Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តអាស៊ីបូព៌ា ចាប់ផ្ដើមភ័យ អំពីទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង

រដ្ឋធានីវ៉ាស៊ីនតោន៖ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង ជប៉ុន កំពុងតែលើកឡើង អំពីការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញកិច្ចសហប្រតិបត្ដិការយោធា រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងព្យុងយ៉ាង ក្រោយដំណើរទស្សនកិច្ចរបស់មេដឹកនាំផ្ដាច់ការកូរ៉េខាងជើង។

ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ដោយដកស្រង់សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងត្បូង បានអះអាង កាលពីព្រឹក ថ្ងៃសៅរ៍ ថា លោក អេនតូនី ប៊្លីនខេន (Antony Blinken) រដ្ឋមន្រ្ដី ក្រសួងការបរទេស សហរដ្ឋអាមេរិក និង សមភាគីជប៉ុន ហើយ កូរ៉េខាងត្បូង បានសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញការពិភាក្សា អំពីកិច្ចសហប្រតិបត្ដិការយោធា រវាងប្រទេសរុស្ស៊ី និង កូរ៉េខាងជើង ដោយរាប់បញ្ចូលទាំងការធ្វើពាណិជ្ជកម្មនូវគ្រឿងសព្វាវុធ ផងដែរ។

ក្រសួងការបរទេសកូរ៉េខាងត្បូង បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា លោកប្រមុខការទូត ប៊ិលនខេន , លោក ផាក ជិន (Park Jin) រដ្ឋមន្រ្ដីក្រសួងការបរទេសកូរ៉េខាងត្បូង និង សមភាគីជប៉ុន លោកស្រី យ៉ូកូ កាមីកាវ៉ា (Yoko Kamikawa) បានព្រមព្រៀងគ្នា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពណាមួយ គំរាមកំហែងដល់សន្ដិសុខក្នុងតំបន់ រំលោភបំពានលើដំណោះស្រាយ នៃក្រុមប្រឹក្សាសន្ដិសុខ អង្គការសហប្រជាជាតិ (UNSC) នៅក្នុងកិច្ចប្រជុំខ្លីមួយ កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា)។

លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានធ្វើដំណើរបំពេញទស្សនកិច្ច រយៈពេលវែង នៅក្នុងប្រទេសរុស្ស៊ី កាលពីសប្ដាហ៍កន្លងទៅនេះ។ លោ គីម បានជួបជាមួយនឹងលោកប្រធានាធិបតី វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយបានពិភាក្សា អំពីកិច្ចសហប្រតិបត្ដិការយោធា រវាងប្រទេសទាំង២។

ក្រុមមន្ត្រីអាមេរិក និង កូរ៉េខាងត្បូង បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ថា ជំនួបកំពូលរបស់មេដឹកនាំកូរ៉េខាងជើង និង រុស្ស៊ី មានគោលបំណងអនុញ្ញាតឱ្យក្រុងមូស្គូ ទទួលបានគ្រាប់រំសេវ មកពីក្រុងព្យុងយ៉ាង សម្រាប់បំពេញបន្ថែមដល់ឃ្លាំងគ្រាប់របស់ខ្លួន ដែលបានថយចុះ សម្រាប់បង្កើនកិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង នៅអ៊ុយក្រែន។

ជាមួយគ្នានេះ លោក យូន ស៊ុក យូល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា «ប្រសិនបើរុស្ស៊ីជួយកូរ៉េខាងជើង បង្កើនកម្មវិធីអាវុធរបស់ខ្លួន ជាថ្នូរនឹងជំនួយ សម្រាប់សង្គ្រាមរបស់ក្រុងមូស្គូ នៅអ៊ុយក្រែន នោះនឹងបង្កហេតុដោយផ្ទាល់ ហើយក្រុងសេអ៊ូល និង សម្ពន្ធមិត្ត ក៏នឹងមិនសុខចិត្តឱបដៃ ឈរនៅស្ងៀមនោះដែរ»៕ រក្សាសិទ្ធដោយ ៖ សារាយSN

×