រាជធានីបាងកក៖ បច្ចុប្បន្ន អតីតនាយករដ្ឋមន្រ្ដីដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសថៃ កំពុងតែជាប់ពន្ធនាគារ ក្រោយការវិលត្រឡប់ មកដល់ប្រទេសកំណើតវិញភ្លាមៗ ប៉ុន្ដែមន្រ្ដីជាន់ខ្ពស់របស់ប្រទេសអាស៊ានមួយនេះ បានអះអាង ថា លោក ថាក់ស៊ីន នឹងអាចធ្វើជាទីប្រឹក្សារបស់រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ។
គេហទំព័រ នៃបណ្ដាញទូរទស្សន៍របស់សិង្ហបុរី CNA បានផ្សាយ កាលពីរាត្រី ថ្ងៃសុក្រ ទី២២ ខែកញ្ញា ថា អតីតនាយករដ្ឋមន្រ្ដី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ដែលកំពុងតែជាប់ពន្ធនាគារ នឹងអាចក្លាយជាទីប្រឹក្សារបបស់រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ។ ការលើកឡើងបែបនេះ ទំនងជានឹងហុចដៃ ដល់ក្រុមអ្នករិះគន់របស់មហាសេដ្ឋី វ័យ៧៤ឆ្នាំ រូបនេះផងដែរ។

អតីតនាយករដ្ឋមន្រ្ដីថៃ លោក ថាក់ស៊ីន បានរស់នៅក្រៅប្រទេស ដោយការនិរទេសខ្លួន ដោយខ្លួនឯង អស់រយៈពេលជាង១៥ឆ្នាំ ក្រោយអំពើរដ្ឋាភិបាលយោធា បានបណ្ដេញគាត់ ចេញពីតំណែងជានាយករដ្ឋមន្រ្ដីថៃ នៅក្នុងអំឡុងឆ្នាំ២០០៦។ ប៉ុន្ដែគាត់ទើបនឹងបានវិលត្រឡប់មកដល់ប្រទេសថៃវិញ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣
ប៉ូលិស បានបញ្ជូនលោក ថាក់ស៊ីន ទៅកាន់ពន្ធនាគារភ្លាមៗ ក្រោយពេលគាត់បានចុះមកជាន់ទឹកដីកំណើតរបស់គាត់ ហើយប៉ុន្មានម៉ោងក្រោយមក តុលារការ បានកាត់ទោសគាត់ដាក់ពន្ធនាគារ រយៈពេល៨ឆ្នាំ ក្រោមការចោទប្រកាន់ជាប្រវត្ដិសាស្រ្ដ ពីបទរំលោកអំណាច និង ជម្លោះផលប្រយោជន៍…ជាដើម។ ក្រោយពេលលោក ថាក់ស៊ីន ជាប់ពន្ធនាគារ ត្រឹមតែរយៈពេលដ៏ខ្លីបំផុត ក៏ត្រូវបានព្រះមហាក្សត្រថៃ ផ្ដល់ព្រះរាជទានបន្ធូរបន្ថយទោសរបស់គាត់ មកនៅជាប់ពន្ធនាគារ ត្រឹមតែរយៈពេល១ឆ្នាំ។
លោកក ស្រេតថា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្ដីថ្មីរបស់ប្រទេសថៃ ដែលបានចេញមកពីគណបក្សភឿថៃ (Thai Party) ដែលបានបង្កើតឡើង ដោយលោក ថាក់ស៊ីន បានបញ្ជាក់ កាលពីដើមសប្ដាហ៍នេះ ថា នាយករដ្ឋមន្រ្ដី ធ្លាប់ជាប់ឆ្នោត ចំនួន២អាណត្ដិ អាចនឹងនៅតែបម្រើប្រទេសជាតិបន្ដទៅមុខទៀត។

ជាមួយគ្នានេះដែរ លោក ភូមថាម វេចាយ៉ាឆៃ (Phumtham Wechayachai) ឧបនាយករដ្ឋមន្រ្ដីថៃ បានបញ្ជាក់ កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា) ថា គាត់បានគាំទ្រ ដល់គំនិតផ្ដួចផ្ដើមមួយ ចំពោះវត្ដមានរបស់លោក ថាក់ស៊ីន អាចនឹងក្លាយជាទីប្រឹក្សារបស់រដ្ឋាភិបាលថ្មីនេះ។
លោកឧបនាយករដ្ឋមន្ដ្រីថៃ ភូមថាម វេចាយ៉ាឆៃ បានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅក្នុងវិមានរដ្ឋាភិបាល ថា «វានឹងជារឿងល្អ ប្រសិនបើលោក ថាក់ស៊ីន យល់ព្រមមកធ្វើជាទីប្រឹក្សារបស់រដ្ឋាភិបាលថៃ ពីព្រោះគាត់មានបទពិសោធន៍ អស់រយៈពេល៦ឆ្នាំ នៅក្នុងរដ្ឋាភិបាល ដឹកនាំប្រទេសឲ្យមានកំណើនសេដ្ឋកិច្ចខ្ពស់។ សកម្មភាពនេះ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសជាតិ ថែមទៀតផង»។
ដោយឡែកប្រភពព័ត៌មាន មកពីគណបក្សមួយទៀត បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានAFP ថា រដ្ឋាភិបាលចម្រុះថ្មីរបស់ប្រទេសថៃ ដឹកនាំដោយគណបក្សភឿថៃ គ្រោងនឹងពិភាក្សាគ្នា ជាមួយនឹងលោកមហាសេដ្ឋី ថាក់ស៊ីន ក្រោយពេលគាត់ ត្រូវបានតុលាការដោះលែង ចេញពីពន្ធនាគារ។

លោកក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្ដីថ្មីរបស់ថៃ បានបញ្ជាក់ ថា លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្រ្ដីថៃ ធ្លាប់ដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចមួយ «Thaksinomics» នៅដើមទសវត្សរ៍ ឆ្នាំ២០០០។ គោលនយោបាយរបស់គាត់ ត្រូវបានគេមើលឃើញ អំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ បានស្ទុះឡើងយ៉ាងឆាប់រហ័ស ហើយករណីនេះ នឹងអាចជួយដល់ប្រទេសជាតិបាន ខណៈរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ កំពុងតែស្វះស្វែងរកការជំរុញសេដ្ឋកិច្ច ឲ្យមានកំណើនស្ទុះទៅមុខ រហូតដល់៥ភាគរយ នៅក្នុងមួយឆ្នាំ។
លោកក ស្រេតថា ថាវីស៊ីន នាយករដ្ឋមន្រ្ដី បានថ្លែងទៅកាន់បណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក Bloomberg នៅក្នុងបទសម្ភាសន៍មួយ នៅខាងក្រៅមហាសន្និបាតរបស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថា «ខ្ញុំជឿ ថា លោក ថាក់ស៊ីន មានតម្លៃខ្លាំង នៅក្នុងកម្លាំងជួយជំរុញបន្ថែម ដល់រដ្ឋាភិបាល និង ប្រជាជាតិថៃ ហើយគាត់ប្រហែលជានឹងនៅតែជានាយករដ្ឋមន្រ្ដីដ៏មានប្រជាប្រិយភាព នៅក្នុងប្រវត្ដិសាស្រ្ដនយោបាយរបស់ប្រទេសថៃ»។
ថ្វីបើលោក ថាក់ស៊ីន នឹងនៅតែជាទីស្រឡាញ់របស់ប្រជាពលរដ្ឋថៃ មានចំនួនរាប់លាននាក់ ដោយសារតែការបង្កើតប្រាក់ចំណូល នៅតាមទីជនបទ ឲ្យមានភាពល្អប្រសើរឡើង ក៏ពិតមែន ប៉ុន្ដែគាត់ក៏ក្លាយជាឥស្សរជនមួយរូប ជំរុញឲ្យប្រជាជនថៃ មានការប្រេះឆាគ្នាយ៉ាងខ្លាំងផងដែរ។

ជាមួយនឹងប្រជាប្រិយភាពដ៏ខ្លាំងក្លារបស់លោក ថាក់ស៊ីន បានធ្វើឲ្យក្រុមឥស្សរជនរាជានិយម និង អ្នកគាំទ្រយោធានិយមរបស់ប្រទេសថៃ ខឹងសម្បា និង ជេរប្រមាថយ៉ាងខ្លាំង ប្រឆាំងនឹងគាត់ អស់រយៈពេលជាយូរមកហើយដែរ។ ក្រុមអ្នកនយោបាយជាច្រើនរបស់ប្រទេសថៃ បានលាបពណ៌ដាក់គ្នា នៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់អង្គការជាច្រើន ដើម្បីរក្សាឲ្យលោក ថាក់ស៊ីន និង សម្ពន្ធមិត្តរបស់គាត់ ចាកចេញពីអំណាច។
ក្រោយការជាប់ពន្ធនាគារ ត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ លោក ថាក់ស៊ីន ត្រូវបានសមត្ថកិច្ចថៃ ផ្ទេរទៅកាន់បន្ទប់ឯកជនមួយ ស្ថិតក្នុងមន្ទីរពេទ្យប៉ូលិស ដោយសារតែបញ្ហាសុខភាពរបស់គាត់ ចុះខ្សោយ។ ប៉ុន្ដែបើតាមលោកស្រី ផេថុងថាន ជាកូនស្រីរបស់លោក ថាក់ស៊ីន បានអះអាង ថា ឪពុករបស់លោកស្រី បានទទួលការវះកាត់ កាលពីសប្តាហ៍មុន។
ជាមួយគ្នានេះ មានពាក្យចចាមអារ៉ាមមួយ បានលេចឡើង អំពីកិច្ចព្រមព្រៀងយ៉ាងសម្ងាត់មួយ រហូតនាំឲ្យមានការបន្ធូរបន្ថយទោសដល់លោក ថាក់ស៊ីន ជាថ្នូរនឹងបក្សភឿថៃ រួមទាំងគណបក្សគាំទ្រយោធា បានរួបរួមគ្នា នៅក្នុងសម្ពន្ធភាពរបស់រដ្ឋាភិបាលចម្រុះថ្មីនេះ ផងដែរ៕ រក្សាសិទ្ធដោយ ៖សារាយSN












