ដោយសារការចំណាយ លើការខ្ចីប្រាក់កើនឡើងខ្ពស់។

ស្របគ្នានេះដែរ ទីផ្សារភាគហ៊ុនរបស់អាស៊ី ក៏បានធ្លាក់ មានដូចជា តូក្យូ ហុងកុង សៀងហៃ ស៊ីដនី សេអ៊ូល បុមបៃ ហ្សាការតា សិង្ហបុរី និង តៃប៉ិ ជាដើម។ រីឯទីផ្សារទាំងនោះ បានវិលត្រឡប់ មកផ្តោតលើធនាគារកណ្តាលជប៉ុន នៅមុនកិច្ចប្រជុំរបស់ខ្លួន នៅថ្ងៃសុក្រ (ទី២២ ខែកញ្ញា) ខណៈក្រុមមន្ត្រីជាច្រើន បាននិយាយ កាលពីពេលថ្មីៗនេះ ថា ពួកគេកំពុងតែតាមដានយ៉ាងជិតដិតដល់ លើទីផ្សារ Forex ដែលជំរុញឱ្យមានការរំពឹងទុក ថា ពួកគេនឹងធ្វើអន្តរាគមន៍ ដើម្បីការពារប្រាក់យ៉េនរបស់ជប៉ុន ប្រសិនបើវាបន្តធ្លាក់ចុះ។
តម្លៃប្រេង បានបង្កើនទប់ទល់នឹងការខាតបង់ ប្រចាំសប្តាហ៍ លើការរំពឹងទុក អំពីអត្រាការប្រាក់របស់សហរដ្ឋអាមេរិក កើនឡើងខ្ពស់ ខណៈប្រាក់ដុល្លារ កាន់តែឡើងថ្លៃ សម្រាប់អតិថិជនប្រើប្រាស់រូបិយប័ណ្ណរបស់ប្រទេសផ្សេងៗទៀត។
ការធ្លាក់ថ្លៃ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ បានធ្វើឲ្យមានការកើនឡើងតម្លៃទំនិញ ដោយបានមើលឃើញ ចាប់តាំងពីប្រទេសរុស្ស៊ី អារ៉ាប៊ីសាអូឌីត និង អង្គការ OPEC បានប្រកាស អំពីការកាត់បន្ថយទិន្នផលប្រេង អាចនឹងកើតឡើង រហូតដល់ចុងឆ្នាំ។

ដោយឡែក ប្រទេសរុស្ស៊ី និង ចិន ចាប់ដៃជាមួយនឹងប្រទេសឥណ្ឌា ប្រេស៊ីល និង អាហ្រ្វិកខាងត្បូង ដើម្បីបង្កើតប្លុកថ្មីមួយ ដោយប្រើប្រាស់អក្សរកាត់របស់ប្រទេសធំៗទាំង៥នេះ មកជាឈ្មោះ «BRICS»។ ប្លុកប្រ៊ីកនេះ មានគោលបំណងយ៉ាងសំខាន់ ផ្ដោតលើការអភិវឌ្ឍសេដ្ឋកិច្ច និង កាត់បន្ថយ ឬលែងពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ដោយយករូបិយប័ណ្ណក្នុងស្រុក មកប្រើប្រាស់ជំនួស សម្រាប់ដោះដូរ ឬ ទូទាត់តម្លៃទំនិញ នៅក្នុងការធ្វើពាណិជ្ជកម្ម នៅក្នុងប្លុករបស់ពួកគេ។
បើតាម Statista បានឲ្យដឹង ថា BRICS មានប្រជាជន សរុប ៣,២ពាន់លាននាក់ ឬស្មើនឹង៤០ភាគរយ នៃចំនួនប្រជាជន នៅលើពិភពលោក។ ប៉ុន្ដែប្លុកមួយនេះ មានផលិតផលក្នុងស្រុកសរុប (GDP) មានត្រឹមតែ២៧,៦ពាន់ពាន់លានដុល្លារអាមេរិក ($27.6 trillion in 2023) នៅឆ្នាំ២០២៣ ឬស្មើនឹងប្រហែល២៦,៣ នៃ GDP សរុបរបស់ពិភពលោក ហើយវាមានចំនួនច្រើន GDP របស់សហរដ្ឋអាមេរិក តែបន្ដិចបន្ដួចតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្លុក G7 របស់លោកសេរី រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អីតាលី ជប៉ុន ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក មានប្រជាជន សរុបត្រឹមតែប្រហហែល៧៧០លាននាក់ ឬស្មើនឹងប្រហែល ត្រឹមតែ១០ភាគរយប៉ុណ្ណោះ នៃប្រជាជនសរុបរបស់ពិភពលោក។ ប៉ុន្ដែប្លុក G7 នេះ មានផលិតផលក្នុងស្រុកសរុប ៤៥,៩ពាន់ពាន់លានដុល្លារអាមេរិក (45.9 trillion U.S. dollars) ឬស្មើនឹងប្រហែល ៤០ភាគរយ នៃ GDP សរុបរបស់ពិភពលោក។
ក្រុមអ្នកជំនាញមួយចំនួន បានផ្ដល់ជាទស្សនៈផ្ទាល់ខ្លួន ថា ប្លុក G7 ជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនបំផុត នៅលើពិភពលោក និង ប្រកាន់យកនូវគោលការណ៍ប្រជាធិបតេយ្យសេរី ហើយមានសម្ពន្ធមិត្ត សុទ្ធតែប្រទេសរីកចម្រើនខាងសេដ្ឋកិច្ច។ ផ្ទុយស្រឡះពីប្លុក BRICS គឺមានសម្ពន្ធមិត្តមួយចំនួន ជាប្រទេសមានសេដ្ឋកិច្ច នៅមិនទាន់រឹងមាំខ្លាំងនៅឡើយ ហើយសូម្បីតែ GDP របស់សហរដ្ឋអាមេរិក ត្រឹមតែមួយប្រទេស មានទំហំប្រហាក់ប្រហែលនឹង GDP របស់ BRICS ទៅហើយ។ អ៊ីចឹង ការចង់ធ្វើឲ្យប្រាក់ដុល្លារថោកខ្លាំង ឬ ការលែងទទួលយកប្រាក់ដុល្លារ ពិតជារឿងពិបាកបំផុត៕ រក្សាសិទ្ធដោយ ៖ សារាយSN











