Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែន វាយទម្លុះខ្សែការពារដ៏រឹងមាំរបស់រុស្ស៊ី នៅតំបន់ភាគខាងត្បូង

រដ្ឋធានីកៀវ៖ នៅក្នុងយុទ្ធនាការវាយលុករបស់រដ្ឋាភិបាលក្រុងកៀវ អស់រយៈពេលជាច្រើនខែកន្លងមកនេះ ថ្វីត្បិតតែមិនលឿន ដូចការគ្រោងទុកក៏ពិតមែន ប៉ុន្ដែកងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នៅតែមានលទ្ធភាព បន្ដវាយលុកទម្លុះខ្សែត្រៀមការពាររបស់រុស្ស៊ី។

ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ថា កម្លាំងការពាររបស់អ៊ុយក្រែន បានវាយទម្លុះខ្សែត្រៀមការពាររបស់រុស្ស៊ី នៅវើរបូវ (Verbove) ស្ថិតក្នុងតំបន់ហ្សាប៉ូរីសហ្សា (Zaporizhzhia) នាភាគខាងត្បូងរបស់ប្រទេសអឺរ៉ុបខាងកើតមួយនេះ។

លោកឧត្ដមសេនីយ៍ អូឡេកសាន់ដឺរ តាណាវស្គី (Oleksandr Tarnavskyi) មេបញ្ជាការ នៃក្រុមយុទ្ធសាស្រ្ដកងទ័ពតាវរៀ (Tavria) បានប្រាប់ នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញទូរទស្សន៍របស់សហរដ្ឋអាមេរិក CNN ថា នៅជិត Verbove យើងបានទម្លុះខ្សែត្រៀមការពាររបស់រុស្ស៊ី។ បើទោះជាយ៉ាងណា គាត់ទទួលស្គាល់ ថា កងទ័ពរបស់គាត់កំពុងតែវាយរុលទៅមុខជាយឺតៗ ជាងការរំពឹងទុក។

លោកឧត្ដមសេនីយ៍ ជឿ ថា នៅក្នុងរដូវរងាខាងមុខ ជឿ ថា ការវាយលុករបស់កងទ័ពការពារទឹកដីរបស់អ៊ុយក្រែន នឹងមិនបានបន្ធូរបន្ថយនោះឡើយ ហើយការវាយបកទ្រង់ទ្រាយធំ នៅមិនទាន់មកដល់នៅឡើយ។

បើតាមអគ្កសេនាធិការកងទ័ពរបស់អ៊ុយក្រែន បានបង្ហោះ នៅលើតាមបណ្ដាញសង្គមហ្វេសប៊ុក កាលពីថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ថា នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ រុស្ស៊ី បានបាត់បង់ទាហាន ចំនួន៥១០នាក់ នៅលើសមរភូមិ។ ប៉ុន្ដែបើគិត ចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ រុស្ស៊ី បានបាត់បង់ទាហាន នៅលើសមរភូមិ ចំនួន ២៧៥ ៤៦០នាក់។

ប្រភពព័ត៌មានដដែល បានបន្ដថា ក្រៅតែពីការសម្លាប់ទាហានរុស្ស៊ី ជាង២៧ម៉ឺននាក់នោះ អ៊ុយក្រែន ក៏បានវាយប្រហារកម្ទេចគ្រឿងចម្បាំងជាច្រើន មានតម្លៃរាប់សិបពាន់លានដុល្លារ រួមមាន រថក្រោះ ចំនួន ៤ ៦៥៥គ្រឿង, រថពាសដែក ចំនួន ៨៩១២គ្រឿង, ប្រព័ន្ធកាំភ្លើងធំ ៦២១០គ្រឿង,ប្រព័ន្ធការពារដែនអាកាស ចំនួនគ្រឿ ៧៨៩គ្រឿង, យន្ដហោះចម្បាំង ចំនួន៣១៥គ្រឿង, ឧទ្ធម្ភាគចក្រ ចំនួន៣១៦គ្រឿង, ដ្រូន ចំនួន ៤៨៦៧គ្រឿង, មីស៊ីលគ្រូស ចំនួន ១៥១៨គ្រឿង, នាវាចម្បាំងតូចធំ ចំនួន២០គ្រឿង, នាវាមុជទឹក ចំនួន១គ្រឿង, រថយន្ដយោធានិង ដឹកប្រេងឥន្ធនៈ ចំនួន ៨ ៧១៦គ្រឿង និង គ្រឿងចក្រពិសេស ចំនួន៩១២គ្រឿង។

បើទោះជាយ៉ាងណា សេចក្ដីរាយការណ៍ទាំងនេះ គ្រាន់តែជាការអះអាងរបស់អ៊ុយក្រែន តែប៉ុណ្ណោះ ខណៈរុស្ស៊ី ក៏បានអួតអាង អំពីការសម្លាប់ទាហានអ៊ុយក្រែន ចំនួន ៦៦ ០០០នាក់ នៅក្នុងយុទ្ធនាការវាយលុករបស់រដ្ឋាភិបាលក្រុងកៀវ៕ រក្សាសិទ្ធដោយ ៖ សារាយSN

×